Friday, April 19, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖អាចនៅឡើងទៀតឬអត់?

ឱក សុគន្ធកញ្ញា ៖អាចនៅឡើងទៀតឬអត់?

ភ្នំពេញ៖ឱក សុគន្ធកញ្ញា ដែលក្លាយទៅជាភរិយាលោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍​ហង្ស​​មាស និងជាប្អូនថ្លៃថៅកែ​ហង្សមាសជាង២ឆ្នាំទៅហើយនោះនាងនៅតែត្រូវ​បានស្វាមី​នាង​អនុញ្ញាត្តិ​ឲ្យចេញ​ច្រៀង​សម្ដែងតាមបណ្ដារ​កម្មវិធីមង្គលការ​ធំៗដូចមុន​ដដែលបើទោះ​ជាកន្លងមកអ្នកដឹក​នាំ​កម្មវិធីប្រគុំតន្រ្ដីនៅស្ថានីយ៍ទូទស្សន៍មួយចំនួន​ថាពិបាកទាក់ទងនិងខ្លះ​ថានាង​ត្រូវប្ដីទុកឲ្យច្រៀងតែប៉ុស្ដិ៍ហង្សមាសមួយគត់ក្ដី តែថ្មីៗនេះគេឃើញតារាកូន១ចេញ​ច្រៀង​កម្មវិធីដែល​រៀបចំ​ឡើងដោយ​លោក​អាឡិច ចាន់ត្រា គឺមានន័យថាសុគន្ធកញ្ញា ចេញ​រក​លុយជាធម្មតា​។អ្វីដែល​គូរឲ្យកត់សម្គាល់សុគន្ធកញ្ញា ថែមទាំង​បានចេញ​មុខចូលរួមកម្ម​វិធីរបស់ថៅកែរាម តាមរយៈការផ្សព្វផ្សាយផលិតផលទៀតគឺ​បញ្ជាក់ឲ្យឃើញថាសម្រាប់​ការងារ​សិល្បៈ​ទាំង​ឡាយ​​សុគន្ធកញ្ញា នៅតែបន្ដដូចដើមថ្វីត្បិតតែនាងជាតារា​ដ៍មានអំណាច​ម្នាក់នៅហង្សមាសដែល​ទោះជាមិនចាំ​បាច់ចេញ​រក​លុយពីខាងក្រៅ​ក៍ការងារ​សិល្បៈ​ដែលដឹក​នាំដោយស្វាមីនាងជាច្រើនកំពុងរងចាំនាងក្ដី។

 ថ្វីត្បិតតែឱក សុគន្ធកញ្ញា នៅតែមានតម្លៃខ្លួនថ្លៃហើយនាងត្រូវ​ប៉ាន់ការងារ​សិល្បៈ​ទាំង​នៅហង្សមាស,ស្ពតធំៗនិងច្រៀង​តាម​ក​ម្មវិធីមង្គលការវិញក៍ដោយ ប៉ុន្ដែតាំងពីនាងមានស្វាមី​និង​កូន១មក​គេសង្កេត​ឃើញថា​ពេល​នេះសុគន្ធកញ្ញា ​​​​​​​​​​​​​​​​​​​ហាក់នៅ​ទ្រឹងឬ​មិនសូវមានសន្ទុះ​ខ្លាំង​ក្លា​ដូច​មុន​នោះទេ។អ្នកនិយមស្ដាប់បទ​ចម្រៀងរបស់សុគន្ធកញ្ញា មួយចំនួនបានលើកឡើងថា​នាងលែង​ឡើង​ទៀតហើយព្រោះ​តែ​មុន​រៀប​ការ​ភរិយាលោកសុខលី រូបនេះធ្លាប់ក្ដាប់តំណែង​ជាតារាស្រីឈាន​មុខគេនៅហង្ស​មាស​​ដល់​ទៅ១០ឆ្នាំឯណ្ណោះ តែបច្ចុប្បន្ននាងមិនសូវមាន​ទី​ផ្សារចម្រៀងកក្រើកដូចមុនទេ ព្រោះបច្ចុប្បន្ន​តារាយុវវ័យ​ដែលត្រូវ​បានគេ​ចាប់​អារម្មណ៍​ថា​កំពុងតែមានសន្ទុះឡើងនោះគឺនាងតន់ ច័ន្ទសីម៉ា របស់Galaxy ឯណ្ណោះទេ។

អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់”នគរធំ”កាលពីរសៀលថ្ងៃទី១៣មករា ថាយើងមិនអាចយកឱក សុគន្ធកញ្ញា ទៅប្រៀបធៀបជាមួយតន់ ច័ន្ទសីម៉ា បាន​ទេព្រោះទាំងបទពិសោធន៍និងស្នាដៃក្នុងសិល្បៈគឺមិនដូចគ្នា។លោកបន្ថែមថាសុគន្ធកញ្ញា ជាតារាដែលគេទទួលស្គាល់ព្រោះបានសាងស្នាដៃជាច្រើនមក​ហើយតាមរយៈការសន្សំ​កេរ្ដិ៍ឈ្មោះ​ក្នុងសិល្បៈរាប់ឆ្នាំដែលមានចម្រៀងជាច្រើនបទ។ដោយឡែកសីម៉ា ទើបតែល្បី​ដែល​អាច​និយាយបានថាមិនទាន់ទូលំ​ទូលាយ​ដូចសុគន្ធកញ្ញា នោះទេ។លោកថាបើចូលផ្សារ​១គេ​ស្គាល់សុគន្ធកញ្ញា ស្ទើតែគ្រប់គ្នា តែបើសីម៉ា មិនទាន់ឈានដល់​ចំណុចនេះ​ទេព្រោះ​មាន​ខ្លះស្គាល់ ខ្លះអត់ស្គាល់។ យ៉ាងណាលោកសង្កត់ថាទោះជាពេលនេះសុគន្ធកញ្ញា មានស្វាមី​និងកូន១​ទៅហើយក្ដី តែការឡើងទៅមុខទៀត ឬមិនឡើងនោះគឺអាស្រ័យនៅ​លើហង្សមាស​នេះ​​ឯងជាអ្នកកំណត់។

  ការអះអាងរបស់លោកគ្រូភ្លេងនេះគឺហាក់ស្របគ្នាទៅនិងអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់អ្នកយកព័ត​មាន​យើងដែរថាហង្សមាស​បានធ្វើព្យុះភ្លៀងជាច្រើនលើក​ច្រើន​​សារមកហើយ ហេតុនេះគេចង់លើកតារាណា​ឲ្យល្បីក៍បាន​ដែរ។លោកថាសុគន្ធកញ្ញា ក្រោយ​មានកូនគេឲ្យសម្រាកមួយរយៈសិន តែដាច់ខាតហង្សមាសនឹងមិន​បណ្ដោយ​ឲ្យនាង​ធ្លាក់​ចុះ​ទេ​នោះទេ ហើយចំពោះតារាល្បីមិនមែនមានប្ដីនិងកូនហើយគេលែងគាំទ្រនោះទេ គឺ​នៅតែល្បី​ដ​ដែល​ហ្នឹងព្រោះធម្មជាតិ​បង្កើត​មនុស្សមកត្រូវតែមាន​ជីវិតគូមិនអាចរស់នៅម្នាក់​ឯង​ជារៀង​រហូត​បានឡើយ។

ក្រោយកូនប្រុសមានវ័យជាង២ឆ្នាំនេះឱក សុគន្ធកញ្ញា បានព្យាយាមសម្រកទម្ងន់​ឡើង​វិញដើម្បីវាយលុកទីផ្សារចម្រៀង​និង​មាន​ព័តមានថានាងគ្រោងចាប់ដៃគូជាមួយលោកខេម ប៊ុនថៃ ថតភាពយន្ដរឿងថ្មីផងដែរ។ប៉ុន្ដែសុគន្ធកញ្ញា មិនទាន់មាន​រាង​ស្វែលនោះទេ​គឺនៅ​តែ​កាម៉ាប់ៗ​បន្ដិចរហូតអ្នកខ្លះមានការលើកឡើងថាក្រោយមានប្ដីនាងហាក់​បែកសាច់​ជាងមុន​ទើប​មើល​ទៅ​ឃើញដូចធាត់ជ្រុល។

ក្រៅពីឱក សុគន្ធកញ្ញា តារាចម្រៀងដែលមានកូន១ហើយទីផ្សារចម្រៀងមិនសូវ​មាន​សន្ទុះមានដូចជាសួស វីសា និងពេជ្រ សូ​លីកា ជាដើម ខណៈដែលមាស សុខសោភា កំពុង​តែធ្វើឲ្យអ្នកគាំទ្រឈឺក្បាលខ្លាំងព្រោះទើបធ្លាយរឿង​រៀបការលួចលាក់​១២​ឆ្នាំ​សោះតែមានដំណឹងថានាងមានកូនប្រុសវ័យ១៤ឆ្នាំទៅហើយ។ដោយឡែកសុគន្ធកញ្ញា វិញពេលនេះនាង​មាន​ក្ដី​សុខបំ​ផុត ព្រោះបន្ទាប់ពីមានកូន១ស្វាមីកាន់តែ​ស្រលាញ់ទើបតាមព័តមានថា​តារាវ័យ​៣៥ឆ្នាំ​នេះចង់បានកូន២នាក់ថែមទៀត៕

RELATED ARTICLES