Thursday, March 28, 2024
Homeសេដ្ឋកិច្ចជាតិតំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អ្នក​ឧកញ៉ាឡេង ណាវ៉ាត្រា ចុះប្រមូលទិញផ្លែ មៀន​ផ្ទាល់ ខណៈលេចមុខព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ រួមដំណើរ

តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អ្នក​ឧកញ៉ាឡេង ណាវ៉ាត្រា ចុះប្រមូលទិញផ្លែ មៀន​ផ្ទាល់ ខណៈលេចមុខព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ រួមដំណើរ

បាត់ដំបង+ប៉ៃលិន៖ក្រោមការចង្អុលបង្ហាញនិងផ្តល់អនុសាសន៍ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា នៅព្រឹកថ្ងៃទី០៣ កញ្ញានេះ បានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទីផ្សារនៅ​ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ អ្នកជំនួញវ័យក្មេង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានប្រសាសន៍ថា ជាកិត្តិយស​ដ៏​ធំធេង​របស់​លោក ដែលបានរួមចំណែកជួយរំលែកការលំបាករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចុះ​មកប្រមូល​ទិញផ្លែមៀនពី​ប្រជា​ពល​​​រដ្ឋនាពេលនេះ។

មានសេចក្តីរាយការណ៍ជាច្រើនបានឲ្យដឹងថា ផ្លែមៀនប៉ៃលិន (តាង៉ែន) របស់ប្រជាពលរដ្ឋស្ថិត​នៅ​ក្នុង​ខេត្តបាត់ដំបង និង ខេត្តប៉ៃលិនត្រូវជាប់គាំងខ្វះទីផ្សារប្រមាណជាង ៥ម៉ឺនតោននៅក្នុងឆ្នាំ២០២១នេះ ដោយសារតែអាជ្ញា​ធរប្រ​ទេស​ថៃ បឹទការ​នាំចូល។ កាលពីដើមខែសីហា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រើថវិកាផ្ទាល់ខ្លួន​ប្រមូលទិញ​ផ្លែ​មៀន​ដែល​អាច​ប្រ​មូលផលបានម្តងមកហើយ​ដើម្បីសម្រួលកុំឱ្យប្រជាពលរដ្​ឋជាម្ចាស់ចម្ការមៀនខាតបង់​ថវិកាដែលបានវិនិយោគ​លើការ​ដាំ​ដុះនោះ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការ​បញ្ជា​ការដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែន បានចុះមកឈរជើងប្រមូលទិញផ្លែមៀន​នៅក្នុងខេត្តបាត់ដំបងអស់រយៈ​ពេល​ជិត​២០ថ្ងៃ។ ផ្លែមៀនដែលបានប្រមូលទិញ ក៏ត្រូវបានចាត់ចែងដឹកយកជូនមន្ត្រីរាជការនៅតាមក្រសួងស្ថាប័ន តាមខេត្ត ក៏​ដូច​ជាកងកម្លាំង ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ផងដែរ។ ទាក់ទងនឹងយុទ្ធនាការ​ប្រ​មូល​ទិញផ្លែមៀនប៉ៃលិននេះដែរ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានឲ្យដឹងថា ការប្រមូលទិញរយៈពេលជិត​២០​ថ្ងៃ​នោះ គឺប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋបានជិត ២ពាន់តោន។

ការប្រមូលទិញកាលពីជំហ៊ានទី១ មិនទាន់អស់នៅ​ឡើយ និងមានការស្នើសុំពីប្រជាពលរដ្ឋម្ចាស់ចម្ការផងនោះ ទើបរូប​លោកបានរាយការណ៍ និងគោរពស្នើសុំសម្តេចតេជោ​នាយ​ករដ្ឋមន្ត្រី ដើម្បីជួយទិញផ្លែមៀនបន្ត។ ទន្ទឹមនឹងនោះ ក្រោយ​ទទួលបានការស្នើសុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ​ឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាង​សម្តេច​ផ្ទាល់ចុះ​មកប្រមូលទិញផ្លែមៀននៅសេសសល់នេះ ហើយបើតាមការបញ្ជាក់​ពីអភិបាលខេត្តបាត់ដំបង ផ្លែមៀនដែល​ត្រូវប្រមូល​ទិញបន្តនេះ មានចំនួន៧ចម្ការ។ សូមបញ្ជាក់ថា ការប្រមូលទិញផ្លែមៀននេះ គឺទិញតែ​ពីប្រជា​ពលរដ្ឋជាម្ចាស់​ចម្ការដែល​មានជីវភាពខ្សត់ខ្សោយប៉ុណ្ណោះ។ ដោយឡែកម្ចាស់ចម្ការដែលមានជីវភាពធូរធា គឺមិនត្រូវ​បាន​ប្រមូលទិញនោះឡើយ ហើយ​មួយវិញទៀត មៀនរបស់អ្នកដែលមានចម្ការធំៗនោះ ក៏មិនទាន់​អាចប្រមូល​ផល​បាន​ផងដែរ។ ម្យ៉ាងការ​អន្តរាគមន៍នៅ​ពេល​នេះរបស់ប្រមុខរាជរដ្ឋាភិបាលនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងទិញផ្លែ​មៀនពីប្រជា​ពលរដ្ឋនាពេលនេះ បានជួយ​រំលែកការ​ខាត់បង់របស់ប្រជាពលរដ្ឋ និងជួយដោះទាល់របស់ពួកគាត់ផងដែរ។ ការអន្តរាគមន៍​របស់​សម្តេច​តេជោនាយករដ្ឋមន្ត្រី និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបង្ហាញឱ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់​របស់​សម្តេចតេជោ​ចំពោះប្រជា​ពល​រដ្ឋគ្រប់រូបនៅពេលជួបការលំបាក៕

RELATED ARTICLES