Tuesday, April 23, 2024
Homeតារាខ្មែរកូនប្រុសតាហ៊្វុយស្សូ ប្រកាសលក់ផ្ទះ យកលុយព្យាបាលឪ

កូនប្រុសតាហ៊្វុយស្សូ ប្រកាសលក់ផ្ទះ យកលុយព្យាបាលឪ

ភ្នំពេញ ៖ កូនប្រុសរបស់លោកតា ស៊ូ សាវ៉ាង ហៅហ៊្វុយស្សូ គ្រូសិល្បៈបុរាណជើងចាស់ និងជាតារាកំប្លែងផងនោះ បានបង្ខំចិត្តប្រកាសដាក់លក់ផ្ទះរបស់ខ្លួន ក្នុងតម្លៃ ១៥ម៉ឺនដុល្លារ ដើម្បីយកថវិកាព្យាបាលជំងឺឪពុក និងសងទៅធនាគារ ដោយសារតែនៅពេលនេះ គឺលោក និងគ្រួសារអស់លទ្ធភាពក្នុងការស្វះស្វែងរកថវិកាទៀតហើយ។

លោកស៊ូ វណ្ណៈ បានបញ្ជាក់ប្រាប់ថា ពេលនេះស្ថានភាពជំងឺរបស់ឪពុកលោក (លោកតា ស៊ូ សាវ៉ាង ហៅលោកតា ហ៊្វុយស្សូ) បានធូរស្បើយបន្តិចហើយ បន្ទាប់ពីសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ អស់រយៈពេល ២០ថ្ងៃរួចមក ពោលគឺអាការឪពុករបស់លោក មិនសូវហត់ខ្លាំង ហើយមិនសូវក្តៅខ្លួនញឹកញាប់ និងក្អកតិចជាងមុន។ ប៉ុន្តែថ្លើមរបស់គាត់ ដែលនៅសល់តែមួយចំហៀង ក្រោយការវះកាត់កាលពីលើកមុននោះ ក៏មានការរលាកដោយមានខ្ទុះ ដូច្នេះត្រូវបូមខ្ទុះនោះចេញ ដើម្បីយកមកពិនិត្យបន្ត ហើយត្រូវចេញចូលមន្ទីរពេទ្យញឹកញាប់ ពោលគឺពេលគាត់ធ្វើទុក្ខ ត្រូវនាំចូលមន្ទីរពេទ្យ ធ្វើការពិនិត្យយ៉ាងហោចណាស់ក៏ ៣ទៅ៤ថ្ងៃ ម្តងដែរ។

លោកស៊ូ វណ្ណៈ បានបន្តថា ដោយសារតែជីវភាពខ្វះខាត លោកបានធ្វើលិខិតស្នើសុំទៅស្ថាប័នក្រសួងមួយចំនួន ដែលមាននៅក្នុងជួររដ្ឋាភិបាល និងដែលធ្លាប់ស្និទ្ធស្នាលជាមួយគ្រួសាររបស់លោក រួមទាំងកាកបាទក្រហមកម្ពុជា ដើម្បីសុំជំនួយ ហើយក៏ទទួលបានការឆ្លើយតប និងបានផ្តល់ជាថវិកាជួយដល់គ្រួសាររបស់លោកជាហូរហែ ប៉ុន្តែថវិកាទាំងនោះ បានជួយសម្រាលការចំណាយរបស់លោកបានប្រមាណជា ៣០ភាគរយប៉ុណ្ណោះ ព្រោះតែថ្លៃព្យាបាលជំងឺលោកឪពុក គឺចំណាយច្រើន។

ហេតុនេះ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ លោកស៊ូ វណ្ណៈ បានប្រកាសថា លោកបានដាក់លក់ផ្ទះមួយល្វែង ដែលមានទីតាំងស្ថិតនៅក្នុងបុរីវិមានភ្នំពេញ តាមបណ្តោយផ្លូវ៥៩៨ (ផ្លូវជា សុផារ៉ា) ក្នុងតម្លៃប្រមាណ ១៥ម៉ឺនដុល្លារ ហើយប្រសិនបើលោកលក់ផ្ទះនោះដាច់មែន គឺលោកត្រូវយកថវិកានោះទៅសងទៅធនាគារ សងបំណុលផ្សេងៗទៀត ដែលបានខ្ចីទៅព្យាបាលជំងឺឪពុក និងមួយផ្នែកទៀត ត្រូវទុកព្យាបាលជំងឺឪពុកបន្តទៀត។

សូមបញ្ជាក់ថា លោកតាហ៊្វុយហ្សូ ជាតារាកំប្លែងជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង ក្នុងអំឡុងឆ្នាំ១៩៩០ និង២០០០ ហើយមកដល់ឆ្នាំ២០០៧ លោកតាក៏បានធ្លាក់ខ្លួនឈឺនូវជំងឺជាច្រើនមុខ ដោយក្នុងនោះ មានទាំងជំងឺបូសថ្លើមទៀតផង។ លោកតាហ៊្វុយហ្សូ គឺជាសិល្បករជើងចាស់ និងជាព្រឹទ្ធាចារ្យមួយរូប បានចំណាយពេលវេលា កម្លាំងកាយចិត្តជាច្រើន បណ្តុះបណ្តាលជំនាញសិល្បៈដល់អ្នកគ្មានទីពឹង ក្មេងៗជំនាន់ក្រោយ និងអ្នកស្រឡាញ់សិល្បៈ ដោយពុំគិតការតបស្នងអ្វីឡើយ តាមរយៈការបើកមជ្ឈមណ្ឌលសិល្បៈបុរាណរបស់ លោកតា៕

RELATED ARTICLES