Friday, April 19, 2024
Homeបរិយាយចុះនរកសិន មុនឡើងឋានសួគ៌

ចុះនរកសិន មុនឡើងឋានសួគ៌

ដោយ អាចារ្យថាំ

ករណីពួកប្រឆាំងគ្រប់ជំនាន់ គ្រប់រជ្ជកាល ធ្វើការតស៊ូ គឺគ្មានបំណងអ្វីក្រៅពីចង់បានអំណាច និងទ្រព្យសម្បត្តិនោះទេ ប៉ុន្តែមុននឹងបានអំណាច បានទ្រព្យ ត្រូវរងគ្រោះដោយការចាប់ចង ដាក់គុកច្រវាក់ខ្នោះឃ្នាងជាមុនសិន។ លុះរួចពីទារុណកម្ម ក៏បានបុណ្យស័ក្តិខ្ពស់ត្រដែត ឬមធ្យម ទៅតាមតម្លៃនៃការតស៊ូនោះ មិនខុសពីរឿងជាតក ដែលតួអង្គ “ចុះនរកសិន មុន ឡើងឋានសួគ៌” ដែល “នគរធំ” សូមគាស់កកាយមកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។

បើគិតតាំងពីការបោះឆ្នោតអាណត្តិទី១ ឆ្នាំ១៩៩៣ រហូតដល់អាណត្តិទី៥ ឆ្នាំ២០១៣ យើងឃើញគណបក្សហ៊្វុន-ស៊ិនប៉ិច ដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ បានក្លាយជាតួអង្គប្រឆាំងដ៏សំខាន់នៅក្នុងសង្គម។ គណបក្សហ៊្វុន-ស៊ិនប៉ិច មានប្រភពចេញពី “ចលនាត្រីភាគី” លាយចម្រុះនាយទាហាន និងអ្នកនយោបាយខៀវ-ក្រហម ចម្រុះគ្នា ព្យាយាម តស៊ូដណ្តើមអំណាច រហូតបានសម្រេចនៅអាណត្តិទី១ ប៉ុន្តែដោយសារយុទ្ធសាស្ត្រនយោបាយទន់ខ្សោយពេក បានត្រឹមបែក បាក់គ្នារប៉ាត់រប៉ាយ លែងខ្លាំងដូចមុន។

មន្ត្រីហ៊្វុនស៊ិនប៉ិច ដែលរឹងរូស ដាក់វេនគ្នាជាប់គុកជាបន្តបន្ទាប់ លុះរួចទុក្ខទោស ក៏មានមួយចំនួនបានបុណ្យស័ក្តិលាភ-សក្ការៈតាមសមត្ថភាពនៃការប្រឹងប្រែងរបស់ខ្លួន។

ដូចគ្នានេះដែរ អតីតគណបក្សសង្គ្រោះជាតិ (CNRP) ក៏មានអ្នកតស៊ូជាប់គុកច្រវាក់ ប្រឆាំងនឹងបក្សកាន់អំណាច លុះ រួចទុក្ខទោស ក៏មានខ្លះបានបុណ្យស័ក្តិ ប្រាក់ខែ ប៉ុន្តែសម្រាប់លោក សម រង្ស៊ី និងលោកកឹម សុខា អតីតមេបក្សប្រឆាំង អាចថា “បុណ្យស័ក្តិទាបពេក មិនចង់បាន” ក៏ព្យាយាមតស៊ូទៅមុខទៀត ប្រឈមនឹងទោសទណ្ឌ។

រួចមកហើយ យើងឃើញថា គ្រាន់តែលោកសម រង្ស៊ី ធ្លាប់ត្រូវតុលាការកាត់ទោសប៉ុន្មានដងទៅហើយ តាំងពីករណី “ដកបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម” គាត់ត្រូវរត់ចោលស្រុក ៤ឆ្នាំ ទើបបានចូលមកវិញ មុនពេលបោះឆ្នោត និងមានលាភបានកៅអីតំណាងរាស្ត្រ ១ដែរ ក្នុងចំណោម ៥៥កៅអី។ ឥឡូវលោកសម រង្ស៊ី ត្រូវប្រឈមនឹងទោសទណ្ឌជា ច្រើនករណី ត្រូវជាប់គុកជាង ១០០ឆ្នាំ ប៉ុន្តែទណ្ឌិតនោះ មិនដែលបានភ្លក្សរសជាតិគុកព្រៃស ម្តងណាឡើយ។ ទោះជាគាត់ មានឈ្មោះថាទណ្ឌិត ក៏គាត់នៅតែបន្តការប្រឆាំង មិនដកថយ ធ្វើសកម្មភាពនៅក្រៅប្រទេស ដោយនៅសល់អ្នកគាំទ្រ គាត់មិនតិចទេ ស្តែងចេញតាមរយៈការជេរប្រទេចបក្សកាន់អំណាច (CPP) តាមបណ្តញ្កាសង្គម។

ដោយឡែក លោកកឹម សុខា ធ្លាប់ជាប់ពន្ធនាគារ ៣ដងហើយ គឺទី១ កាលគាត់នៅជាប្រធាន អង្គការសិទ្ធិមនុស្ស ហ៊ាន រិះគន់រដ្ឋាភិបាល រឿងព្រំដែន ក៏ត្រូវជាប់គុកព្រៃស ១៧ថ្ងៃ ទើបរួចវិញ។ លើកទី២ គាត់បង្ខាំងខ្លួនឯងក្នុងទីស្នាក់ការគណបក្ស ធំ នៅចាក់អង្រែ រយៈពេល ៦ខែ ពាក់ព័ន្ធរឿង “ស្រីមុំ”។ លើកទី៣ គាត់ត្រូវសមត្ថកិច្ចចាប់ខ្លួនទៅដាក់គុកត្រពាំងផ្លុង ពាក់ព័ន្ធ “សន្ទិដ្ឋភាពជាមួយបរទេស” និងនៅបន្តជាប់នីតិវិធីតុលាការ ជិត ៤ឆ្នាំហើយ អត់កាត់ទោស។

និយាយរួម មេប្រឆាំងទាំងពីរនេះ “ប្រឆាំងស្វិតស្វាញជាងគេ” ដោយគ្មានបំណងអ្វីក្រៅពី “ចង់ឱ្យមានការផ្លាស់ប្តូរ” គឺប្តូរសម្តេច ហ៊ុន សែន ចេញយកពួកគាត់មកដឹកនាំប្រទេសម្តង តែវាទៅអត់រួច បានត្រឹមជាប់គុក។ មានន័យថា “ចុះនរក សិន មុនឡើងឋានសួគ៌” ពោលគឺអ្នកនយោបាយណាដែលមិនធ្លាប់ជាប់គុក មិនអាចថ្ពក់យកតំណែងនាយករដ្ឋមន្ត្រី បាន ឡើយ។

យើងឃើញ “លោកផាម វ៉ាន់ដុង” ជនកម្មុយនីស្តវៀតណាម ធ្លាប់ត្រូវបារាំង ចាប់ដាក់គុកកោះត្រឡាច ជំនាន់ព្រះអាចារ្យ ហែម ចៀវ លោកប៊ុណ្ណ ច័ន្ទម៉ុល លុះរំដោះស្រុកទេសបាន ផាម វ៉ាន់ដុង ក៏ក្លាយជានាយករដ្ឋមន្ត្រីវៀតណាម ស្និទ្ធ ប្រធាន ហូ ជីមិញ។ លោកណែលសុន ម៉ង់ដេឡា អ្នកតស៊ូប្រឆាំងលទ្ធិអាប៉ាថេត អាហ្វ្រិកខាងត្បូង ត្រូវពួកអាណានិគមអង់គ្លេស ចាប់ដាក់គុក ជិត ៣០ឆ្នាំ ទីបំផុតបុរសដែលគេដាក់រហស្សនាមថា “រាជសីហ៍អាហ្វ្រិកខាងត្បូង” ជាប់ឆ្នោតជាប្រធានាធិបតី។

ទ្រឹស្តីពុទ្ធនិយមថា “ចុះនរកសិន មុនឡើងឋានសួគ៌” មានទឡ្ហីករណ៍ច្បាស់លាស់ណាស់ ដូចករណី “ទេវទត្ត” ព្យាយាម បំផ្លាញសាសនា ជាពិសេសការបំបែកសង្ឃ ឱ្យចែកជា២ពួក។ ទេវទត្ត ត្រូវជាបងថ្លៃរបស់ព្រះពុទ្ធ ចង់ដណ្តើមតំណែងជា ព្រះពុទ្ធ ក៏តស៊ូលួចធ្វើគុតព្រះបរមគ្រូ ដោយឡើងទៅលើភ្នំ ប្រមៀលដុំថ្មឱ្យសង្កត់ព្រះ និងធ្វើឱ្យព្រះបាទព្រះពុទ្ធ ពុរពងរង ព្រះលោហិត (កកឈាមត្រឹមមួយចម្អែតរុយ) ដែលកម្មអាក្រក់នេះ ទេវទត្តក៏ត្រូវព្រះធរណីស្រូប ធ្លាក់ទៅកើតនៅឋាន “អវិចីមហានរក” អស់ ១ពុទ្ធន្តរ (១ចន្លោះព្រះពុទ្ធ)។ តាមពុទ្ធព្យាករណ៍ថា នៅពេលរួចទុក្ខទោសពីនរក ទេវទត្ត នឹងបាន មកកើតជាមនុស្ស រួចបានត្រាស់ដឹងជា “ព្រះបច្ចេកពុទ្ធ” ១អង្គ បានបរិនិព្វាននៅអនាគតជាតិ។

យ៉ាងណាមិញ អ្នកនយោបាយប្រឆាំងសំខាន់ៗ ក៏មិនខុសពីទេវទត្ត បន្ទាប់ពីរងទុក្ខគ្រប់កំណត់កាល និងបានសម្រេច បំណងរបស់ខ្លួន ប៉ុន្តែឆាកជីវិតទេវទត្ត មានរយៈពេលរាប់ម៉ឺនសែនឆ្នាំ ផ្ទុយពីអ្នកនយោបាយ ត្រឹមតែ ១អាណត្តិ ២អាណត្តិ ប៉ុណ្ណោះ អាចមានសង្ឃឹម។

ពាក់ព័ន្ធដល់អ្នកនយោបាយប្រឆាំង ជាប់សំណាញ់ច្បាប់បានយូរនោះ លោកលិម គិមយ៉ា ជាមនុស្សស្និទ្ធលោកកឹម សុខា បានបង្ហោះសំណេរតាមហ្វេសប៊ុកថា “តុលាការនៅចាំបញ្ជាពីសម្តេចហ៊ុន សែន” ជាពិសេស លោកលិម គិមយ៉ា បានដក ស្រង់ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីថា “រឿងលោកកឹម សុខា មិនអាចចប់មុនឆ្នាំ២០២៤”។

ដូច្នេះទោះពិត ឬមិនពិតយ៉ាងណា ក៏ជោគវាសនាមេប្រឆាំងកឹម សុខា នៅក្នុងកណ្តាប់ដៃ CPP ប្រៀបដូចលោកផាម វ៉ាន់ដុង នៅក្នុងកណ្តាប់ដៃបារាំង ឬលោកណែលសុន ម៉ង់ដេឡា នៅក្នុងគំនាបអង់គ្លេស លុះត្រាតែមហាអំណាចអាណានិគម បន្ធូរដៃ ទើបមានសេរីភាព។

បើពិចារណាឱ្យហ្មត់ចត់មែនទែនទៅ ករណី CPP គាបលោកសម រង្ស៊ី និងលោកកឹម សុខា មិនឱ្យលោតចូលសង្វៀន នយោបាយបាននោះ គឺចង់ទុកឱ្យមេប្រឆាំងទាំងពីរ “ចាស់ជរាទុរន់ទុរា” មិនអាចធ្វើនយោបាយបាន ទើបគេដោះលែង។ បើសិនជាយ៉ាងនេះមែន អ្នកដឹកនាំ CPP ក៏សុទ្ធតែឈានដល់វ័យជរាដូចគ្នា ដែលបន្ទុកកាច់ចង្កូតនាវាកម្ពុជា ត្រូវធ្លាក់ទៅ យុវជន ឬទាយាទនយោបាយ ពុំដឹងថា “គេកាច់ចង្កួតទៅទិសណា?”។

ប្រវត្តិសាស្ត្រចារទុកយ៉ាងច្បាស់ថា “ព្រះបាទជយវរ្ម័នទី៧” ខ្លាំងណាស់ បានបង្ក្រាបចលនាបះបោរក្នុងប្រទេស ឱ្យរាបទាប ឈានទៅពង្រីកទឹកដីបានទូលំទូលាយ ក្លាយជាចក្រភពកម្ពុជទេស។ ផ្ទុយទៅវិញ “ព្រះបាទឥន្ទ្រវរ្ម័នទី២” ដែលជារាជបុត្រ ព្រះបាទជយវរ្ម័នទី៧ ទន់ខ្សោយណាស់ បណ្តាលឱ្យចក្រភពអង្គរ មិនល្បីដូចរជ្ជកាលព្រះបិតា។ រីឯ “ព្រះបាទចន្ទរាជា និង ព្រះបាទបរមិន្ទរាជា” ខ្លាំងណាស់ ជាស្ថាបនិកបន្ទាយលង្វែក សៀមនិងយួន ខ្លបខ្លាចព្រះចេស្តា។ លុះ “ព្រះបាទសត្ថាទី១” ជាបុត្រព្រះបរមិន្ទរាជា និងជាចៅព្រះចន្ទរាជា ខ្សោយបំផុត រហូតដល់សៀមវាយបែកបន្ទាយលង្វែក។ ដូច្នេះឆ្លៀតពេលរដ្ឋ- អំណាចចុះខ្សោយនេះហើយ ដែលអ្នកនយោបាយប្រឆាំងធ្លាប់ជាប់គុកច្រវាក់ អាចរើបម្រះដណ្តើមយកជ័យជម្នះបាន។ ស្រប តាមទ្រឹស្តីពុទ្ធនិយម “ចុះនរកសិន មុនឡើងឋានសួគ៌”។ ធម្មតាចរន្តនយោបាយ កាលបើឪពុក ដាច់ចរន្ត នៅសល់កូនតចរន្ត នោះប្រើវិញ អ៊ីចឹងទោះបីជាលោកសម រង្ស៊ី លោកកឹម សុខា ត្រូវ “CPP ផ្តាច់ចរន្ត” អាចនៅសល់កូនចៅ សហការី បន្ត ភ្លើងចរន្តនោះឡើងវិញ។ សរុបទៅ “ចុះនរកសិន មុនឡើងឋានសួគ៌” គ្រាន់តែជាបទបរិយាយបែបពុទ្ធនិយម បង្ហាញថា អ្នកនយោបាយ មានលិច មានអណ្តែត អ្វីៗវាមិនអមតៈទេ។ មានតែការយោគយល់ សម្របសម្រួលផ្សះផ្សា ទើបចៀសផុតពីគំនុំគុំកួនសងសឹក “ទឹក ឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី” ដែលទំព័រប្រវត្តិសាស្ត្រ ចារទុកយ៉ាងច្បាស់…”៕

RELATED ARTICLES