Thursday, April 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុមក្តឹបចោរចេញលួច តាំងចិត្តបើគេទាន់ ប្លន់សម្លាប់

ក្រុមក្តឹបចោរចេញលួច តាំងចិត្តបើគេទាន់ ប្លន់សម្លាប់

ខេត្តសៀមរាប ៖ ក្តឹបចោរមួយក្រុម មានគ្នា ៣នាក់ ស្ថិតក្នុងវ័យចន្លោះពី១៥ ទៅ១៧ឆ្នាំ បានចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅពេលយប់ ដោយពួកគេបានតាំងចិត្តរួចជាស្រេចថា ក្នុងករណីកំពុងលួច ត្រូវម្ចាស់គេតាមទាន់ នោះពួកគេនឹងកាប់សម្លាប់ប្លន់តែម្តង យ៉ាងណា ក្រោយពីធ្វើសកម្មភាពបានសម្រេច លួចបានលុយកាក់និងគ្រឿងអលង្ការ សរុបប្រមាណ ៦ពាន់ដុល្លារ ប៉ុន្តែមិនទាន់មានឱកាសបានចាយវាយផង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងចំណុះនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ព្រមទាំងកម្លាំងប្រជាការពារ បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងស្ទាវ អាយុ១៥ឆ្នាំ ដែលលួចកាបូបលុយរបស់ប្រជាពលរដ្ឋ មានដាក់គ្រឿងអលង្ការ និងប្រាក់មានតម្លៃ សរុបជាទឹកប្រាក់ប្រហែល ៦ពាន់ដុល្លារ។

ប្រតិបត្តិការបង្ក្រាបនិងចាប់ឃាត់ខ្លួនក្រុមក្មេងស្ទាវនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម។

លោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានបញ្ជាក់ប្រាប់ថា កិច្ចប្រតិបត្តិការនេះ សម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញា ទើបកម្លាំងយើងបានឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ រួមមាន ៖ ទី១-យុវជនអាយុ ១៧ឆ្នាំ កន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ន នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម។ ២-យុវជនអាយុ១៥ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម និង៣- យុវជនអាយុ១៦ឆ្នាំ ទីកន្លែងកំណើតនិងអាសយដ្ឋានបច្ចុប្បន្ន នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះគាន ឃឹម ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិប្រវ៉ាល ឃុតាយ៉ែក ស្រុកសូទ្រនិគម បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ខ្លួនបានដកយកលុយពីកាបូបស្ពាយ ចំនួន ៥ម៉ឺនរៀល ទៅស៊ីការគេ នៅភូមិត្រពាំងត្រាវ ឃុំពពេល ស្រុកសូទ្រនិគម រួចក៏ទុកកាបូបនោះ ដែលមានទាំងគ្រឿងអលង្ការនិងប្រាក់ នៅលើគ្រែក្រោមផ្ទះ ហើយក៏គេងលក់ទៅ។

ប្រភពដដែល បន្តថា លុះរហូតដល់ព្រឹកឡើង វេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ខ្លួនក្រោកពីដេក រកមើលកាបូប ស្រាប់តែបាត់ ហើយបានសួរនាំគ្នីគ្នា តែគ្មានអ្នកដឹង និងឃើញទេ ដូច្នេះខ្លួនក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាយ៉ែកតែម្តង។

ក្រោយទទួលបានការរាយកាណ៍ និងពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាយ៉ែក ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ព្រមទាំងកម្លាំងប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងបានកំណត់មុខសញ្ញា រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់ យកមកសាកសួរនៅអធិការដ្ឋាន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានចូលលួចកាបូបនោះ ដែលដាក់លើគ្រែក្រោមផ្ទះ ប្រាកដមែន ហើយធ្វើសកម្មភាពលួចនៅវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិ-ឃុំខាងលើ។

ជនសង្ស័យ បានបញ្ជាក់ថា ហើយផែនការរបស់ពួកគេ បើពេលលួច ម្ចាស់ងើបទាន់ ពួកគេនឹងកាប់សម្លាប់ចោលតែម្តង។

គួរបញ្ជាក់ថា ករណីខាងលើនេះ សមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាង ដែលជនសង្ស័យលួច និងធ្វើកំណត់ហេតុប្រគល់ជូនជនរងគ្រោះវិញអស់ហើយ។

ជនសង្ស័យទាំង ៣នាក់ខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿងបន្តទៅតុលាការ ចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES