ជំនួបរុស្ស៊ី-ណាតូ បញ្ចប់ទៅដោយការ​គំរាម​កំហែង

0
59

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថាប្លុកយោធារបស់អង្គ​ការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកបានត្រលប់ទៅរកយុទ្ធសាស្ត្រសង្គ្រាមត្រជាក់ និងការត្រួតត្រាពេញលេញ។អ្នកការទូតរូបនេះបានបន្ថែមថាទីក្រុងមូស្គូជឿថា អាកប្បកិរិយារបស់អង្គការណាតូ កំពុងបង្កើតការគំរាមកំហែងមិនអាច​ទទួលយកបានសម្រាប់រុស្ស៊ី ដែលខ្លួននឹងត្រូវទប់ទល់។ការខ្វែងគំនិតគ្នានេះបានធ្វើអោយជំនួបដ៏សំខាន់មួយនេះបញ្ចប់​ទៅដោយមិនមានលទ្ធផលអ្វីឡើយ ដោយអង្គការណាតូនៅតែបន្តគាំទ្រឱ្យអ៊ុយក្រែនចូលជាសមាជិក​ប្រសិនបើត្រូវ​តាម​លក្ខខណ្ឌខណៈរុស្ស៊ីព្រមានពីលទ្ធភាពផ្ទុះឡើងនៃសង្រ្គាម។លោក Grushko ក៏បានចោទប្រកាន់ថាប្លុកនេះទទួលខុសត្រូវ ចំពោះការបញ្ចប់កិច្ចសហប្រតិបត្តិការ​ណាមួយជាមួយ​រុស្ស៊ី​លើបញ្ហាសន្តិសុខទូទៅសំខាន់ៗ ដូចជាការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្ម ការជួញដូរគ្រឿងញៀន និងការលួចចម្លង។ លោកបានអំពាវនាវដល់សហរដ្ឋអាមេរិកជុំវិញ ការដួលរលំនៃ កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ ដែលធ្វើអោយទីក្រុងវ៉ា​ស៊ីន​តោនដើរចេញពីសន្ធិសញ្ញា INF និង Open Skies ។

អ្នកការទូតរូបនេះបានបន្ថែមថា រុស្ស៊ីបានស្នើរវិធានការបន្ធូរបន្ថយប៉ុន្តែរហូតមកដល់ពេលនេះ អង្គការណាតូបានព្រងើយ​កន្តើយ​ចំពោះពួកគេ។ ប្លុកនេះហាក់ដូចជាទទួលស្គាល់សន្តិសុខជាអ្វីមួយដែល​អនុវត្តចំពោះតែសមាជិករបស់ខ្លួន​ដោយ​បំពានដោយផ្ទាល់លើសន្ធិសញ្ញាអន្តរជាតិជាច្រើន។ លោក Grushko បាននិយាយថា រុស្ស៊ីយល់ឃើញថាទង្វើនេះ​មិនអាច​ទទួលយកបាន ដោយបន្ថែមថាប្រសិនបើណាតូនៅតែបន្តគោលនយោបាយទប់ស្កាត់ ការរារាំង និងការបំភិតបំភ័យទីក្រុង​ម៉ូស្គូនឹងឆ្លើយតបដោយគ្រប់រូបភាព។នៅព្រឹកថ្ងៃពុធ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានប្រាប់ អ្នកយកព័ត៌មានថា ភាគីទាំងពីរមានការ​ពិភាក្សាដោយស្មោះត្រង់ និងបើកចំហលើបញ្ហាជាច្រើនដោយផ្តោតសំខាន់ទៅ លើភាពតានតឹងជុំវិញអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Stoltenbergបានច្រានចោលកិច្ចព្រមព្រៀង​ណា មួយលើការ​ពង្រីកបន្ថែម​ទៀតរបស់​អង្គការណាតូ ដោយនិយាយថា រុស្ស៊ីមិនមានវេតូលើដំណើរការនោះហើយថាមាន តែអ៊ុយក្រែន និងសម្ព័ន្ធមិត្តចំនួន 30 ប៉ុណ្ណោះដែលអាចសម្រេចថាតើពេលណាអ៊ុយក្រែនក្លាយជាសមាជិករបស់អង្គការនេះ។យោងតាមសហសេវិករបស់ Grushko លោក Sergey Ryabkov បាននិយាយថា ទីក្រុងមូស្គូប្រកាន់ជំហរថា អ៊ុយក្រែននិង ហ្សកហ្ស៊ីមិនត្រូវក្លាយ​ជាសមាជិកណាតូ​នោះទេ៕