ចំណាត់ថ្នាក់មុនបោះឆ្នោត

ដោយ អាចារ្យថាំ

មិនថាតែអ្នកនយោបាយ អ្នកវិភាគនោះទេ ដែលមើលធ្លុះពីលទ្ធផលនៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ នា ពេលខាងមុខនេះ សូម្បីប្រជាពលរដ្ឋសាមញ្ញ តែគាត់ចូលចិត្តតាមដានរឿងនយោបាយ ក៏ហ៊ានដាក់ចំណាត់ថ្នាក់ ចំពោះគណបក្ស ដែលចូលរួមបោះឆ្នោត។ នយោបាយកម្ពុជាបច្ចុប្បន្ន ក៏មិនខុសពីសម័យសង្គមរាស្ត្រនិយម នោះឡើយ គឺអ្នកនយោបាយ “ជ្រំជើង” តែដដែលៗ អ្នកឈ្នះក៏ដដែល អ្នកចាញ់ក៏ដដែល ទើបគេទាយលទ្ធផលឆ្នោតមិនសូវខុស ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ចំណាត់ថ្នាក់មុនបោះឆ្នោត” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានផុសសំណេរតាមហ្វេសប៊ុក ថា “វប្បធម៌ថ្មី ផ្នត់គំនិតថ្មីមួយសម្រាប់អនាគតក្រុមប្រឹក្សា ឃុំ-សង្កាត់ ដោះស្រាយបញ្ហា សហការគ្នាដើម្បីដោះស្រាយបញ្ហា បោះឆ្នោតយកឈ្នះឆ្នោត បានអំណាចពីប្រជាពលរដ្ឋ” បន្ថែមពីលើនេះទៀត លោកបណ្ឌិតចាស់វស្សានេះ បានដាក់រូបសញ្ញាគណបក្សប្រជាជន (ជភភ) នៅលើគេ បន្ទាប់មក បក្ស ភ្លើងទៀន ឯហ៊្វុនស៊ិនប៉ិច នៅលេខរៀងទី៣ ដោយមិនបាច់និយាយដល់បក្សជាង១០ទៀត ដែលមានលេខរៀងឆ្ងាយពីគេ។

ករណីនេះមកពី “ដឹងលទ្ធផលដោយការត្រិះរិះ” ពុំមែនចេះតែដាក់ស្មានៗខ្វះលក្ខណៈវិទ្យាសាស្ត្រនោះទេ។ សូម្បី “នគរធំ” ធ្លាប់សរសេរជារឿយៗថា “ជភភ ឈ្នះលេខ១ ភ្លើងទៀន លេខ២ ហ៊្វុនស៊ិនប៉ិច លេខ៣” បើសិនជាខុស ក៏មិនខុសធ្ងន់ពេកដែរ។

បើពិនិត្យមើលទៅការគាំទ្ររបស់ប្រជាពលរដ្ឋ ទៅលើបក្សកាន់អំណាច គឺនៅតែខ្លាំងដដែល ជាពិសេស យុវជនគ្រប់ អាយុបោះឆ្នោត ក៏បានទៅចុះឈ្មោះជាបន្តបន្ទាប់ ភាគច្រើនជាកូនមន្ត្រីរាជការ។ បើឪពុកម្តាយ ជភភ កូននោះក៏ ជភភ ដែរ មិនបាច់សង្ស័យឡើយ ដូច្នេះ ចំនួនអ្នកគាំទ្រកាន់តែផុសផុល។

ដោយឡែក “គណបក្សភ្លើងទៀន” មានលោកសម រង្ស៊ី ជាស្ថាបនិកនោះ កើតយូរហើយ ប៉ុន្តែក្រោយពេល “សង្គ្រោះ-ជាតិ ជណភ្រ” ដំណើរការបោះឆ្នោត គេបានរក្សាទុកភ្លើងទឿន ឱ្យផ្អាកសកម្មភាពសិន។ លុះ ជណភ្រ ត្រូវរំលាយ មិនអាច ចូលរួមការបោះឆ្នោតបាន គេក៏ “ចាប់ផ្តើមអុជទៀន” ជាថ្មីទៀត។ សមាជិកបក្សភ្លើងទៀន ចេញមកពី ជណភ្រ ដដែលហ្នឹង គ្មានអ្នកណាឆ្ងាយទេ ដោយឃើញគេលើកស្លាកបានលឿនរហ័ស អាចប្រកួតប្រជែងជាមួយ ជភភ នៅតាមឃុំ-សង្កាត់ទូទាំង ប្រទេស។

ពួកភ្លើងទៀន បានទាំងបង្ហោះរូបថត “កញ្ញាភ្លើងទៀន” ដ៏ស្រស់ប្រិមប្រិយ លើកទឹកចិត្តគ្នាគេទៀតផង ព្រោះគណបក្ស នីមួយៗ លុះត្រាតែមាន “ស្រីស្អាតចូលរួម” ទើបមានការទាក់ទាញខ្លាំង។

ចំណែកហ៊្វុនស៊ិនប៉ិច រាជានិយម ព្រះកេររបស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ក៏នៅមានអ្នកស្មោះត្រង់នឹងរាជវង្ស ចូលរួមដង្ហែដែរ។ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ទោះជាមិនធ្លាប់ធ្វើនយោបាយ ក៏ព្រះអង្គមានចំណេះវិជ្ជាជ្រៅជ្រះ បាន ចូលរួមមកបន្តវេនពីព្រះបិតា អាចនឹងជាប់ចំណាត់ថ្នាក់លេខ៣ ដូចអ្នកវិភាគថា មិនខានឡើយ។

លោកគឹម សុខ អ្នកវិភាគដែលកំពុងរស់នៅប្រទេសហ្វាំងឡង់ បានផុសសំណេរតាមបណ្តាញសង្គម ថា “ខ្ញុំប្រឆាំងនឹង ការបោះឆ្នោតឃុំ-សង្កាត់ នៅខែមិថុនា ឆ្នាំ២០២២។ នេះគឺជាការបោះឆ្នោត ដែលរៀបចំឡើងដោយគណបក្សប្រជាជន កម្ពុជា តែមួយគត់” ការលើកឡើងនេះ មកពីលោកគឹម សុខ មើលឃើញថា “ជភភ ឈ្នះឆ្នោត” ក៏ចេញ “ក្បាច់ស្ទាក់” ទុកឱ្យ ហើយ ក៏ដូចជាពញ្ញាក់ស្មារតីប្រជាពលរដ្ឋផងដែរ។

បើនិយាយពីរឿងបោះឆ្នោតនោះ ពិតណាស់ថា រដ្ឋាភិបាលប្រទេសណាក៏បានបញ្ជូនកងទ័ព និងប៉ូលិស ទៅការពារ សុវត្ថិភាព នៅមណ្ឌលបោះឆ្នោតដូចគ្នា។ កាលពីសម័យលន់ នល់ គេដាក់ទាហានឱ្យឡោមព័ទ្ធ ការពារមណ្ឌលបោះឆ្នោត ដែលមានតែក្នុងទីក្រុងនិងទីប្រជុំជនធំៗ។ បន្ទាប់ពីរាប់សន្លឹកឆ្នោតមក លទ្ធផលបានបង្ហាញថា លោកលន់ នល់ ជាប់លេខ១ ឡើងជាប្រធានាធិបតី លោកអ៊ិន តាំ ជាប់លេខ២ លោកកែវ អន ជាប់លេខ៣។

កាលនោះ ក៏មានការចោទប្រកាន់លោកលន់ នល់ ថា “ជាអ្នករៀបចំការបោះឆ្នោតបន្លំ” រហូតដល់លោកអ៊ិន តាំ អន់ចិត្ត លាឈប់ពីនយោបាយ រួចនាំបរិវារចុះទៅធ្វើស្រែនៅខេត្តបាត់ដំបង។

ការបោះឆ្នោត បើរដ្ឋាភិបាលជាអ្នករៀបចំ ព្រោះជាបេក្ខជនដែរនោះ “មិនងាយឈ្នះរដ្ឋាភិបាល” នោះទេ សម្រាប់ ប្រទេសតូច និងកើតជម្លោះនយោបាយ គ្មានការកំណត់អាណត្តិអ្នកដឹកនាំប្រទេស ប៉ុន្តែសម្រាប់ប្រទេសកំណត់អាណត្តិ ការ បោះឆ្នោតរបស់គេ មិនសូវមានការចោទប្រកាន់នោះទេ។

យើងឃើញលោកដូណាល់ ត្រាំ បោះឆ្នោតអាណត្តិទី២ ចាញ់លោកចូ បៃដិន ក៏ចោទប្រកាន់ថា ស្ថាប័នបោះឆ្នោត អាមេរិក អយុត្តិធម៌ ភ្លេចគិតថា លោកត្រាំ ជារដ្ឋាភិបាល។ នៅរុស្ស៊ី ទោះជាបោះឆ្នោតប៉ុន្មានដង ក៏លោកពូទីន ជាប់ដដែល ជិតពាក់កណ្តាលជីវិតគាត់ទៅហើយ។

ដូច្នេះ “ចំណាត់ថ្នាក់មុនបោះឆ្នោត” ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅកម្ពុជា ខាងមុខនេះ ពិតជាបក្សកាន់អំណាច ជភភ ជាប់ លេខ១ ភ្លើងទៀន លេខ២ ហ៊្វុនសុនប៉ិច លេខ៣ អត់ខានឡើយ។ រីឯ “បក្សកែទម្រង់កម្ពុជា” របស់លោកអ៊ូ ច័ន្ទរ័ត្ន ប៉ុល ហំម (ខ្សែលោកកឹម សុខា) ក៏ដូចគណបក្សសំបុកឃ្មុំ របស់លោកម៉ម សូណង់ដូ ដែលអ្នកវិភាគដាក់លេខរៀងខាងក្រោម នោះ ក៏កុំទាន់អាលអស់សង្ឃឹមអី ត្រូវព្យាយាមដណ្តើមយកកៅអីឱ្យបាននឹងគេខ្លះ ឬថា បើមិនបានដល់មេឃុំ-ចៅសង្កាត់ សុំត្រឹមជំទប់ ក៏គ្រាន់បើជាងអត់ដែរ។

ឧបមាថា “ចំណាត់ថ្នាក់មុនបោះឆ្នោត” ក្លាយទៅជាការពិត រដ្ឋអំណាចមូលដ្ឋាននេះ ត្រូវធ្វើការចូលគ្នា ៥ឆ្នាំ និងចាក់ ប្ញសកែវ ឈានទៅបោះឆ្នោតតំណាងរាស្ត្រ។ ករណីក្រុមសហការីលោកកឹម សុខា ទាមទារឱ្យពន្លត់ភ្លើងទៀន មុនពេល បោះឆ្នោត នៅមិនដល់ ១ខែផងនោះ វាអត់ចំណេញទេ អាចធ្វើឱ្យមានភាពជ្រួលច្របល់។ បើចង់រំលាយ គួររំលាយតាំងពី មិនទាន់លើកស្លាក តែបើគេរៀបជើងព្រួលរួចហើយ បែរជារំលាយ បានត្រឹមផ្ទុះជម្លោះនយោបាយកាន់តែខ្លាំង។

មតិខ្លះថា បោះឆ្នោតរួច បើដឹងថា ភ្លើងទៀន ដណ្តើមបានកៅអីមេឃុំ-ចៅសង្កាត់ក្រែលនោះ គេនឹងរំលាយចោល ដែលការលើកឡើងនេះ ក៏យកជាការមិនបានដែរ រំលាយអីក៏ផុយម៉្លេះ? ត្រូវយល់ថា ជភភ ចង់បានដៃគូប្រកួតប្រដមប្រសង គ្នា កំដរប្រជាធិបតេយ្យ មិនសុខចិត្តពន្លត់ភ្លើងទៀន រួចយកកៅអីទៅចែកឱ្យបក្សជាប់លេខរៀងបាតតារាងនោះទេ បើធ្វើ យ៉ាងនេះ ដូចកាលរំលាយ ជណភ្រ អន្តរជាតិសើចងាប់ហើយ។ អ្វីដែល “នគរធំ” ចង់បាន ឧបមាថា ចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ បានទៅបក្សទាំង៣នេះ ត្រូវតែសហការគ្នា ជំរុញរដ្ឋអំណាចមូលដ្ឋានឱ្យខ្លាំង ទុកជា “គំរូដល់មនុស្សស្រករ ក្រោយ” ទៀត។

សរុបទៅ “ចំណាត់ថ្នាក់មុនបោះឆ្នោត” ជាការទស្សន៍ទាយបែបវិទ្យាសាស្ត្រ មិនប្រើលេខអត្តៈ ដូចក្បួនបុរាណ ឬទាយ សន្លឹកបៀនោះទេ។ ជភភ នឹងឈ្នះលេខ១ ភ្លើងទៀន លេខ២ ហ៊្វុនស៊ិនប៉ិច លេខ៣ ឯបក្សលេខ៤ លេខ៥ យើងមិននិយាយ ទេ។ ពានរង្វាន់អក្សរសិល្ប៍ ឬកីឡា គេចែកឱ្យតែលេខ១ លេខ២ លេខ៣ ហ្នឹង មិនដល់លេខ៤ លេខ៥នោះទេ តែគេឱ្យ ប័ណ្ណសរសើរលើកទឹកចិត្ត…’