Saturday, April 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរ២នាក់ អារកប្លន់សម្លាប់មនុស្ស តុលាការសម្រេចដាក់គុក១ជីវិត

ចោរ២នាក់ អារកប្លន់សម្លាប់មនុស្ស តុលាការសម្រេចដាក់គុក១ជីវិត

ភ្នំពេញ ៖ សំណុំរឿងឃាតកម្ម ប្លន់សម្លាប់បុរសម្នាក់ នៅចំណុចដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវរោងចក្រថៃហ្គ័រ ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ដែលត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវបំបែកសំណុំរឿង និងឈានដល់ការចាប់ខ្លួនជនដៃដល់ជាឃាតករ ២នាក់ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅក្នុងទឹកដីស្រុកគិរីវង់ ខេត្តតាកែវ ត្រង់ចំណុចក្បែរព្រំដែនកម្ពុជា-វៀតណាម នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោស លើជនដៃដល់ទាំង២នាក់ ដាក់ពន្ធនាគារ ម្នាក់ៗអស់មួយជីវិត។

លោកឆឹង ឫទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ២នាក់ ដាក់ពន្ធនាគារ ម្នាក់ៗអស់មួយជីវិត ពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន និងបទសមគំនិត សម្លាប់ជនរងគ្រោះយកទ្រព្យសម្បត្តិ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវរោងចក្រថៃហ្គ័រ ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ជនជាប់ចោទទី១- ឈ្មោះម៉េង  ណាឃីម  ភេទប្រុស  អាយុ២១ឆ្នាំ  ឃាត់ខ្លួនបាននៅស្រុកគិរីវង់  ខេត្តតាកែវ ជាប់ចោទពីបទឃាតកម្មគិតទុកជាមុន។ ចំណែកជនជាប់ចោទទី២- ឈ្មោះម៉ៅ  រដ្ឋា  ហៅជិប  ភេទប្រុស អាយុ២៩ឆ្នាំ ឃាត់ខ្លួនបាននៅស្រុកគិរីវង់  ខេត្តតាកែវ ជាប់ចោទពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។ ដោយឡែក ជនរងគ្រោះ មានឈ្មោះសោ សៅពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមេការឡានដឹកដី ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

គួររំលឹកថា សំណុំរឿងឃាតកម្ម ប្លន់សម្លាប់បុរសម្នាក់នៅចំណុចដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវរោងចក្រថៃហ្គ័រ ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរាជធានីភ្នំពេញ សហការ ជាមួយកម្លាំងជំនាញខេត្តតាកែវ ធ្វើការស្រាវជ្រាវរហូតឈានដល់ការបំបែកសំណុំរឿងក្តី កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយបានធ្វើការបង្ក្រាប ឃាត់ខ្លួនជនដៃដល់ជាឃាតករ បានចំនួន២នាក់ នៅក្នុងទឹកដីស្រុកគិរីវង់ ខេត្តតាកែវ ត្រង់ចំណុចក្បែរព្រំដែនកម្ពុជា-វៀតណាម។

យោងតាមចម្លើយជនសង្ស័យទាំង ២នាក់ខាងលើ បានឆ្លើយសារភាពថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពួកគេពិតជាបានធ្វើសកម្មភាពប្លន់ ចាក់សម្លាប់ទៅលើជនរងគ្រោះឈ្មោះសោ សៅពិសិដ្ឋ ប្លន់យកម៉ូតូ ខ្សែកមាស ចិញ្ចៀន ខ្សែដៃមាស និងទូរស័ព្ទ ប្រាកដមែន។ ក្រោយពីធ្វើសកម្មភាពរួច ពួកគេបានចែកចំណែកគ្នា ដោយឈ្មោះម៉ៅ រដ្ឋា ហៅជិប យកចិញ្ចៀនមាស និងខ្សែក ចំណែកឈ្មោះម៉េង ណាឃីម យកម៉ូតូ ទូរស័ព្ទដៃ និងខ្សែដៃ រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ តែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចក្នុងដីឡូត៍មួយកន្លែង ជិតរោងចក្រថៃហ្គ័រ ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បន្ទាប់ពីមានប្រជាពលរដ្ឋបានប្រទះឃើញ សាកសពបុរសម្នាក់ ស្ថិតក្នុងសភាពត្រូវគេអារកសម្លាប់ ហើមស្អុយ និងរុយរោម ដេកស្លាប់ក្នុងគុម្ពោតព្រៃ លុះក្រោយពីធ្វើការស្រាវជ្រាវ ទើបស្គាល់អត្តសញ្ញាណសព និងដឹងថា ជនរងគ្រោះ បានបាត់ខ្លួនចេញពីផ្ទះ អស់រយៈពេល ២ថ្ងៃមកហើយ ស្រាប់តែក្លាយជាសាកសពត្រូវគេអារកសម្លាប់បែបនេះតែម្តង។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ នៅសុខៗជនរងគ្រោះបានជិះម៉ូតូចេញបាត់ពីផ្ទះ ដោយមិនបានប្រាប់ដំណឹងឱ្យអ្នកណាម្នាក់ បានដឹងទាល់តែសោះ។ បន្ទាប់មក ក្រុមគ្រួសារព្យាយាមទាក់ទងតាមទូរស័ព្ទផង តាមស្វែងរកផង ប៉ុន្តែមិនមានតម្រុយអ្វីបន្តិចសោះ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានព័ត៌មានថា មានគេប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ ត្រូវគេអារកសម្លាប់នៅក្នុងដីឡូត៍មួយកន្លែង ក្បែររោងចក្រថៃហ្គ័រ ទើបក្រុមគ្រួសារមានការសង្ស័យ ប្រញាប់ទៅពិនិត្យមើល ទើបដឹងថា ពិតជាសាកសពរបស់ជនរងគ្រោះដែលបានបាត់ខ្លួនតាំងពី ២ថ្ងៃមុនមែន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋរស់នៅក្បែរខាងកន្លែងកើតហេតុ បានធុំក្លិនស្អុយចម្លែក ទើបនឹកឆ្ងល់ ដើរតាមរកមើល ស្រាប់តែចូលទៅដល់ដីឡូត៍កន្លែងកើតហេតុ ក៏ប្រទះឃើញមានសាកសពហើមស្អុយ និងមានរុយរោមទៀតផង ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ដោយមានស្លាកស្នាមអារក និងមានសភាពធុំក្លិនស្អុយ រុយរោមទៅហើយ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យសពរួចរាល់ ក៏បានបញ្ជាក់ថា សាកសពជនរងគ្រោះ បានស្លាប់ដោយសារអំពើឃាតកម្ម (អារកសម្លាប់) ពោលគឺជាករណីឃាតកម្ម ប្លន់យកសម្បត្តិ។

តាមការអះអាងពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ក្រោយពេលប្រទះឃើញសាកសព ពុំឃើញមានវត្ថុតម្លៃអ្វីរបស់ជនរងគ្រោះនៅសេសសល់ឡើយ ដោយក្នុងនោះ បានបាត់បង់ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ រួមនិងទូរស័ព្ទ ១គ្រឿងទៀតផង៕

RELATED ARTICLES