Friday, March 29, 2024
Homeបរិយាយដំណាងរាស្ត្រមិនដូចគ្នា

ដំណាងរាស្ត្រមិនដូចគ្នា

ដោយ អាចារ្យថាំ

ឃើញអ្នកវិភាគខ្លះបញ្ចោញទស្សនៈពាក់ព័ន្ធដល់តំណាងរាស្ត្រខ្មែរ ដែលមិនសូវសកម្ម មិនសូវឃើញចុះសួរសុខទុក្ខរាស្ត្រ ផ្ទុយពីតំណាងរាស្ត្រប្រទេសគេដែលកាន់លទ្ធិប្រជាធិបតេយ្យ។ ការរិះគន់នោះ “ត្រូវខ្លះ ខុសខ្លះ” បើយើងសិក្សាឱ្យច្បាស់ លាស់ពី “តំណាងរាស្ត្រមិនដូចគ្នា” ដោយហេតុថា ប្រព័ន្ធបោះឆ្នោត មាន ២យ៉ាង ឯរបៀបធ្វើការរបស់តំណាងរាស្ត្រ ក៏មាន ច្រក ២ដែរ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “តំណាងរាស្ត្រមិនដូចគ្នា” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។

លោកកន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល បានសរសេរនៅក្នុងបណ្តាញសង្គម ជាអាទិ៍ថា “តំណាងរាស្ត្រ ឬតំណាងបក្ស គ្មានលទ្ធភាពដោះស្រាយអ្វីជូនប្រជាពលរដ្ឋ” បន្ថែមពីលើនេះទៀត លោកសំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិក បានលើកឡើងថា “តួនាទីសំខាន់របស់តំណាងរាស្ត្រ គឺការឃ្លាំមើលនូវការអនុវត្តកិច្ចការ នានារបស់រាជរដ្ឋាភិបាល… ប៉ុន្តែសមាជិកសភា មិនបានឆ្លើយតបឱ្យបានពេញលេញនៅឡើយ”។

ដោយឡែក លោកឈាង វុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង មកពីបក្សកាន់អំណាច (CPP) បាននិយាយថា “លោកមិនចាប់អារម្មណ៍សោះឡើយទៅនឹងរបាយការណ៍ដែលចេញដោយអង្គការខុមហ្វ្រែលនេះ… តែងតែនិយាយមិន ល្អពីរាជរដ្ឋាភិបាលជានិច្ច”។

ក្តាប់បានពីករណីនេះ បើអ្នកធ្លាប់ឆ្លងកាត់របបសង្គមច្រើនជំនាន់ ទើបដឹងថា “តំណាងរាស្ត្រ មិនដូចគ្នា” ប៉ុន្តែតំណាង អង្គការខុមហ្វ្រែល និកហ្វិក អត់លើកពីអតីតកាលមកបង្ហាញ នាំឱ្យមានភាពខ្វះចន្លោះនៅក្នុងរបាយការណ៍របស់ខ្លួន។ ករណី លើកពី “បោះឆ្នោតបែបឯកត្តនាម និងសមាមាត្រ” រាស្ត្រដឹងជាទូទៅហើយ ប៉ុន្តែគួរយើងគាស់កកាយរបៀបបោះឆ្នោត កាលពីសម័យសង្គមរាស្ត្រនិយម មកបង្ហាញ ទើបច្បាស់លាស់ជាង ព្រោះក្មេងៗកើតមិនទាន់ ទាល់តែចាស់ៗចង្អុលប្រាប់។

អាចារ្យថាំ ធ្លាប់ឆ្លងកាត់ការបោះឆ្នោត កាលពីទសវត្សឆ្នាំ១៩៦០ ដែលកាលនោះ យើងទៅរៀនបឋមសិក្សា ទោះមិន ទាន់គ្រប់អាយុបោះឆ្នោត ក៏តាមដានពីរបៀបបោះឆ្នោត។ កាលនោះ វត្តអារាមនីមួយៗ ជាពិសេសនៅក្រោមកុដិ ឬក្នុង សាលាឆាន់ បានក្លាយជាវេទិកាឃោសនាបោះឆ្នោតសម្រាប់បេក្ខជនតំណាងរាស្ត្រ។

ជាទូទៅការបោះឆ្នោតតាម “ប្រព័ន្ធឯកត្តនាម” តម្រូវឱ្យបេក្ខជនតំណាងរាស្ត្រខ្លះ លក់ដីស្រែចម្ការ គោក្របី ដំរីសេះ ប្រមូលលុយទៅបម្រើការឃោសនាបោះឆ្នោត តាំងពីបោះពុម្ពខិត្តប័ណ្ណ រូបថត ចំណាយផ្សេងៗ អស់រាប់ម៉ឺនរៀល ដែល ជំនាន់នោះ លុយថ្លៃណាស់។ តំណាងរាស្ត្រឆ្លាត ក៏យកខ្សែភាពយន្ត ទៅបញ្ចាំងជូនរាស្ត្រទស្សនាកម្សាន្ត ខ្លះព្យាយាមជួសជុល ផ្លូវលំ ស្ពានឈើដែលបាក់បែកឱ្យល្អឡើងវិញ។

យើងដឹងថា លោកអាចារ្យស បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ឈ្នះឆ្នោត២អាណត្តិ ដោយសារប្រពន្ធគាត់ យកលុយចំណេញពីការជួញប្រហុក ឱ្យប្តីចំណាយលើការបោះឆ្នោត ក៏ជាប់ដូចបំណង។ ចំណែកលោកឡូ ផុន បេក្ខជនតំណាង- រាស្ត្រមណ្ឌលខេត្តកំពត ក៏ជាប់ ២អាណត្តិដែរ ដោយគាត់មានភរិយាជាប់សែរាជវង្ស មានភាគហ៊ុនក្នុងផលិតកម្មភាពយន្ត បានយកខ្សែភាពយន្តឥណ្ឌា ទៅបញ្ចាំងជូនរាស្ត្របានទស្សនាកម្សាន្ត តាមវត្តនានានៅ ស្រុកបន្ទាយមាស ខេត្តកំពត។ រាស្ត្រ បានសប្បាយ ក៏បោះឆ្នោតជូនលោកឡូ ផុន ខណៈដែលបេក្ខជនឯទៀត ចាញ់ឆ្នោត អស់ស្រែចម្ការ បាក់ស្បាតលែងចូល ប្រឡូកក្នុងនយោបាយ។

នៅពីមុខមណ្ឌលបោះឆ្នោតខ្លះ មានអ្នកបម្រើនយោបាយ យកនំបញ្ចុកទៅរៀបលើតុ ទាំងកញ្ជើៗ មានទឹកការី ទឹក ខ្ជាយ ដោយចាត់គ្នីគ្នាឱ្យចាំអញ្ជើញអ្នកទៅបោះឆ្នោតចូលហូបនំបញ្ចុកសិន។ បើគាត់ចង់ហូបទឹកអី លាយហូបខ្លួនឯងទៅ ជាអាហារសេរី ត្រឹមមួយចម្អែត។ ចៅអធិការវត្តជំនាន់នោះ ថ្ងៃណាក៏មានតែ ស្ករ-ស បារី ត្រៃចីវរ ដែលគេយកទៅប្រគេន ដោយមានអ្នកខ្សឹបខ្សុលឱ្យព្រះអង្គជួយអូសទាញពុទ្ធបរិស័ទចំណុះជើងវត្ត ឱ្យបោះឆ្នោតជូនបេក្ខជនតំណាងរាស្ត្រដែលជាចៅ- ហ្វាយពួកគេ។

ទីបំផុត តំណាងរាស្ត្រដែលបោះតាម “ឯកត្តនាម” បានទៅអង្គុយកៅអីរដ្ឋសភា បានប្រាក់ខែជាង ១ម៉ឺនរៀល មាន ទាំងប្រាក់ម៉ោង ប្រាក់ប្រជុំ សរុបទៅមិនតិចទេ (មាស១ជី ៣០០រៀល) ដែលគាត់ធ្វើតំណាងរាស្ត្រតែ ១អាណត្តិ សល់លុយ មិនតិចទេ ប៉ុន្តែតំណាងរាស្ត្រសកម្ម មានតែពីរបីនាក់ ក្នុងនោះមានលោកអ៊ូច ឯក ហៅអាចារ្យឯក លោកឡុង ធិន លោក ម៉ម សុទ្ធទុតិយម្បិ សុទ្ធតែជាកំពូលវាគ្មិន ឡើងវែកញែកពីការបង្កើតច្បាប់ផ្សេងៗ មុននឹងអនុម័ត។ ឯតំណាងរាស្ត្រភាគ ច្រើន មិនសូវចេះនិយាយ ក៏នាំតែលើកដៃបាទៗ តាមគេ រហូតដល់មានអ្នកាសែត សរសេររិះគន់ថា “ទោះបីបានធ្វើតំណាង- រាស្ត្រ គ្មានពាក្យវៃឈ្លាសទាន់សម័យ គ្មានពាក្យនិយាយប៉ុនពងចៃ ចាំតែលើកដៃបាទតាមគេ”។

ការលើកឡើងដោយត្រួសៗនេះ បង្ហាញថា ការបោះឆ្នោតដូចពីដើម ធ្វើឱ្យរាស្ត្របានសប្បាយ បានរើសតំណាងដែល គាត់ពេញចិត្ត បើមានបញ្ហាអ្វីកើតឡើងនៅមូលដ្ឋាន ក៏នាំគ្នាទៅស្នើតំណាងរាស្ត្រឱ្យជួយដោះស្រាយ។

នៅប្រទេសគេ ដូចជាអាមេរិក បារាំង អង់គ្លេស ជប៉ុន ជាដើម សុទ្ធតែបោះឆ្នោតតាមប្រព័ន្ធនេះទាំងអស់ ជាហេតុនាំឱ្យ តំណាងរាស្ត្រ ជាតំណាងរបស់រាស្ត្រពិតៗ មិនមែនតំណាងបក្សនោះទេ។ ពួកតំណាងរាស្ត្រ មាន “អភ័យឯកសិទ្ធិ” ពេញបរិបូណ៌ រហូតដល់វាយតប់គ្នា ក្នុងពេលប្រជុំ ដូចតំណាងរាស្ត្រជប៉ុន ក៏មានដែរ ដោយគ្មានទោសពៃរ៍អ្វីឡើយ។ តំណាងរាស្ត្រជប៉ុន មិនធម្មតាទេ អារឿងវ៉ៃគ្នានោះ ឃើញកើតឡើងជារឿយៗ ព្រោះលម្ហប្រជាធិបតេយ្យពេញលេញ។

សម្រាប់ប្រទេសកម្មុយនីស្ត ដូច ចិន, រុស្ស៊ី, វៀតណាម, កូរ៉េខាងជើង, គុយបា ជាដើម ការបោះឆ្នោតធ្វើតាម “ប្រព័ន្ធ សមាមាត្រ” តាមលំដាប់លេខរៀងដែលបេក្ខជនភាគច្រើនពលរដ្ឋអត់ស្គាល់មុខផង តែឈ្មោះលើគេក៏បានជាប់ឆ្នោត។ លុះ ដល់ពេលប្រជុំបង្កើតច្បាប់អ្វីមួយ បើប្រធានរដ្ឋសភា ជាមេបក្ស នាំលើកដៃ ក៏លើកតាមគ្នាព្រោងព្រាត។ អាចមានមតិជំទាស់ ខ្លះដែរ បើប្រធានរដ្ឋសភា ខ្សឹបខ្សុលឱ្យជំទាស់ខ្លះ ដើម្បីលៃយ៉ាងណាឱ្យមានប្រជាធិបតេយ្យ ព្រោះបើ ១០០% ពេក អត់ល្អ អ៊ីចឹងគេរកអ្នកជំទាស់ខ្លះ អនុវាទខ្លះអ៊ីចឹងទៅ ប៉ុន្តែមិនឈ្នះមតិស្រប ដែលហួសពី២,៣។

ការបោះឆ្នោតតាម “ឯកត្តនាម” លុះត្រាតែបេក្ខជននោះ រៀនសូត្រចេះដឹងជ្រៅជ្រះ មានបទពិសោធន៍បម្រើជាតិយ៉ាង តិច ១០ឆ្នាំ មានទ្រព្យសម្បត្តិគួរសម ល្មមរាស្ត្រដាច់បាយទៅពឹងបាន ទើបជាប់ឆ្នោត។ ករណីតំណាងរាស្ត្រខ្លះ ជាប់ឆ្នោត ហើយ លុះរាស្ត្រនាំគ្នាទៅសុំអង្ករ សុំការងារ ជួនកាលគាត់រត់ពួនបាត់ គឺមកពី “ប្រពន្ធខាតលក្ខណ៍” ចាំតែបន្ទច់បង្អាក់ប្តី មិនឱ្យធ្វើអ្វីជួយរាស្ត្រកើត ទើបគាត់ជាប់តែ ១អាណត្តិ រាស្ត្រលែងបោះឆ្នោតឱ្យ។

ផ្ទុយទៅវិញ “តំណាងរាស្ត្រ ឬតំណាងបក្ស” ជាប់ឆ្នោត១ជីវិត សំខាន់ឱ្យតែបម្រើបក្សបានល្អ ទោះជាមិនសូវបានចុះ មូលដ្ឋាន ក៏ដោយ។ ទោះយ៉ាងណា តំណាងរាស្ត្រដែលមានឧត្តមគតិ មនសិការជាតិ គាត់នៅមិនសុខទេ បើដឹងថា រាស្ត្រនៅ មណ្ឌលគាត់ រងទុក្ខវេទនាដោយសារខ្យល់ព្យុ់ះ ទឹកជំនន់ រាំងស្ងួតស្កកស្រូវ ក៏ដឹកអង្ករ ដឹកស្រូវពូជ ទៅចែក។ តាមពិត បក្សមិនដែលហាមឃាត់តំណាងរាស្ត្រមិនឱ្យចុះមូលដ្ឋាននោះទេ ប៉ុន្តែមកពីតំណាងរាស្ត្រខ្លះ “ម៉ៅស្វិត” ឬប៉ះប្រពន្ធ “រិះថាំ” ក៏បាត់មុខពីមូលដ្ឋាន លុះដល់រដូវបោះឆ្នោត ទើបលេចមុខគាត់ប្លឺម ចុះទៅសំពះរាស្ត្រ។

ដូច្នេះយើងឃើញថា “តំណាងរាស្ត្រមិនដូចគ្នា” លុះត្រាតែធ្លាប់ឆ្លងកាត់របបសង្គម ទើបដឹងច្បាស់ពីលក្ខណៈ “សមាមាត្រ និងឯកត្តនាម” ដែលកម្ពុជា យកមកអនុវត្ត។ ទោះជាយកប្រព័ន្ធមួយណាក៏ដោយចុះ តួនាទីតំណាងរាស្ត្រ មាន ចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ ចាំបាច់ត្រូវតែបម្រើរាស្ត្រ មើលសុខទុក្ខរាស្ត្រ។ បច្ចុប្បន្នតំណាងរាស្ត្រយើងមិនសូវហ៊ានចុះមូលដ្ឋាន ដោយសារ “ខ្លាចកូវីដ-១៩” មិនអាចបន្ទោសបានទេ ប៉ុន្តែបើយកទ្រឹស្តី “ដេកផ្សំដួល រមួលផ្សំគ្រេច” មកដាក់មុខ ក៏មិន ល្អដែរ។

សរុបទៅ “តំណាងរាស្ត្រមិនដូចគ្នា” គ្រាន់តែចង់បង្ហាញពីរបៀបបោះឆ្នោតសម័យសង្គមរាស្ត្រនិយម និងបច្ចុប្បន្ន មក ប្រៀបធៀបគ្នាប៉ុណ្ណោះ។ ទោះជាតំណាងរាស្ត្រខុសគ្នា ក៏តួនាទីតំណាងរាស្ត្រ មិនស្រេចតែប្រពន្ធរិះថាំ ចាំតែទាញទប់នោះ ទេ ព្រោះបក្សអត់បិទតួនាទីគាត់ឯណា? ហេតុនេះគួរតែតំណាងរាស្ត្រយើង ដែលបានចាក់វ៉ាក់សាំង ៣ដងទៅហើយនោះ ឧស្សាហ៍ចុះទៅអើតឈ្ងោកមើលសុទ្ធទុក្ខរាស្ត្រផងទាន!…”៕

RELATED ARTICLES