Saturday, April 20, 2024
Homeបរិយាយជាប់គុក ទើបមានវីរភាព?

ជាប់គុក ទើបមានវីរភាព?

ដោយ អាចារ្យថាំ

ជាទូទៅ ប្រទេសដែលកំពុងមានសង្គ្រាម ជម្លោះនយោបាយ ឬទើបនឹងងើបផុតពីសង្គ្រាម ឈានទៅកសាងប្រទេស ឡើងវិញនោះ ចៀសមិនផុតពីការតែងតាំងរដ្ឋាភិបាលថ្មី។ របៀបជ្រើសតាំងគណៈរដ្ឋមន្ត្រី គេច្រើនតែយក “អ្នកនយោបាយ តស៊ូ ធ្លាប់ជាប់គុក” មកតែងតាំងជានាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រោះឥស្សរជនទាំងនេះ គេឱ្យតម្លៃទៅលើ “វីរភាព” ហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីជាតិ ឬក្រុមបក្ស ដែល “នគរធំ” សូមគាស់កកាយពីរឿង “អ្នកនយោបាយជាប់ គុក” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច (CPP) បានបង្ហោះសំណេរតាមហ្វេសប៊ុកថា “រ៉ុង ឈុន មិនចង់ចេញ ពីគុក = ដើម្បីកុំឱ្យបាត់បង់វីរភាព?” ទោះជាអ្នកនាំពាក្យប្រើសញ្ញាសួរ (?) ក៏ដូចជាមិនសួរដែរ ដោយហេតុថា មនុស្ស ជាប់ពន្ធនាគារពាក់ព័ន្ធនយោបាយ ត្រូវបក្សពួកគ្នាគេតម្កុំតម្កើងជាវីរបុរស។

“វីរភាព” មានន័យថា ភាពខ្ជាប់ខ្ជួន, ភាពមាំមួន, អង់អាច, ខ្លាំងពូកែក្លៀវក្លា តស៊ូមិនខ្លាចស្លាប់។ ដូច្នេះ “វីរបុរស វីរនារី” ចង់ផ្តោតទៅលើមនុស្សអង់អាច ខ្លាំងពូកែហ្នឹងហើយ ដែលពីបុរាណ លុះត្រាតែខ្លាំងពូកែលើសមរភូមិទប់ទល់នឹង ការឈ្លានពានរបស់ប្រទេសជិតខាង និងមានឋានៈជាមេទ័ព ទើបបានងារជាវីរបុរស ដូចតេជោ មាស តេជោ យ៉ត ជាដើម។

“ជាប់គុក ទើបមានវីរភាព?” ជាសំណួរដែលមានតថភាព សច្ចភាព មិនក្លែងបន្លំនោះទេ ដោយហេតុថា ថ្នាក់ដឹកនាំប្រទេស ឬឥស្សរជន នៃរបបសង្គម តាមជំនាន់ លុះត្រាតែធ្លាប់ជាប់គុក ទើបកាន់តំណែងខ្ពស់ក្នុងជួររដ្ឋាភិបាល។

ឧទាហរណ៍ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលរត់ភៀសខ្លួនចេញពីការបង្ក្រាបរបស់ប៉ុល ពត ត្រូវវៀតណាម ចាប់ ដាក់ពន្ធនាគារ។ លោកណែលសុន ម៉ង់ដេឡា អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង ធ្លាប់ចេញមុខការពារជនជាតិស្បែកខ្មៅ ប្រឆាំងលទ្ធិអាប៉ាថេត ត្រូវពួកអាណានិគមអង់គ្លេស ចាប់ដាក់គុកជិត៣០ឆ្នាំ។ លោកស្រីអោងសាន ស៊ូជី មេដឹកនាំប្រជាធិប- តេយ្យភូមា ត្រូវពួកឧត្តមសេនីយ៍យោធា ចាប់ដាក់គុក ២ដងទៅហើយ ព្រោះតែនិន្នាការនយោបាយខុសគ្នា តែអ្នកណាខ្លាំង អ្នកហ្នឹងឈ្នះ។ លោកខៀវ សំផន ធ្លាប់ជាប់គុកសម័យសង្គមរាស្ត្រនិយម ព្រោះនិន្នាការក្រហម លុះចូលវ័យចុងក្រោយ ក៏ ជាប់គុកមួយជីវិត។ លោកប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ធ្លាប់ជាប់គុកហាណូយ ជាង១០ឆ្នាំ។ លោកប៊ុណ្ណ ច័ន្ទម៉ុល អតីតមេឥស្សរៈប្រឆាំងបារាំង ជាប់គុកកោះត្រឡាច។ លោកកេង វ៉ាន់សាក់ លោកសឺង ង៉ុកថាញ់ ជាកំពូលអ្នកនយោបាយ សុទ្ធតែធ្លាប់ភ្លក្សរសជាតិពន្ធនាគារ។

សូម្បីតែសម្តេចឪ ព្រះបរមរតនកោដ្ឋ ក៏ត្រូវមេដឹកនាំខ្មែរក្រហម បង្ខាំងព្រះអង្គឱ្យគង់តែក្នុងវាំង ទើបព្រះអង្គដាក់ ឈ្មោះទីឃុំឃាំងនោះថា “គុកវាំង”។

របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ឃើញមានការតែងតាំងសមាជិកគណៈរដ្ឋមន្ត្រី សុទ្ធតែអ្នកនយោបាយធ្លាប់ជាប់ គុក ដូចជាលោកនង សួន អតីតចាងហ្វាងកាសែត លោកវន វ៉េត ជាដើម ជាពិសេសលោកខៀវ សំផន ឡើងជាប្រធានគណៈ- ប្រធានរដ្ឋ (ប្រធានាធិបតី) មកពីគាត់ធ្លាប់ជាប់គុក។ រីឯកម្មាភិបាល ថ្នាក់ភូមិភាគ តំបន់ ស្រុក ឃុំ ជ្រើសយកតែពួកខ្មែរ ក្រហមធ្លាប់តស៊ូក្នុងព្រៃ ឬធ្លាប់ជាប់គុកតាមស្រុកនានា មកតែងតាំងឱ្យកាន់តំណែងសម្រាប់កម្ទេចរបបចាស់ ដូចតាម៉ុក ជា ដើម។

ដូច្នេះយើងមិនបាច់សង្ស័យទេថា “ពន្ធនាគារ គឺជាកន្លែងបង្កើតវីរភាព” ប៉ុន្តែអ្នកណាក៏ខ្លាចជាប់គុកដែរ។ លោកកឹម សុខា អត់ចង់ជាប់គុកទេ ប៉ុន្តែគាត់រងការចោទប្រកាន់ពីបទ “សន្ទិដ្ឋភាពជាមួយបរទេស” ត្រូវចាប់ទាំងយប់ បញ្ជូនទៅដាក់ គុកត្រពាំងផ្លុង និងបន្តជាប់នីតិវិធីតុលាការ រហូតពេលនេះ។ លុះដល់លោកកឹម សុខា ជាប់គុកពីរបីដង ក៏មានកូនចៅសហការី លើកគាត់ជា “វីរបុរស” ព្រោះតែឃើញគាត់ជាប់គុកហ្នឹងឯង។

ធម្មតាពន្ធនាគារ ឬទីឃុំឃាំង ដូចនៅកោះត្រឡាច គ្មានអ្នកណាចង់ភ្លក្សរសជាតិទេ ព្រោះបើជាប់គុកកណ្តាលសមុទ្រ នោះ ភាគច្រើនចោលឆ្អឹងនៅលើកោះ ឃ្លាតប្រពន្ធកូនជារៀងរហូត។ អ្នកទោសខ្លះ អាចរត់រួចដោយសារឆ្មាំគុកបញ្ចោញ ទៅធ្វើចម្ការ ដាំចេក ដាំដំឡូង ក៏លួចកាប់ដើមចេក ឬដើមគ ចងធ្វើក្បូន និងកាប់ចេកជាច្រើនស្ទង ទុកបម្រុង។ គេលួចបាវ ក្រចៅ យកទៅចងធ្វើស្លាបក្តោង លុះពេលល្ងាចម៉ោង៥ ឆ្មាំគុកប្រមូលអ្នកទោសចូលទីឃុំឃាំងវិញ តែអ្នកទោស ២-៣នាក់នោះ គេចទៅពួននៅក្នុងព្រៃ លុះវេលាស្ងាត់ក៏នាំគ្នាសែងក្បួនទម្លាក់ទឹក លើកក្តោងឱ្យវារសាត់តាមខ្យល់ ចេញពី កោះត្រឡាច។ រយៈពេល ១សប្តាហ៍ គេរស់ដោយសារផ្លែចេក និងត្រងទឹកភ្លៀងផឹក នៅតែលើក្បូនភ្លឹបភ្លែតៗ តាមចលនា ទឹករលក បើអាយុមិនអស់ ទឹកដោះម្តាយថ្លៃ ក្បូននោះក៏រសាត់ទៅដល់ដីគោក ត្រង់ជ្រោយទឹកខ្មៅ ក៏រត់ទៅរកគ្រួសារ តែ បើអាយុត្រូវអស់ ឆ្មាំគុកបើកនាវាតាមទាន់ ក៏បាញ់ចោលទៅ។

ដូច្នេះគ្មានអ្នកនយេបាយណាចង់ជាប់គុកទេ ដោយហេតុថា គុក ពីដើមធ្វើទារុណកម្មអ្នកទោសរហូតពិកល្យពិការ ក៏មាន ដែរ។ ផ្ទុយទៅវិញ គុកនៅកម្ពុជា សម័យនេះ កម្រមានការធ្វើទារុណកម្មអ្នកទោស ព្រោះឆ្មាំគុក បានរៀនច្បាប់សិទ្ធិមនុស្ស។

សម្រាប់លោករ៉ុង ឈុន ដែលទើបចេញពីគុកព្រៃស ឧបមាថា មានបក្សប្រឆាំងណាមួយឈ្នះឆ្នោត ឬដណ្តើមបានកៅអី រដ្ឋសភា ឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ ហេងស៊យគេមើលឃើញ “វីរភាពរ៉ុង ឈុន” ក៏តែងតាំងឱ្យកាន់តំណែងណាមួយ។ សំខាន់បំផុត អន្តរជាតិទទួលស្គាល់លោករ៉ុង ឈុន ច្រើនណាស់ អាចថាគេនឹងជួយឱ្យគាត់បានកៅអីសមរម្យយោងទៅតាម ការតស៊ូខ្ជាប់ខ្ជួន មិនដែលចុះញ៉មបក្សកាន់អំណាច។

នៅក្នុងអក្សរសិល្ប៍ខ្មែរ រឿង “ព្រះអាទិត្យថ្មី រះលើផែនដីចាស់” របស់អ្នកនិពន្ធសួន សុរិន្ទ ប្រលងជាប់លេខ១ ពានរង្វាន់ ព្រះនាងឥន្ទ្រទេវី កាលទសវត្សឆ្នាំ១៩៦០ មានវគ្គមួយ សរសេរពីតួអង្គ សម ជាប់គុកយ៉ាងអយុត្តិធម៌។ លុះដល់កំណត់ តុលាការដោះលែង អ្នកទោសអភ័ព្វនោះមិនចង់ចេញ លុះប្រធានគុកសួរ ហេតុអ្វីអ្នកឯងមិនចង់ចេញ? សម ក៏ឆ្លើយថា ខ្ញុំកំព្រាឪពុកម្តាយ ប្រពន្ធស្លាប់ចោល គ្មានមុខរបរ បើចេញទៅនាំតែពិបាកធាក់ស៊ីក្លូ សុខចិត្តជាប់គុកវិញ មានបាយស៊ីស្រាប់ មានគេយាមឱ្យទៀត? ទីបំផុត ក្រោយមកនាយ សម ពោះម៉ាយនោះ ជាប់ឆ្នោតជាមេឃុំ នៃគណបក្សប្រជាធិបតេយ្យ ព្រោះគាត់មានវីរភាព ដោយសារជាប់គុក។

សរុបទៅ “ជាប់គុក ទើបមានវីរភាព” មានខ្លឹមសារយ៉ាងនេះឯង ដែលជាសច្ចភាពមួយក្នុងប្រវត្តិសាស្ត្រ បង្ហាញច្បាស់ ថា ឥស្សរជនដែលធ្លាប់តស៊ូ លះបង់ ធ្លាប់ជាប់គុក ត្រូវបានប្រជាពលរដ្ឋអ្នកគាំទ្រ លើកតម្កើងពីវីរភាព និងភាគច្រើនបាន តំណែងខ្ពស់ក្នុងរដ្ឋាភិបាល៕

RELATED ARTICLES