ម៉ែបំបៅដោះកូន ដេកលក់១ភាំង សង្កត់កូនស្លាប់

ខេត្តបន្ទាយមានជ័យ ៖ ទារកតូចទើបតែឃើញពន្លឺថ្ងៃ បាន២ខែ បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីស្ត្រីជាម្តាយបានដេកបំបៅដោះកូន ស្រាប់តែជ្រុលដេកលក់មួយភាំង ដោះសង្កត់ខ្ទប់ទៅលើច្រមុះកូន បណ្តាលឱ្យថប់ដង្ហើមស្លាប់យ៉ាងអាណោចអាធ័ម លុះម្តាយភ្ញាក់ដឹងខ្លួន ឃើញកូនស្លាប់ ក៏ស្រែកទ្រហោយំបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើង កាលពីព្រលប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅក្នុងអគារស្នាក់នៅរបស់កម្មករ ស្ថិតក្នុងឃុំបាងបរ ស្រុកបាងបរ ខេត្តសមុទ្រប្រាកាន ប្រទេសថៃ។

ស្ត្រីជាម្តាយទារកអភ័ព្វខាងលើ ជាជនជាតិខ្មែរ និងបានចេញទៅធ្វើជាពលករនៅលើទឹកដីថៃ ព្រមទាំងបានប្តីជាជនជាតិថៃ ឈ្មោះភី រ៉ាក់ផុង និងបានរួមរស់បង្កើតបានកូនស្រីម្នាក់ ទើបនឹងមានអាយុ ២ខែប៉ុណ្ណោះ បែរជាមកជួបរឿងអកុសលបែបនេះតែម្តង។

ក្រោយពេលសមត្ថកិច្ចថៃ ចុះពិនិត្យដល់កន្លែងកើតហេតុ គឺបានសង្កេតឃើញថា មានទារកម្នាក់ ភេទស្រី អាយុ២ខែ ដេកស្លាប់នៅលើពូក ដោយស្ត្រីជាម្តាយដែលជាពលករខ្មែរ បានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនបានដេកផ្អៀងឱ្យកូនបៅ រួចក៏បានដេកលក់ខ្លួនឯងមួយភាំង ពេលដឹងខ្លួន ឡើងទើបដឹងថាកូនស្រីរបស់ខ្លួនស្លាប់បាត់ទៅហើយ។ ស្របពេលនោះដែរ បុរសជាប្តីដែលជាជនជាតិថៃ ឈ្មោះ ភី រ៉ាក់ផុង បានចេញពីធ្វើការ មកដល់ឃើញបែបនេះ ក៏រាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះពិនិត្យតែម្តង  

តម្រួតថៃ បានសន្និដ្ឋានថា ម្តាយពេលដេកលក់ អាចផ្អៀងខ្លួនសង្កត់ច្រមុះកូន ទើបធ្វើឱ្យថប់ដង្ហើមស្លាប់បែបនេះ៕