Wednesday, April 24, 2024
Homeព័ត៌មានជាតិស្ទាក់ចាប់ឡានដឹកពលករ១៤នាក់ បម្រុងលួចឆ្លងដែន

ស្ទាក់ចាប់ឡានដឹកពលករ១៤នាក់ បម្រុងលួចឆ្លងដែន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងចម្រុះឈជើងតាមបន្ទាត់ព្រំដែន បានឃាត់រថយន្ត ២គ្រឿង ដឹកពលករខ្មែរបម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ កាលពីវេលាម៉ោង ៥និង១៥នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្​តបន្ទាយមានជ័យ  និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងទទួលផែនការងារព្រំដែន នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ  មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ បានចាត់តាំងលោកវរសេនីយ៍ទោ អ៊ិម ឈឿយ មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ ដឹកនាំកម្លាំងអន្តរាគមន៍ ចំនួន១៥នាក់ និងលោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាន ដឹកនាំកម្លាំងប៉ុស្តិ៍ក្បាលស្ពាន ចំនួន៤នាក់ ស្លៀកពាក់ស៊ីវិល ចូលបង្កប់ខ្លួនក្នុងចំណុចផ្ទះសំណាក់ ពៅ ពិសី ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករខ្មែរ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ។

លុះដល់ម៉ោង ៨និង៣៥នាទីយប់ កម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ិម ឈឿយ មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ ប្រធានវេនប្រចាំបញ្ជា បានធ្វើការសហការជាមួយកម្លាំងនគរបាល​ប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៥ ធ្វើការទប់ស្កាត់រថយន្ត ២គ្រឿងម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-2810 និងរថយន្តម៉ាកកាមរី ស៊េរី៩៥ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-2155។ លុះក្រោយមក រថយន្តទាំង២នោះ បានដាក់ពលករចោលទាំងអស់ ហើយបើកគេចរៀងៗខ្លួន។

លុះដល់ចំណុចផ្លូវកែងខ្លាងាប់ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តម៉ាកកាមរី ១គ្រឿង ដែលជាអ្នកនាំមនុស្សឆ្លងដែនខុសច្បាប់ ឈ្មោះឈុំ សាផុន ភេទប្រុស អាយុ២៨ឆ្នាំ រួមនិងពលករចំនួន ១៤នាក់ បាននាំខ្លួនយកទៅកាន់ប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ ដើម្បីសាកសួរ។ ក្រោយពីការសាកសួររបស់សមត្ថកិច្ច តៃកុងរថយន្តបានសារភាពថា គេជាអ្នកដឹកមនុស្សឆ្លងដែនទៅក្រៅប្រទេស  យកទៅឱ្យមេខ្យល់ពិតមែន។

រថយន្តដឹកពលករ និងតៃកុងរថយន្ត រួមនិងពលករទាំងអស់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីសាកសួរនិងចាត់ការបន្ត៕

RELATED ARTICLES