Thursday, April 25, 2024
Homeសង្គម និងជីវិតជិះម៉ូតូបុកគូទឡានធំចតស្ងៀម បាក់កស្លាប់

ជិះម៉ូតូបុកគូទឡានធំចតស្ងៀម បាក់កស្លាប់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បើកម៉ូតូស៊េរីចាស់ ១គ្រឿង ភ្លើងបំភ្លឺផ្លូវមិនសូវភ្លឺ និងធ្វើដំណើរក្នុងល្បឿនលឿន ក៏បណ្តាលឱ្យជ្រុលទៅបុកពីក្រោយរថយន្តធុនធំ ១គ្រឿង ដែលកំពុងចតស្ងៀមលើទ្រូងផ្លូវ ដោយមិនបានដាក់ភ្លើងបំភ្លឺ ឬសញ្ញាសម្គាល់អ្វីសោះ បណ្តាលឱ្យបុរសជាអ្នកជិះម៉ូតូ រងរបួសបែកក្បាល និងបាក់កស្លាប់ភ្លាមៗមួយរំពេច។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ 57B ស្ថិតក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល។

លោកសេង លុច អធិការនគរបាលស្រុកថ្មគោល បានបញ្ជាក់ប្រាប់ថា បុរសរងគ្រោះដែលជិះម៉ូតូបុកគូទឡានធំស្លាប់នោះ មានឈ្មោះ រើន ប៊ុនរ៉ង អាយុ៣៧ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុ។

លោកអធិការ បន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី១៩៩៧ ពាក់ស្លាកលេខ បាត់ដំបង 1X-4241 ត្រឡប់មកពីធ្វើការវិញម្នាក់ឯង ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ទីតាំងកើតហេតុ ដោយសារភ្លើងបំភ្លឺផ្លូវមិនសូវភ្លឺច្បាស់ ក៏បានបើកម៉ូតូបុករថយន្តធុនធ្ងន់ ១គ្រឿង ម៉ាក Fuso ពណ៌ខៀវលាយស ពាក់ស្លាកលេខ បាត់ដំបង 3A-0446  ដែលចតស្ងៀមនៅលើទ្រូងផ្លូវ ដោយគ្មានស្លាកសញ្ញានិងភ្លើងបំភ្លឺក្រោយ ក៏បណ្តាលឱ្យបែកក្បាល និងបាក់ក ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ ភាគីខាងរថយន្ត បានបើករត់គេច ប៉ុន្តែទំនងស្លន់ស្លោពេក ទើបបើកទៅមុខបានបន្តិច ក៏ចតរថយន្តចោល ហើយចុះរត់គេចខ្លួនបាត់ទៅ។

ជុំវិញករណីនេះ នគរបាលផ្នែកជំនាញស្រុកថ្មគោល បានប្រគល់សំណុំរឿង ឱ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវកោគខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES