មេធាវីអភ័ព្វ

ដោយ អាចារ្យថាំ

ការពន្យារនីតិវិធីក្នុងការកាត់ទោសលោកកឹម សុខា អតីតប្រធានគណបក្ស សង្គ្រោះជាតិ (ជណភ្រ) ជាង៤ឆ្នាំកន្លងទៅនេះ ធ្វើឱ្យមេធាវី “ថ្ងូរដូចព្រាប” ព្រោះ- តែពួកគាត់ឡើងចុះសឹកកាំជណ្តើរតុលាការ។

លោកស្រីម៉េង សុភារី មេធាវីការពារក្តីលោកកឹម សុខា បានផុសសំណេរ ត្អូញត្អែរ គួរឱ្យអាណិតថា “ការពារក្តីលើសំណុំរឿងបទសន្ទិដ្ឋភាពជាមួយបរទេស មួយករណីនេះ តាំងពីមុខនៅក្មេង ឥឡូវមុខឡើងកញ្ចាស់ហើយនៅឡើយរឿងក្តី មិនទាន់ចប់ទៀត!”។

សំណេរត្អូញត្អែរនេះ គេអាចយល់បានថា លោកស្រីមេធាវីនោះ នៅវ័យក្មេង កំពុងពេញសម្រស់ ដល់ឡើងចុះតុលាការ ដែលជាកន្លែងកាត់ទោសចោរ ឬឧក្រិដ្ឋ- ជនយូរៗទៅ ក៏ថយសម្រស់ ទោះជាបានក្រែមម្សៅ ទឹកអប់ជួយយោង ក៏យ៉ាប់ដែរ។

ឱ! មេធាវីអភ័ព្វអើយ! ធ្វើម៉េចជាតួនាទីរបស់ខ្លួនទៅហើយ ចេះតែទ្រាំៗទៅ ទម្រាំផុតកម្ម។ ថាកម្មក៏មិនត្រូវដែរ ព្រោះគាត់ចង់បានឋានៈមេធាវី ក៏ប្រឹងរៀន ខាងច្បាប់ សង្ឃឹមអនាគតបានផ្លែផ្កាពីកម្រៃចេញពីជំនាញនេះ។

សម្រាប់មេធាវីឯទៀត (៤នាក់) សម្រាប់ការពារក្តី លោកកឹម សុខា ទោះ- ជាបុរស ក៏ពួកគាត់ “គ្រវីក្បាលដូចគោស្រាំងទិច” ព្រោះពេលពួកគាត់តវ៉ាម្តងៗ ចៅក្រមមិនធ្វើតាម។ គោស្រាំងទិច ខំគ្រវីស្នែងជល់ស្រាំង តែជល់ឯណាបាន? ក៏ ជល់ប៉ះតែស្លឹកឈើ ហើរព្រោងព្រាត។

បើនិយាយពីកម្រៃឈ្នួលមេធាវី យើងមិនដឹងបានប៉ុន្មានទេ? តែបើអត់កម្រៃ ធ្វើម៉េចគាត់រស់បាន? ប្រឹងជួយលោកកឹម សុខា ជាង៤ឆ្នាំនេះ បើគិតជាមុខរបរ ធ្វើស្រែវិញ ត្រូវបានផលស្រូវ “៤ជង្រុក” អាចលក់ស្រូវបំពេញជីវភាពគ្រួសារបាន។

ចំពោះមេធាវីការពារឧកញ៉ាខ្លះ ដែលមានរឿងរ៉ាវប្តឹងផ្តល់ គេមានសំណាង ណាស់ ព្រោះឡើងតុលាការ តែ១ដង ឬ២ដង ក៏បានលុយណែនហោប៉ៅ សើមមាត់ រហូត។ អភ័ព្វអ្វីតែមេធាវីលោកកឹម សុខា ជាង៤ឆ្នាំហើយ ជួនកាលដូចពាក្យតួ កំប្លែងនិយាយឱ្យគេសើចថា “បបូរមាត់ស្ពែះ ស៊ីជ្រក់ស្ពៃ”។

មេធាវីជួង ជូងី មេធាវីសំ សុខគង់ ក៏អភ័ព្វដូចគ្នាដែរ ព្រោះពួកគាត់តែងតែឡើង ការពារក្តីលោកសម រង្ស៊ី និងសកម្មជនប្រឆាំងមួយចំនួន។ មិនដឹងជាគាត់បានលុយ ខ្លះ ឬអត់នោះទេ តែអភ័ព្វនៅត្រង់អ្នកគាំទ្រ ជភភ “ចោមស្អប់គាត់ដូចគំរង់”។

ហ្នឹងហើយមុខរបរមេធាវី ដែលបារាំង ហៅអាវ៉ូកា (វៅចៀតា) មានសាច់ មាន ខ្លាញ់ មានភ័ព្វ មានអភ័ព្វ មិនស្មើភាពគ្នាទេ។ មេធាវីណាដែលមានភ័ព្វសំណាង ខ្ពស់ ក៏មានភូមិគ្រឹះធំស្កឹមស្កៃ មានរថយន្តទំនើប ២-៣គ្រឿង មានលុយផ្ញើធនាគារ មានទាំងអង្គរក្សការពារទៀតផង។ មេធាវីណាដែលអភ័ព្វ អាចនៅផ្ទះជួល ឬផ្ទះ ល្វែងតម្លៃថោក ជិះឡានជំនំៗ ឬម៉ូតូ អត់លុយផ្ញើធនាគារដូចគេទេ។

មេធាវី ផាន់ ច័ន្ទស័ក្តិ ធ្លាប់ការពារក្តីលោកកឹម សុខា តែត្រូវបានកូនក្តីនេះ ដេញចេញ បែរជាវាយប្រហារកូនក្តី។ បើគិតឱ្យសព្វៗទៅ លោកផាន់ ច័ន្ទស័ក្តិ រួច ផុតពីអភ័ព្វហើយ កុំទោមនស្សចិន្តាធ្វើអ្វី ព្រោះបើកូនក្តីមិនដេញគាត់នៅតែអភ័ព្វ។

អាសូរតែលោកស្រីម៉េង សុភារី និងគ្នីគ្នាគាត់ ៣នាក់ទៀតនោះ កំពុងអភ័ព្វ ត្អូញត្អែរមុខក្មេង ក្លាយជាមុខចាស់ លុយក្រាស់ ទៅជាលុយអត់ អត់លុយ ឬអ៊ុយ ឡត់។ ចេះតែតស៊ូទៀតទៅអ្នកអើយ! ព្រោះបានបុណ្យផង បានគុណបំណាច់ផង បានគេស្គាល់ច្រើនផង មិនខាតប៉ុន្មានទេ។ បើមិនព្រមទទួលយកក្តីអភ័ព្វ ក៏មិន អាចឈានឡើងទៅរកភ័ព្វសំណាងបានដែរ’