Wednesday, April 24, 2024
Homeព័ត៌មានជាតិសិស្សពូកែ តូចចិត្តរៀនធ្លាក់លេខ ចងកស្លាប់

សិស្សពូកែ តូចចិត្តរៀនធ្លាក់លេខ ចងកស្លាប់

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ ធ្លាប់ជាសិស្សពូកែប្រចាំសាលា រៀនជាប់ចំណាត់ថ្នាក់រៀងរាល់ខែ ស្រាប់តែក្រោយពីស្ថានភាពជំងឺកូវីដ-១៩ រាតត្បាតខ្លាំង មិនអាចរៀននៅសាលាបាន ត្រូវប្តូរមករៀនតាមអនឡាញវិញ រៀនមិនសូវចូល ធ្វើឱ្យធ្លាក់លេខ រហូតធ្វើឱ្យយុវជន​រូបនេះឈឺចិត្តស្អិតទ្រូង គិតខ្លី ចងកសម្លាប់ខ្លួន ធ្វើឱ្យក្រុមគ្រួសារ ឪពុកម្តាយ តក់ស្លុតរន្ធត់ចិត្ត ទួញយំបោកខ្លួនយ៉ាងខ្លាំង។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅចំណុច ដើមឈើក្បែរផ្ទះយុវជនរងគ្រោះ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រោយពីមានសាច់ញាតិក្រុមគ្រួសារ របស់យុវជនរងគ្រោះ បានចែករំលែកតៗគ្នា ពេញក្នុងបណ្តាញសង្គម។

ក្មេងប្រុសគិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះសៅ ខេវិន អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ នៃអនុវិទ្យាល័យខ្នាចរមាស មានឪពុកឈ្មោះទន់ សុផាន់ ជាគ្រូបង្រៀន ម្តាយឈ្មោះឈុន ស្រីមុំ ជាអាជីវករ មានលំនៅក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។

យោងតាមស្ត្រីឈ្មោះឈុន ស្រីមុំ ដែលត្រូវជាម្តាយបង្កើតរបស់យុវជន សៅ ខេវិន បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន រៀបរាប់ទាំងទុក្ខសោកថា “កូនម្តាយលាហើយ លាដោយមិនបានប្រាប់ពីទុក្ខលំបាកក្នុងចិត្តរបស់ខ្លួនប្រាប់ប៉ាម៉ាក់ ឬក៏បងបានសោះ បើដឹងថាកូនពិបាកចិត្តរឿងរៀនអនឡាញមិនចូល ម៉ាក់ក៏មិនដាក់កម្រិតឱ្យកូនថា បើកូនរៀនប្រឡងមិនជាប់ អនាគតទៅម៉ាក់នឹងឱ្យឈប់រៀន ហើយមកជួយធ្វើការម៉ាក់ដែរ នេះប្រហែលជាកម្មខ្ញុំទេ មច្ចុរាជអើយ បើខ្ញុំជាប់បាបកម្ម ម្តេចមិនយកខ្ញុំទៅ បែរជាមកយកូនខ្ញុំដែលវាមិនបានសាងបាបកម្មអីសោះទៅវិញ…”។

ដោយឡែកនៅ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ត្រីជាម្តាយរបស់យុវជន សៅ ខេវិន បានរៀបរាប់ពីមូលហេតុដែលនាំឱ្យកូនប្រុសរបស់គាត់ឈានដល់ការគិតខ្លី ចងកបញ្ចប់ជីវិត ថា “មូលហេតុដែលកូនខេវិន សម្លាប់ខ្លួននោះគឺ ១-បាក់ទឹកចិត្ត រៀនតាមអនឡាញមិនចូល ហើយមិនហ៊ានប្រាប់ម៉ាក់ប៉ា ឬបងឱ្យដឹងសោះ (ធ្លាប់តែរៀនពូកែមករហូត)។ ២-តូចចិត្តរឿងស្តីបន្ទោស ព្រោះទូរស័ព្ទខលមកមិនលើក ជួនលើកជួនអត់ ជួនបិទសេវា (មិនដឹងមូលហេតុ)។ ៣-ធ្លាប់ភ្លាត់មាត់ដាក់ទំនាយម៉ាក់ឱ្យរលាយ តែបែរជារលាយខ្លួនឯងវិញ។ ៤-ប្រហែលជាកម្មពៀរម៉ាក់ធ្លាប់ធ្វើបាបកូនឆ្មាជំទង់១ កាលពី៣ឆ្នាំមុន។ ៥-កម្មពៀរប្រហែលជាជាតិមុនធ្លាប់ចងក។ ៦-ចូលចិត្តមើលយូធូបរឿងដែលមនុស្សចង់ឃើញខ្មោចហ្នឹងវាម៉េច ធ្វើម៉េចបានឃើញខ្មាច…”។

គួររំលឹកថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ លោកឈុន សារឹម ដែលត្រូវជាឪពុកមារបស់ យុវជនសៅ ខេវិន បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ តាមគណនីហ្វេសប៊ុក របស់ខ្លួន ខណៈដែលក្មួយប្រុសរបស់ខ្លួន (សៅ ខេវិន) បានសម្រេចបញ្ចប់ជីវិតទាំងវ័យក្មេង ដោយបានធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

បុរសជាឪពុកមា ខាងលើ បានសរសេររៀបរាប់ថា “សល់ ៣ថ្ងៃ ប្រលងឆមាស ដាច់ចិត្តចងកសម្លាប់ខ្លួន ព្រោះដឹងថាមិនអាចយកចំណាត់ថ្នាក់ល្អបាន។ ឪពុកម្តាយអាណិតស្រណោះកូនស្ទើរក្ស័យ ដោយមិននឹកស្មានថា កូនជាទីស្រឡាញ់គិតខ្លីយ៉ាងដូច្នេះ…”៕

RELATED ARTICLES