Friday, March 29, 2024
Homeបរិយាយទ្រព្យអពមង្គល

ទ្រព្យអពមង្គល

ដោយ អាចារ្យថាំ

ទោះបីជាសម័យឌីជីថល ជឿនលឿនដល់កម្រិតណា ក៏ប្រជាពលរដ្ឋខ្មែរ ភាគច្រើនមិនអាចបោះបង់ជំនឿបុរាណ ប្រពៃណី ទំនៀមទម្លាប់បានឡើយ ជាពិសេស ជឿទៅលើ “ទ្រព្យអពមង្គល”។ ទ្រព្យនេះ រួមមានផ្ទះសម្បែង ដីធ្លី សត្វពាហនៈ យាន- ជំនិះផ្សេងៗ បើមានខុសទាស់ត្រង់ចំណុចណា ឬខុសហុងស៊ុយតាមក្បួនចិន គេមិនទិញទេ។ ករណីទីស្នាក់ការធំរបស់អតីតគណបក្ស សង្គ្រោះជាតិ ដែលជាគេហដ្ឋានរបស់មេប្រឆាំង តែត្រូវតុលាការដកហូតលក់ឡាយឡុងនោះ ចាត់ទុកជា “ទ្រព្យអពមង្គល” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។

កាលពីពេលថ្មីៗនេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលដីកាដកហូតដី និងអគារ លេខ៥៧៦ ផ្លូវ ជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាភូមិគ្រឹះរបស់លោកសម រង្ស៊ី ប៉ុន្តែបានដាក់ជាទីស្នាក់ការ ធំរបស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) ដើម្បីប្រមូលលុយយកទៅសងជំងឺចិត្តថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្រោយពេលលោកសម រង្ស៊ី ចាញ់ក្តីនៅតុលាការកម្ពុជា។

ករណីតុលាការដកហូតទ្រព្យសម្បត្តិឯកជន ជា “សិទ្ធិតុលាការ” យើងមិនអាចលូកដៃបានឡើយ ប៉ុន្តែអ្វីដែល “នគរធំ” ចង់បរិយាយនៅពេលនេះ គឺពាក់ព័ន្ធដល់ “ទ្រព្យអពមង្គល” ដែលជំនឿប្រជារាស្ត្រខ្មែរ កាន់ខ្ជាប់ខ្ជួនតាំងពីបុរាណព្រេងនាយ មកម៉្លេះ រៀវលែងតែយុវវ័យឌីជីថល ដែលគ្មានជំនឿ។

“ទ្រព្យអពមង្គល” មានន័យថា សម្បត្តិដែលគ្មានសុភមង្គល គ្មានសិរីសួស្តី ចង្រៃឧបទ្រព នាំគ្រោះថ្នាក់ដល់ម្ចាស់។ ទ្រព្យ ទាំងនោះ មានដូចជា “ដីធ្លី” បើសិនជាដីនោះនៅលើចំណីផ្លូវ ឬចំណីស្ទឹង ទន្លេ ព្រែក សមុទ្រ ទោះជាម្ចាស់ដីអាងអំណាច ព័ទ្ធរបងយកយ៉ាងណា ក៏គេចមិនផុតពីការជេរប្រទេចដាក់បណ្តាសាពីអ្នកដំណើរ ដោយសារប៉ះរបង ចង្អៀតរកផ្លូវដើរមិន បាន។ “ផ្ទះសម្បែង” បើសិនជាផ្ទះនោះសង់ពីឈើ ប៉ះសសរទិញពីចោរ ឈើដែលលួចពីគេមកលក់ឱ្យយើង ឬសសររន្ទះបាញ់ ប្រេះបែក បុរាណមិនឱ្យនៅទេ។ ជួនកាលផ្ទះនោះ មានមនុស្សចងកស្លាប់ ក៏ត្រូវគេទុកចោលរាប់សិបឆ្នាំ ល្បីខ្មោចលងបន្លាច បើសិនជាមានថៅកែណាទៅទិញ ចំណាំបានថា ថៅកែនោះ រកស៊ីខាតឡុងចុង អាយុខ្លី លែងលះប្តីប្រពន្ធ។ បើជាផ្ទះថ្ម មាន ការប្តឹងផ្តល់ប្រតោងប្រទាញគ្នា ក៏គ្មានអ្នកណាហ៊ានទិញដែរ ដោយហេតុថា អ្នកប្តឹងឈ្នះ បានមាសប្រាក់ ឯអ្នកចាញ់ក្តី បាន ទឹកភ្នែក កើតជាអពមង្គលនៅក្នុងផ្ទះនោះ។ “គោ ក្របី ដំរី សេះ” ជាសត្វបម្រើមនុស្ស គេមើលក្រយៅ មើលចរិតវា ឧទាហរណ៍ “គោក្រយៅក្រឡាច់” ឬ “ក្រយៅថ្កោលចោរ” គ្មានអ្នកណាទិញទេ ប៉ុន្តែគេជ្រើសយកគោ “ក្រយៅផាត់ប្រមូល ឬក្រយៅ បក់ជុំ”។ “ក្របីស្នែងកែក” ក៏គេមិនទិញដែរ ព្រោះកសិករកាន់ត្រណមតឹងរ៉ឹងខ្លាចក្របីនោះ វ័ធម្ចាស់ តែគេត្រូវការក្របី “ស្នែងខុប”។ “ដំរីយោលយក្ស ឬដំរីក្រេបសមុទ្រ” ជាទូទៅដំរីខ្លះម្ចាស់ចងឱ្យស៊ីស្លឹកឈើ ឬដាក់ទន្លីង ឱ្យនៅមួយកន្លែង វានៅមិនចេះស្ងៀមតែងយោលខ្លួនចុះឡើង ដូចយោលអង្រឹង។ អាខ្លះឱនក្រេបផឹកទឹកត្រពាំង ដាក់មាត់ដល់ទឹកខុស របៀប ព្រោះធម្មតាដំរីវាយយកប្រមោយស្រូបទឹក ទើបបាញ់បញ្ចូលមាត់ បើមានដំរីក្រេបសមុទ្រ គេមិនទិញទេ។ “សេះ” បើវាកញ្ជ្រៀវយប់ៗ ម្ចាស់មិនបានដេកពួន គ្មានអ្នកណាហ៊ានទិញ បានត្រឹមម្ចាស់នោះក្តៅក្រហាយ សំពងសេះនោះងាប់ទៅ រួចពន្លះសាច់ប្រឡាក់អំបិលហាលងៀត។

“ទ្រព្យអពមង្គល” នៅមានច្រើនទៀត ពីដើមមាន រទេះ ទូក សំពៅ ក្រែស្នែង រយាង ឬកូបដំរី ឃើញទាស់តែបន្តិច គេមិនទិញទេ។ អ្នកលក់ព្យាយាមបិទបាំង “ក្រយៅក្រឡាច់” យ៉ាងណាក៏អ្នកទិញហៅគ្នាមកជួយពិនិត្យ រកឃើញចំណុច អពមង្គលនោះលាក់មិនជិតទេ។ គោ ក្របី ដែលមានក្រយៅអពមង្គល បានត្រឹមមនុស្សកាប់យកសាច់តែប៉ុណ្ណោះ។

យ៉ាងណាមិញ អគារទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ (CNRP) នោះ ចាត់ទុកជា “ទ្រព្យអពមង្គល” ដែលតាម ប្រភពថា មុនដំបូងជាផ្ទះដែលលោកសម រង្ស៊ី និងភរិយា បានទិញ។ ដោយសារពួកគាត់មានផ្ទះច្រើនកន្លែង ជាពិសេសនៅ ប្រទេសបារាំង ក៏ដាក់ផ្ទះនៅសង្កាត់ចាក់អង្រែ ជាទីស្នាក់ការធំ CNRP។

កន្លងមក លោកកឹម សុខា ធ្លាប់បង្ខាំងខ្លួនឯង ក្នុងទីស្នាក់ការនេះ ៦ខែ ហូបតែបាយសម្លដាក់ចានស្រាក់ ដែលប្រពន្ធ កូនយកទៅឱ្យ ពាក់ព័ន្ធការចោទប្រកាន់រឿងស្រីញី ឬ “ស្រីមុំ”។ កាលនោះ មានឧទ្ធម្ភាគចក្រហោះក្រវែលផ្ទះគាត់សំងំលាក់ ខ្លួននេះ និងមានអូប៊រ័ បើកតាមដងទន្លេក្រោយផ្ទះ គំរាមផង ប៉ុន្តែ CPP ដោះស្រាយថា ជាសមយុទ្ធកងទ័ព ពុំមែនគរាម កំហែងលោកកឹម សុខា នោះទេ។

ទីស្នាក់ការនោះ ត្រូវសមត្ថកិច្ចឡោមព័ទ្ធជារឿយៗ ពាក់ព័ន្ធបទល្មើសផ្សេងៗ ខណៈដែលសកម្មជនប្រឆាំងខ្លះ រត់ទៅ ជ្រកកោន។ ធ្លាប់មានការទម្លាក់ស្លាក និងអ្នកមកកាងការពារទីស្នាក់ការប៉ះទង្គិចគ្នា ឬជេរបញ្ចោរគ្នារញ៉េរញ៉ៃណាស់ បន្ទាប់ មក សមត្ថកិច្ចព័ទ្ធរបងចាក់សោទុកចោល។

ដូច្នេះមានន័យថា ទីស្នាក់ការអតីត CNRP នេះជា “ទ្រព្យអពមង្គល” តើអ្នកណាហ៊ានទិញ? នេះនិយាយតាមជំនឿ បុរាណ ប៉ុន្តែបើនិយាយតាម “យុទ្ធសាស្ត្រនយោបាយ” ឬ “យុទ្ធសាស្ត្រឈ្នះ-ឈ្នះ” អត់ពិបាកលក់នោះទេ។

ករណីតុលាការចេញសាលដីកា លក់ឡាយឡុងផ្ទះនេះ មិនដាក់កំណត់តម្លៃប៉ុន្មានៗនោះទេ ស្រាប់តែក្រុមលោកសម រង្ស៊ី អំពាវនាវឱ្យអ្នកគាំទ្រគាត់ ចេញមុខតវ៉ាការពារ។ លោកអេង ឆៃអ៊ាង បានបង្ហោះសំណេរតាមហ្វេសប៊ុក ថា “ទីស្នាក់ការ គណបក្សសង្គ្រោះជាតិ គឺជាទ្រព្យសម្បត្តិរបស់យើងទំងអស់គ្នា ដែលជាសមាជិក សមាជិកាគណបក្សសង្គ្រោះជាតិ។ ដូច្នេះ យើងត្រូវរួមគ្នាការពារទ្រព្យសម្បត្តិយើង កុំឱ្យតុលាការលោកហ៊ុន សែន យក ទៅលក់ដូរបានឡើយ”។

ចំណែកលោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច (CPP) បានលើកឡើងថា “ការប្រកាសលក់ឡាយឡុង អតីត ទីស្នាក់ការអតីតបក្សប្រឆាំង គឺអនុវត្តតាមសាលក្រមរបស់តុលាការ…… គឺ ត្រូវតាមច្បាប់”។

រឿងច្បាប់តុលាការនោះ អត់មានអ្នករារាំងបានឡើយ តែអ្វីដែលសំខាន់នៅត្រង់ “ទ្រព្យអពមង្គល” ដោយហេតុថា ទីស្នាក់ការនេះ ជា “កន្លែងឈ្លោះគ្នា” បញ្ចោញ “កម្តៅនយោបាយ” ក្លាយជាគ្រោះថ្នាក់ដល់មេប្រឆាំងទាំងពីររូប ដែលម្នាក់ រត់ទៅក្រៅប្រទេស ម្នាក់ទៀតជាប់សំណាញ់ច្បាប់។ ការប្រកាសលក់ឡាយឡុង មានន័យថា លក់ដោយបើកឱកាសឱ្យ អ្នកទិញដេញថ្លៃគ្នា អ្នកណាហ៊ានថ្លៃជាងគេ បានអ្នកនោះ ឬលក់ដោយមានការអនុញ្ញាតពីរាជការ ឬសាលក្រមតុលាការ។

ដូចអ្វីដែល “នគរធំ” លើកឡើងខាងលើ ពីដីធ្លីខុសហុងស៊ុយ ផ្ទះខ្មោច ផ្ទះមានជម្លោះ គោក្របីដំរីសេះ ក្រយៅក្រឡាច់ យោលយក្ស អត់អ្នកណាហ៊ានទិញ? ទោះជាលក់ថោកក៏ដោយ។ ប៉ុន្តែជាមួយ “យុទ្ធសាស្ត្រឈ្នះ-ឈ្នះ” អត់យូរទេ “លក់ ដាច់ផុយ” លុះទិញបានមក អត់អ្នកណាហ៊ាននៅ ទោះជាវាយកម្ទេចសង់ថ្មីក៏រួញរាដែរ។

សរុបទៅ “ទ្រព្យអពមង្គល” គ្រាន់តែជាការលើកពីជំនឿបុរាណមកបង្ហាញតែប៉ុណ្ណោះ ប៉ុន្តែជាមួយយុទ្ធសាស្ត្របក្ស កាន់អំណាច ឬរដ្ឋាភិបាលឌីជីថល អត់មានរាំងស្ទះពីបញ្ហាជំនឿបុរាណនោះទេ។ ហេតុនេះ បើលក់ដាច់ពេលណា ឬមាន ឧកញ៉ាណាចេញមុខជួយទិញ គួរប្រកាសជាសាធារណៈផង ដើម្បី “នគរធំ” ជួយបង្ហាញពីរបៀប “បញ្ចៀសអពមង្គល” ប្តូរ យក “សុភមង្គល” វិញ”៕

RELATED ARTICLES