Thursday, April 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរស្រីលួចឡានក្នុងបុរី លាក់នៅ T3 ជាប់ខ្នោះ

ចោរស្រីលួចឡានក្នុងបុរី លាក់នៅ T3 ជាប់ខ្នោះ

ភ្នំពេញ ៖ ស្ត្រីសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការបង្ក្រាបនិងចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីចោរកម្ម លួចរថយន្ត ១គ្រឿង ពីក្នុងបុរីមួយកន្លែង ឯសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រួចក៏យកមកផ្ញើលាក់ទុកនៅកន្លែងផ្ញើឡានម៉ូតូ T3 ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

ប្រតិបត្តិការបង្ក្រាបនិងចាប់ឃាត់ខ្លួនចោរស្រីលួចរថយន្តខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខកន្លែងផ្ញើឡានម៉ូតូ T3 ស្ថិតនៅតាមផ្លូវលេខ១៥៤ ភូមិ៥ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

ស្ត្រីជនសង្ស័យដែលត្រូវសមត្ថកច្ចិចាប់ឃាត់ខ្លួន មានឈ្មោះអ៊ឹម រតនា ហៅឡែន អាយុ៣៨ឆ្នាំ មុខរបរនិងលំនៅមិនពិតប្រាកដ។ ចំណែកវត្ថុតាងដកហូតបាន រួមមាន រថយន្ត ១គ្រឿង ម៉ាក Toyota VIOS ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៨ លេខម៉ាស៊ីន INR5177853 លេខតួ F3501034432 ពាក់ស្លាកលេខ ភ្នំពេញ 2AS-0194។

ក្រោយពីបានសាកសួរ ស្ត្រីសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចរថយន្ត ១គ្រឿងខាងលើ នៅចំណុចសណ្ឋានគារ APPLE បុរីញូវថោន ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងយកមកផ្ញើលាក់ទុកនៅចំណុចមុខកន្លែងផ្ញើ ឡានម៉ូតូ T3 ស្ថិតនៅតាមផ្លូវលេខ១៥៤ ភូមិ៥ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

ភ្លាមនោះកម្លាំងជំនាញរបស់អធិការដ្ឋានខណ្ឌដូនពេញ បានទាក់ទងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ អធិការដ្ឋានបានប្រគល់ជនសង្ស័យ រួមនិងវត្ថុតាង ឱ្យអធិការដ្ឋាននរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES