Wednesday, April 17, 2024
Homeព័ត៌មានជាតិបើកត្រាក់ទ័រភ្ជួរដី កិនមីនតោនផ្ទុះដាច់ជើង

បើកត្រាក់ទ័រភ្ជួរដី កិនមីនតោនផ្ទុះដាច់ជើង

ខេត្តប៉ៃលិន ៖ បុរសម្នាក់ កំពុងបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេសុខៗ ស្រាប់តែកិនចំមីនតោន ១គ្រាប់ ដែលនៅសេសសល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះកក្រើក បង្កឱ្យបុរសជាតៃកុងត្រាក់ទ័រ រងរបួសធ្ងន់ ដាច់ជើងម្ខាង ចំណែកត្រាក់ទ័រ រងការខូចខាតអស់ទាំងស្រុងតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុច ដីចម្ការមួយកន្លែង ស្ថិតនៅទល់មុខបន្ទាយយោធា ស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

ជនរងគ្រោះជាតៃកុងត្រាក់ទ័រ មានឈ្មោះមឿន សិលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរស៊ីឈ្នួលបើកត្រាក់ទ័រ មានលំនៅ ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

តាមប្រភពពីអ្នកដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានបើកត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីឱ្យប្រជាពលរដ្ឋក្នុងភូមិម្នាក់ឈ្មោះឃួន សុធា ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅ ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ជាអ្នកជួលដីស្រែពីអ្នកភូមិផ្សេងទៀតដែរ។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ១១ព្រឹក ថ្ងៃដដែល  ខណៈដែលត្រាក់ទ័រកំពុងភ្ជួរដី ស្រាប់តែផុងដីសើមក្បែរភ្លឺស្រែ បណ្តាលឱ្យកង់លិចទៅប៉ះនឹងគ្រាប់មីនតោន ១គ្រាប់ ដែលនៅសេសសល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះលាន់ឡើងកក្រើក ធ្វើឱ្យជនរងគ្រោះ បានខ្ទាតចេញពីលើត្រាក់ទ័រជាច្រើនម៉ែត្រ សន្លប់នៅលើវាលស្រែ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោយសភាពធ្ងន់ធ្ងរពេក ក៏ប្រញាប់ដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ រងរបួសដាច់ជើងខាងឆ្វេង រងរបួសពេញដងខ្លួន និងបែកក្បាល ស្ថិតក្នុងសភាពធ្ងន់ខ្លាំងណាស់។

តាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ បានលើកឡើងថា នៅត្រង់ចំណុចដីស្រែខាងលើ ត្រូវបានគេរាវរកគ្រាប់មីន រួចរាល់អស់ហើយ ប៉ុន្តែមិនដឹងជាយ៉ាងណា យូរៗម្តង ស្រាប់តែមានករណីផ្ទុះគ្រាប់មីនតោន រងរបួស និងខូចខាតត្រាក់ទ័រ អស់មួយចំនួន ដែលធ្វើឱ្យប្រជាពលរដ្ឋមានការខ្លាចរអាយ៉ាងខ្លាំង និងសំណូមពរឱ្យខាងក្រុមការងារកម្ចាត់មីន ស៊ីម៉ាក់ ចុះទៅពិនិត្យនិងរាវរកគ្រាប់មីនបន្តទៀត ដើម្បីជួយដល់កសិករឱ្យមានសុវត្ថិភាព៕

ប៊ុនថេត

RELATED ARTICLES