Saturday, April 20, 2024
Homeនយោបាយខ្មែរគោរពដើមឈើធំ

ខ្មែរគោរពដើមឈើធំ

ដោយ អាចារ្យថាំ

ដើមឈើទាលដ៏ធំ ទំហំ៧ឱប ប្រវែងជាង៣០ម៉ែត្រ ត្រូវបានអាជ្ញាធររៀបចំ ថ្វាយសំណែនដល់ម្ចាស់ទឹកម្ចាស់ដី ប្រើរថយន្តស្ទូច ២គ្រឿង ស្ទូចឡើងពីបាតទន្លេ បាសាក់ យកទៅតម្កល់ទុកក្នុងបរិវេណសាលាឃុំឈើទាល ស្រុកស្អាង ខេត្តកណ្តាល បន្ទាប់ពីកប់បាត់ប្រមាណ ២០០ឆ្នាំ។

តាមព័ត៌មានថា មហាព្រឹក្សានេះ មានអាយុ ៥០០ឆ្នាំ ជាប្រភពនៃការដាក់ ឈ្មោះឃុំឈើទាល បានជាវាងើបមកវិញ ដោយសារការបូមខ្សាច់បាតទន្លេ។ តាំងពីលើកឈើនេះ មកតម្កល់ទុកនៅមុខសាលាឃុំ ក៏មានប្រជាពលរដ្ឋខ្មែរ ភ្លូក ទឹកភ្លូកដី នៅដុតធូបបន់ស្រន់សុំលាភសំណាងរៀងៗខ្លួន ព្រោះថាប្រជាពលរដ្ឋ ខ្មែរ “គោរពបូជាដើមឈើធំ” ដោយជឿថា ជាឈើសក្ការៈមានបារមី ម្ចាស់ទឹក ម្ចាស់ដីថែរក្សា។

ឈើសក្ការៈ មានដូចជា ដើមពោធិ៍, ឈើទាល, ច្រេស, សំរោង…បើវាដុះ ទៅតាមភូមិ តែងមានខ្ទមអ្នកតានៅពីក្រោម តែបើដុះក្នុងព្រៃជ្រៅ ក៏ជឿថា ជា លំនៅម្រេញគង្វាល បង់បត់ ឬវិមានរុក្ខទេវតា។ និយាយរួម ខ្មែរយើងគោរព ដើមឈើធំ តាំងពីបុរមបុរាណមក សូម្បីតែដើមឈើទាលធំ ស្រង់ចេញពីបាត-ទន្លេ ក៏ខ្មែរគោរពដែរ។

ចុះហេតុអ្វី? ដើមឈើធំៗនៅតំបន់ព្រៃ ត្រូវគេកាប់លក់ហិនហោច? សូម្បី តែវត្តអារាមខ្លះ ឬក្បែរទីតាំងសាលាស្រុក ក៏ត្រូវគេសមគំនិតគ្នាកាប់ដើមឈើធំ អារច្រៀកលក់បាត់ស្រមោល។

ករណីនេះ គឺមកពីចរិតលោភលន់របស់ឈ្មួញទុច្ចរិត ដែលមិនជឿលទ្ធិព្រលឹង មិនស្គាល់បុណ្យបាប ជាកត្តាធំបំផុត។ ជួនកាលអ្នកកាប់ ឬជួលគេឱ្យកាប់នោះ “មិន មែនជនជាតិខ្មែរទេ” ព្រោះខ្មែរគោរពដើមឈើធំ។ បើគេមិនមែនខ្មែរ ទោះជា ឈើគ្រញូង បេង នាងនួន ឈើទាល ទំហំ៧ឱប ក៏គេកាប់ដែរ ឱ្យតែបានលុយ។

ការកាប់បំផ្លាញព្រៃឈើដដែលៗ ហាមមិនស្តាប់នោះ “នគរធំ” លែងចង់ សរសេរទៅហើយ ព្រោះ “កោកៗសឹកមាត់ត្រដោក ឆ្អែតឯពោះក្របី” ប៉ុន្តែបើ សំងំធ្វើមិនដឹងមិនឮ ក៏មិនសមដែរ។ អ្វីដែលយើងហួសចិត្តនោះ នៅត្រង់ពេល ចូលទៅលេងស្រុកយួន នៅតំបន់ពាម ហាទៀង ឃើញមានភ្នំ រក្សាទុកដើមឈើ គ្មានបាត់១ដើមឡើយ។ មកពីច្បាប់វៀតណាម តឹងរ៉ឹង ទើបពលរដ្ឋគេមិនហ៊ាន កាប់ដើមឈើ ប៉ុន្តែឈ្មួញយួន ដែលចូលមករកស៊ីនៅខេត្តរតនគិរី មណ្ឌលគិរី បែរជាហ៊ានកាប់ឈើខ្មែរ តើមកពីអ្វី? នៅស្រុកយួន មិនហ៊ានកាប់ តែមកកាប់ ឈើស្រុកខ្មែរ គួរឱ្យហួសចិត្ត។

សម្រាប់ជនជាតិខ្មែរពិតប្រាកដ មិនហ៊ានប៉ះពាល់ដើមឈើធំៗ ដុះនៅតាម ភូមិនោះទេ ឬថាគ្រាន់តែឃើញដើមឈើទាល ឬដើមច្រេស មានខ្ទមអ្នកតានៅ ពីក្រោមនោះ គាត់ដើរវាងមិនហ៊ានជិត។ បើចូលព្រៃជ្រៅ បានឃើញឈើធំ ក៏ លើកដៃសំពះបន់ស្រន់ ចាប់បាយម្ហូបដាក់ស្លឹកឈើ ច្រូចទឹក សែនថ្វាយម្ចាស់ទឹក- ម្ចាស់ដី។ ផ្ទុយទៅវិញ អ្នកស៊ីឈ្នួលកាប់ឈើឱ្យឈ្មួញ ឬឧកញ៉ាគ្រាក់ៗ បើដើរ រកឈើ ប៉ះឈើទំហំប៊ុនកង់រទេះ គាត់សប្បាយរីកថ្លើម សង្ឃឹមដុល្លារចូលហោប៉ៅ។

លក្ខណៈផ្ទុយគ្នានេះ កំពុងប្រតោងប្រទាញផ្នែកជំនឿសាសនា ប៉ុន្តែមិនឈ្នះ ដុល្លារ ឬរណារង៉ោង។ គ្រាន់តែឮង៉ោងៗ ខ្ទរខ្ទានោះ អារុក្ខអារក្ស អ្នកតា រត់ បាត់អស់ហើយ មិនបាននៅតតាំងនឹងមនុស្ស ឬចាំកាច់មែកឈើទម្លាក់លើ ដូច ទេព្រក្ស ក្នុងរឿង “មាយើង” ដែលខឹងស្តេចនិយាយកុហក រួចកាច់មែកឈើប៉ង ធ្វើគុតស្តេចនោះទេ។

បើសិនជាខ្មែរនាំគ្នាគោរពបូជាដើមឈើធំ ដូចឃើញមនុស្សរាប់ពាន់នាក់ទៅ សំពះបន់ស្រន់ដើមឈើទាល ស្រង់ចេញពីបាតទន្លេ នៅកោះអន្លង់ចិន ប្រហែល ជាព្រៃឈើស្រុកខ្មែរ មិនវិនាសយ៉ាងនេះទេ។

ជំនឿប្រាសចាកពីវិទ្យាសាស្ត្រ ក៏ពិតមែន ប៉ុន្តែព្រោះតែជំនឿនេះហើយ បាន ជាព្រៃឈើគង់វង្ស រហូតដល់សម័យលន់ នល់។ ចូលដល់សម័យប៉ុល ពត ទមិឡ អត់សាសនា អង្គការចាត់ឱ្យកាប់ឆ្ការព្រៃភ្នំ ដាំពោត ប៉ុន្តែព្រៃស្រោង នៅរក្សាទុក។

ឥឡូវគេលែងជឿអ្នកតា ម្រេញគង្វាល ស្អីទៀតហើយ ទើបព្រៃឡង់ កំពុង រងការគំរាមកំហែង ឈានទៅបាត់បង់ បើរាជរដ្ឋាភិបាល មិនប្រើធម៌ក្តៅ។ អ្នក រកស៊ីកាប់ឈើច្បាស់ជាសើចចំអកដល់ប្រជាពលរដ្ឋ ដែលនាំគ្នាទៅថ្វាយបង្គំដើម ឈើទាល ស្រង់ចេញពីបាតទន្លេនោះហើយមើលទៅ?…’

RELATED ARTICLES