Thursday, April 25, 2024
Homeសង្គម និងជីវិតជនជាតិព្នងផ្ទុះការតវ៉ា ឧកញ៉ាទិញដីព្រៃកប់ខ្មោច

ជនជាតិព្នងផ្ទុះការតវ៉ា ឧកញ៉ាទិញដីព្រៃកប់ខ្មោច

ខេត្តមណ្ឌលគិរី ៖ ដីព្រៃកប់សពរបស់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច ព្នង ដែលមានទំហំប្រមាណជិត ២ហិកតារ មានទីតាំងស្ថិតនៅទល់មុខការដ្ឋានវាយថ្មចាស់ ស្ថិតក្នុងភូមិឡៅការ និងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ត្រូវបានជនជាតិដើមភាគតិច ព្នង អះអាងថា ត្រូវបានឧកញ៉ាម្នាក់ នៅរាជធានីភ្នំពេញ គប់គិតទិញ-លក់យក មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាហេតុធ្វើឱ្យពួកគាត់ដែលមានផ្នូរដូនតា សាច់ញាតិនៅទីតាំងខាងលើ កើតទុក្ខមិនសុខចិត្ត ផ្ទុះការតវ៉ាទាមទារឱ្យរក្សាទុកវិញ។

ការប្រមូលផ្តុំគ្នាតវ៉ារបស់បងប្អូនជនជាតិភាគតិចនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចដីព្រៃកប់សព ស្ថិតនៅទល់មុខការដ្ឋានវាយថ្មចាស់ ស្ថិតក្នុងភូមិឡៅការ និងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

តាមសម្តីរបស់បងប្អូនជនជាតិដើមភាគតិច ដែលមានផ្នូរសពសាច់ញាតិនៅកន្លែងទីតាំងដីនោះ បាននិយាយថា ដីនេះ ពួកគាត់បានប្រើប្រាស់សម្រាប់កប់សព ជាច្រើនជំនាន់មកហើយ ស្រាប់តែថ្មីៗនេះ បែរជាមានមនុស្សប្លែកមុខ មកអះអាងថា ដីនោះជារបស់ខ្លួន និងមានបោះ បង្គោលព័ទ្ធដីនោះថែមទៀត។

តំណាងអ្នកភូមិ បានបន្តថា នៅពេលដែលអ្នកភូមិបានទៅហាមឃាត់ កុំឱ្យមានការយកដីព្រៃកប់ខ្មោចរបស់អ្នកភូមិ ជាកម្មសិទ្ធិ ក៏មានបុរសម្នាក់ បង្ហាញឯកសារកាន់កាប់ និងលក់ដូរដីនោះ ដោយអះអាងថា មានប្លង់ត្រឹមត្រូវ។ ប៉ុន្តែក្រដាសប្លង់នោះ បានបង្កឱ្យអ្នកភូមិមានការ ងឿងឆ្ងល់ ដោយមានត្រាទទួលស្គាល់ពីភូមិ-សង្កាត់ ប៉ុន្តែបែរជាគ្មានឈ្មោះ ឬស្នាមមេដៃអ្នកទទួលសិទ្ធិទៅវិញ ប្រៀបដូចជាពាក្យចាស់ថា “កូនកើតមុនឪ ពតាដើរលេង” ដូច្នោះដែរ។

យោងតាមលិខិតដែលទទួលបានពីប្រជាពលរដ្ឋ បានឱ្យដឹងថា ឈ្មោះអន ប៊ុនធូ ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅ ភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បានព្រមព្រៀងឯកភាពប្រគល់សិទ្ធិកាន់កាប់ដីចម្ការមួយកន្លែង ដែលមិនទាន់មានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុនៅឡើយ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានផ្ទៃក្រឡាប្រមាណ ១៦០០០ម៉ែត្រការ៉េ ទៅឱ្យឈ្មោះឆែ ភាព ភេទប្រុស អាយុ៤២ឆ្នាំ ដែលមានចុះកាលបរិច្ឆេទថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៤។ ក្រោយមក ឈ្មោះឆែ ភាព បានលក់ដីមួយកន្លែងនេះ ទៅឈ្មោះអ៊ុត ធី ភេទប្រុស អាយុ៤៨ឆ្នាំ ដោយមានការចុះថ្ងៃបរិច្ឆេទថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០៦។

បងប្អូនជនជាតិដើមដែលមានលំនៅឋាន និងអាស្រ័យដីព្រៃខាងលើ ទុកសម្រាប់កប់សពសាច់ញាតិ បានសំណូមពរដល់អភិបាលខេត្តមណ្ឌលគិរី ជួយរកដំណោះស្រាយសមស្របសម្រាប់ពួកគាត់ ហើយអ្នកភូមិក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន មុនចុះហត្ថលេខា ឬទទួលស្គាល់ដីកន្លែងណាមួយឱ្យនរណាម្នាក់ សូមចុះពិនិត្យឱ្យបានច្បាស់លាស់ ចៀងវាងការប៉ះពាល់ផលប្រយោជន៍រួម ជាពិសេសបង្កទៅជាទំនាស់រ៉ាំរ៉ៃ ដោះស្រាយមិនចប់។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ“ មិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរមូលដ្ឋានបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES