Thursday, March 28, 2024
Homeព័ត៌មានជាតិបង្ក្រាបសំបុកចោរប្លន់ផ្ទះឧកញ៉ាអ៊ាន សៀវម៉ី ចាប់ខ្លួន១២នាក់ មេខ្លោងជាមេបក្សខ្មែរក្រោក

បង្ក្រាបសំបុកចោរប្លន់ផ្ទះឧកញ៉ាអ៊ាន សៀវម៉ី ចាប់ខ្លួន១២នាក់ មេខ្លោងជាមេបក្សខ្មែរក្រោក

ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធដែលបានធ្វើសកម្មភាពភ្ផង់ប្លន់អ្នកលក់ឡេដ៏ល្បី ឧកញ៉ា អ៊ាន សៀវម៉ី ដល់ផ្ទះ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ត្រូវបានកម្លាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាប ដោយចាប់បានសរុប១២នាក់  ក្នុងនោះមាន លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក គឺជាមេខ្លោងរៀបចំ ផែនការ និងបានដឹកនាំផ្ទាល់ទៅប្លន់ ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ហើយលោក Willam Gaung ក៏បានឆេយ្លីសារភាពប្រាប់សមត្ថកិច្ច អំពីទង្វើរបស់ខ្លួនផងដែរ។

ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បាន សម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះ អ្នកលក់ឡេ (ឧកញ៉ាង អ៊ាន សៀវម៉ី) ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធ ចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) ស្ថិតនៅទីតាំងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ ព្រមទាំងបានឃាត់ខ្លួនមនុស្សពាក់ព័ន្ធសរុបចំនួន ១២នាក់ (ប្រុស៩នាក់ ស្រី៣នាក់) នាំយកមកសាកសួរ។ ក្នុងចំណោមជនសង្ស័យទាំង១២នាក់ ដែលត្រូវបានឃាត់ខ្លួននោះ ក៏មានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ម្នាក់ផងដែរ ដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះដៃទៅក្រោយ រួចបណ្តើរឡើងរថយន្តរបស់កងរាជអាវុធហត្ថ ដឹកបញ្ផូនមកកាន់ទីបញ្ផាការកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងកណ្តាលយប់។ 

តាមប្រភពពីមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហើបប្រាប់ថា យោងតាមចម្លើយមេខ្លោងក្រុមចោរប្លន់  William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពប្រាប់នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ថា ខ្លួនគឺជាអ្នកដឹកនាំទៅប្លន់ផ្ទាល់ និងបញ្ជាផ្ទាល់ ពីក្នុងរថយន្ត ប្លន់ឧកញ៉ា អ៊ាន សៀវម៉ី មូលហេតុគឺធុញ ស្អប់ ជ្រេញ អ្នកអួតទ្រព្យសម្បត្តិតាមបណ្តាញសង្គម ជាពិសេសគឺអ្នកលក់ឡេនេះតែម្តង ដែលចូលចិត្តអួតពីមាស ពេជ្រ ដុល្លារ ដូចផ្គើន…”។

ប្រភពដដែលបានបង្ហើបប្រាប់ដែរថា តាមចម្លើយសារភាពរបស់ លោក William Guang គឺនៅពេលចេញប្លន់នោះ គឺខ្លួនជាអ្នកដឹកនាំ បញ្ផាដោយផ្ទាល់ ប៉ុន្តែគ្រាន់តែមិនចុះប្រតិបត្តិការដោយផ្ទាល់ ពោលគឺអង្គុយចាំបក្ខពួកនៅក្នុងរថយន្ត។ ចំណែកគ្រឿងអលង្ការដែលប្លន់យកបាន មកទាំងអស់ គឺមិនទាន់លក់នៅឡើយ ពោលគឺប្រមូលយកមកទុកនៅក្នុងផ្ទះទាំងអស់។ រីឯផ្ទះដែលត្រូវសមត្ថកិច្ចចុះបង្ក្រាបនេះ គឺមិនមែនជា កម្មសិទ្ធិរបស់ខ្លួននោះទេ តែជាផ្ទះជួល ដែលខ្លួនជួលឱ្យស្រីស្នេហ៍ស្នាក់នៅប៉ុណ្ណោះ។

ជុំវិញប្រតិបត្តិការខាងលើ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់ថា “ខ្ញុំបាទ សូមជម្រាបជូនអ្នកសារព័ត៌មានជ្រាបថា នាវេលាយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញប្រតិបត្តិការបង្ក្រាប និងមានការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងករណីប្លន់ មួយចំនួនពិតមែន។ ដោយសារការស៊ើបអង្កេតកំពុងបន្តនីតិវិធី ខ្ញុំបាទសូមជម្រាបបញ្ជាក់បានត្រឹមប៉ុណ្ណេះ ពីព្រោះនេះជាការសម្ងាត់វិជ្ជាជីវៈ ដែលត្រូវតែគោរព។ សូមអរគុណ…”។

ដោយឡែកនៅក្នុងរង្វង់ប្រតិបត្តិការដាច់ដោយឡែកមួយផ្សេងទៀត ដែលធ្វើឡើងដោយកម្លាំងនគរបាលជំនាញនៃស្នងការនគរបាល រាជធានីភ្នំពេញ ពោលគឺនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នោះដែរ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋាន ជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បាន ស្រាវជ្រាវ និងដេញឃាត់បានរថយន្ត១គ្រឿង ម៉ាក Lexus GS-300 ពណ៌ស គ្មានពាក់ស្លាកលេខ ដែលជនសង្ស័យបានប្រើប្រាស់ក្នុងករណី ប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីញូវថោន ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពពីមន្ត្រីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ខណៈដែលកម្លាំងជំនាញបានប្រដេញរថយន្តរបស់ជនសង្ស័យ ពេលនោះ ជនសង្ស័យក៏បានបើករថយន្តទៅឈប់នៅក្បែរមាត់ទឹក ស្ថិតក្នុងសង្កាត់គងណយ ខណ្ឌដង្កោ រួចបើកទ្វារលោតគេចខ្លួនចូលក្នុងគុម្ពោត ព្រៃ តែត្រូវសមត្ថកិច្ចធ្វើការឡោមព័ទ្ធទីតាំងនោះ រុករកជនសង្ស័យរហូតដល់វេលាម៉ោងប្រមាណ៣ទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ទើបឈានដល់ការឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន២នាក់ ដែលរួមដំណើរជាមួយគ្នាក្នុងរថយន្ត Lexus GS-300 ខាងលើ។ បន្ទាប់ពីឆែកឆេរ នៅក្នុងរថយន្ត សមត្ថកិច្ចក៏បានរកឃើញមានដបសាំងជាច្រើនដបនៅក្នុងរថយន្ត ដែលតាមការសន្និដ្ឋាន បឋមរបស់សមត្ថកិច្ចជំនាញ គឺជនសង្ស័យ មានបំណងបើករថយន្តទៅកន្លែងស្ងាត់ ដើម្បីដុតកម្ទេចចោល បំផ្លាញភ័ស្តុតាង។ 

សូមបញ្ផាក់ថា ជុំវិញករណីខាងលើនេះដែរ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទង ទៅនឹងការបិទបញ្ចប់ការសាកសួរជនរងគ្រោះ អំពីការបាត់បង់ទ្រព្យសម្បត្តិជាក់ស្តែង លើករណីជនសង្ស័យមួយក្រុមដែលបានចូលប្លន់ដល់ក្នុង ផ្ទះជនរងគ្រោះ នៅបុរីញូវថោន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ ដោយភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះ (ឧកញ៉ា អ៊ាន សៀវម៉ី) បានអះអាងថា ទ្រព្យសម្បត្តិសរុបដែលជនសង្ស័យយកទៅមានតម្លៃប្រហែល៩លានដុល្លារ។

ជំហានដំបូងសមត្ថកិច្ចជំនាញបានធ្វើការសាកសួរជនរងគ្រោះលើករណីនេះ ជាពិសេសចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយ បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះនៅមានអារម្មណ៍តក់ស្លុត ភ័យខ្លាច និងមិនទាន់បានពិនិត្យឱ្យបានច្បាស់លាស់អំពីការបាត់បង់ទាំងនេះ ទើបរហូតមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះបានធ្វើការសាកសួរបញ្ចប់ជាមួយជនរងគ្រោះលើការបាត់បង់សរុបនេះ។  

បន្ទាប់ពីជនរងគ្រោះសម្រួលអារម្មណ៍ បាត់ភ័យខ្លាច និងបានត្រួតពិនិត្យច្បាស់លាស់អំពីទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយបាន បញ្ជាក់តម្លៃជាមួយហាងលក់ពេជ្រដែលគាត់តែងតែទិញយកមកប្រើប្រាស់ តាមចម្លើយរបស់ជនរងគ្រោះ សម្ភារៈដែលបានបាត់បង់រួមមានខ្សែក ពេជ្រធំ ចំនួន៣ខ្សែ និងគ្រឿងអលង្ការ (ពេជ្រ) មួយចំនួនទៀត យោងទៅលើវិក្កយបត្រ ទិញ-លក់ គិតជាទឹកប្រាក់សរុបប្រហែលជា ១,៦ ទៅ ១,៩ លានដុល្លារ និងទូរស័ព្ទដៃម៉ាក iPhone ចំនួន២គ្រឿងផងដែរ។

គួររំលឹកថា ជនសង្ស័យជាចោរប្លន់ប្រដាប់អាវុធ១ក្រុម មានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើងវែងខ្លីគ្រប់ដៃ បានសម្រុកចូលទៅក្នុងផ្ទះ អ្នកលក់ឡេអនឡាញដ៏ល្បីម្នាក់ (ឧកញ៉ា អ៊ាន សៀវម៉ី) ដោយបន្លំខ្លួនថា ជាសមត្ថកិច្ចក្រសួងចុះមកអនុវត្តដីកា រួចក៏ធ្វើសកម្មភាព ភ្ផង់ប្លន់ ប្រមូលយកទ្រព្យសម្បត្តិ គ្រឿងអលង្ការមានតម្លៃជាច្រើន កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ផ្ទះវីឡាលេខ V01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានបញ្ផាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារ សរុបមានគ្នា ១០នាក់ (ប្រុស៤ ស្រី៣) និងក្មេង៣នាក់ (ប្រុស១ ស្រី២) កំពុងរៀបចំចេញដំណើរពីផ្ទះរបស់ខ្លួន ទៅខេត្តកំពង់ស្ពឺ ស្រាប់តែពេល កំពុងរៀប ចេញពីផ្ទះនោះ ក៏លេចមុខជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយចាំក្នុងឡាន១នាក់ សរុប៥នាក់ បើករថយន្ត១គ្រឿងម៉ាក Lexus GS-300 ពណ៌ស អត់មានស្លាកលេខ បានចូលមកដល់ ហើយក្នុងចំណោមមនុស្ស៤នាក់នោះ មានម្នាក់ពាក់ឯកសណ្ឋានជាមន្ត្រីនគរបាល និងពាក់សក្តិ៤ លើស្មាទៀតផង បានចុះមកឃាត់ដំណើរជនរងគ្រោះមិនឱ្យចេញពីផ្ទះនោះឡើយ ដោយសំអាងថា ពួកគេមកពីក្រសួង ចុះអនុវត្តដីកា។

ប្រភពដដែលបន្តថា ភ្លាមនោះ ក្រុមជនសង្ស័យ ដែលប្រដាប់ដោយអាវុធវែងមួយដើម (អ៊ឹមសី) និងខ្លី៣ដើម បានអាម៉េបញ្ចូលគ្រាប់ ភ្ជង់ជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឱ្យជនរងគ្រោះឈ្មោះអ៊ាន សៀវម៉ី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឱ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។ ដែលសរុបទ្រព្យសម្បត្តិដែល ជនសង្ស័យយកទៅ មានតម្លៃខ្ទង់លានដុល្លារ។

ប្រភពខាងលើ បញ្ផាក់ថា ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា “A1 A2 ម៉ូ ម៉ូ” រួចក៏បានយកក្បាលកាមេរ៉ានៅក្នុងផ្ទះ ហើយប្រញាប់ប្រញាល់នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង បើកគេចខ្លួនបាត់ ស្រមោលតែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ។

យ៉ាងណាក្តី ករណីខាងលើនេះបន្ទាប់ពីសមត្ថកិច្ចបានសួរនាំជនរងគ្រោះល្អិតល្អន់ ទើបដឹងថា ក្រុមចោរ បានប្លន់យកខ្សែកពេជ្រ ពីជនរង គ្រោះចំនួនតែ៣ខ្សែប៉ុណ្ណោះ។/

RELATED ARTICLES