Friday, March 29, 2024
Homeបរិយាយយុទ្ធសាស្ត្រឈ្នះ-ចាញ់

យុទ្ធសាស្ត្រឈ្នះ-ចាញ់

ដោយ អាចារ្យថាំ

ឥស្សរជនដែលកាន់អំណាចបានរាប់សិបឆ្នាំ គឺមកពីប្រើ “យុទ្ធសាស្ត្រឈ្នះ” រីឯអ្នកកាន់អំណាចមួយរយៈខ្លី ឬត្រឹមតែ ដណ្តើមអំណាចពីគេ មកពី “យុទ្ធសាស្ត្រចាញ់”។ រវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ លោកសម រង្ស៊ី លោកកឹម សុខា ដែលកាន់អំណាចខ្លី និងដណ្តើមអំណាចនោះ មានលក្ខណៈផ្ទុយគ្នាស្រឡះ ដែល “នគរធំ” ព្យាយាមស្រាវជ្រាវរកពី “យុទ្ធសាស្ត្រឈ្នះ-ចាញ់” ជូនមិត្តអ្នកអានបានជ្រាប ទុកជាប្រធានបទបរិយាយថ្ងៃនេះ…។

១- យុទ្ធសាស្ត្រឈ្នះ ៖ កាលពីបុរាណ ព្រះមហាក្សត្រទ្រង់កាន់អំណាចទាំង៣ ពុំមានជនណាអាចល្មើសព្រះចេស្តាបាន ឡើយ ព្រោះព្រះអង្គមានព្រះនាមម៉្យាងថា “សម្មតិទេព” ឬ សន្មតដូចព្រះអាទិទេព។ ព្រះមហាក្សត្រ ជាច្រើនអង្គ ដូចជា “ព្រះបាទពញាយ៉ាត, ព្រះបាទអង្គច័ន្ទទី១ ឬព្រះច័ន្ទរាជា, ព្រះបាទនរោត្តម” សោយរាជ្យបានរាប់សិបឆ្នាំ រហូតដល់សោយ-ព្រះទិវង្គត គ្មានពួកថ្លើងបះឯណាផ្តួលរំលំព្រះអង្គបានឡើយ។ ចំណុចសំខាន់គឺមកពី “សម្ពាយបុណ្យ” ជួយទ្រទ្រង់ ជាពិសេស មកពីព្រះអង្គចេះរៀបចំ “រាជ្យាង្គ” (អង្គរបស់រាជ្យ) មាន ៩យ៉ាងគឺ ៖

១-មានព្រះរាជា ជាប្រធានរបស់ប្រទេស, ២-មានមហាមាត្យអ្នកឈ្លាសវៃនិងជាប្រធានសម្រេចកិច្ច (នាយករដ្ឋមន្ត្រី), ៣-មានប្រទេសដទៃជាមិត្តជិតស្និទ្ធ ៤-មានទ្រព្យបរិបូណ៌ល្មមដល់ការគ្រប់គ្រងប្រទេស, ៥-មានអ្នកប្រាជ្ញច្រើន, ៦-មាន បន្ទាយមាំមួន, ៧- មានសេនាទាហានសម្រាប់ការពាររក្សាព្រះនគរ, ៨-មានប្រជាពលរដ្ឋស្លូតត្រង់, ៩-មានរាជបុរោហិត និងអ្នកប្រវត្តិសាស្ត្រដែលមានចំណេះវិជ្ជាស្ទាត់ប្រាកដ។ រាជ្យាង្គទាំង ៩ប្រការនេះ មានចារទុកនៅក្នុងវចនានុក្រមខ្មែរ របស់ សម្តេចព្រះសង្ឃរាជ ជួន ណាត កំពូលអ្នកប្រាជ្ញខ្មែរ។

ករណីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់អំណាចបានរាប់សិបឆ្នាំ គឺមកពីសម្តេច ចេះរៀបចំឱ្យមាន ”រាជ្យាង្គ” នេះឯង ពោលគឺយើងមានព្រះមហាក្សត្រសោយរាជ្យ ជានិមិត្តរូបនៃរាជបល្ល័ង្ក, មានរាជរដ្ឋាភិបាល ច្បាស់លាស់លើមុខ ក្រសួង, មានសម្ព័ន្ធភាពជាមួយប្រទេសជិតខាងភូមិផងរបងជាមួយ ភ្ជាប់ព្រំដែនសន្តិភាព, មានថវិកាជាតិសមរម្យ សម្រាប់ កសាងប្រទេស, មានរាជបណ្ឌិត្យសភា និងបញ្ញវន្តគ្រប់មុខជំនាញ, មានទីតាំងបន្ទាយសេន្យានុភាពគ្រប់មុខព្រួញ ទាំង ផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាស, មានកងយោធពលខេមរភូមិន្ទ ដែលហ្វឹកហាត់បានល្អ មានវិន័យថ្លៃថ្នូរ (មិននិយាយពីជន ខិលខូចខ្លះ) មានប្រជារាស្ត្រស្លូតត្រង់ គោរពច្បាប់ រកស៊ីតាមសម្មាអាជីវោ ជីវភាពប្រែប្រួលខុសពីមុនដែលមានតែបាតដៃ ទទេ, មានក្រុមបារគូបុរោហិត ក្រុមហោរាសាស្ត្រព្រះបរមរាជវាំង ចេះចាំក្បួនតម្រាបុរាណ មិនលោតតាមវិទ្យាសាស្ត្រ ភ្លេចប្រពៃណី។

“រាជ្យាង្គទាំង៩” នេះ បើរៀបចំបានសុក្រឹត នឹងជួយអ្នកដឹកនាំប្រទេស រួមមាន ព្រះមហាក្សត្រ រាជានុសិទ្ធិ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី កាន់អំណាចមួយជីវិត (ដោយមិននិយាយពីអាណត្តិ) ព្រោះនគរបុរី ប្រកបដោយរាជ្យាង្គ នាំមកនូវសិរី-សួស្តី សុភមង្គលជានិរន្តរ៍។

-យុទ្ធសាស្ត្រចាញ់ ៖ យើងឃើញអ្នកដឹកនាំប្រទេសទាំងបុរាណ និងសម័យ ភាគច្រើនកាន់អំណាចមិនបានយូរ ក្នុងនោះ មានដូចជា “ព្រះបាទពញាអន, ព្រះបាទពញាញោម, លោកលន់ នល់ ,បងធំ ប៉ុល ពត ព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិ” ជាដើម។

មូលហេតុ គឺមកពីមិនចេះរៀបចំ “រាជ្យាង្គ” ឱ្យល្អ ពោលគឺព្រះមហាក្សត្រ ខ្វះទសពិធរាជធម៌, សម្តេចចៅហ៊្វាទឡ្ហៈ ឬនាយករដ្ឋមន្ត្រី ពុករលួយ, បង្កសង្គ្រាមជាមួយប្រទេសជិតខាង ធ្វើឱ្យព្រំដែនគ្មានសន្តិភាព, មិនចេះរកចំណូលពន្ធដារ ឬប្រមូលបានមកកិបកេងទុកជាសម្បត្តិផ្ទាល់ខ្លួន, អ្នកប្រាជ្ញបណ្ឌិត ក្លាយជាពាល ឬមនុស្សល្ងង់ អួតខ្លួនជាអ្នកចេះ, គ្មានបន្ទាយមាំមួន ខ្វះសព្វាវុធ, កងទ័ពអត់វិន័យ រំលោភជិះជាន់លួចប្លន់រាស្ត្រ, ប្រជាពលរដ្ឋដណ្តើមគ្នារស់ ខ្វះសាមគ្គីធម៌, គ្រូទាយ ក្លាយជាគ្រូបោក៘

“យុទ្ធសាស្ត្រឈ្នះ-ចាញ់” ដើរទន្ទឹមគ្នា មិនមែនស្រួលទេ បើអ្នកនយោបាយ គ្មានលក្ខណៈ “ជាតិនិយម” ដោយមានតែ “អាត្មានិយម” ទោះជាប្រឹងរៀបចំប្រទេសយ៉ាងណា ក៏មិនបាន “រាជ្យាង្គ” ប្រកបដោយអង្គទាំង ៩នេះដែរ។

“ព្រះបាទអង្គច័ន្ទទី១ ឬព្រះច័ន្ទរាជា” ត្រូវកងទ័ពសៀម នាំយកទៅឃុំគ្រងតាំងពីនៅរាជកុមារ ព្រោះជាបុត្រាព្រះបាទ ធម្មរាជា និងជាចៅព្រះបាទពញាយ៉ាត។ ព្រះអង្គវិលចូលប្រទេសវិញ ចាប់ផ្តើមធ្វើសង្គ្រាម រហូតឈ្នះស្តេចកន ទើបចាប់បន្ត រៀបចំ “រាជ្យាង្គ” តាមរយៈ “កសាងបន្ទាយលង្វែក”។ ព្រះអង្គគ្រងរាជ្យសម្បត្តិ តាំងពីឆ្នាំ១៥១៦-១៥៦៦ (៥០ឆ្នាំ) ពិតជា មិនធម្មតាឡើយ ដែលកាលនោះ នៅកម្ពុជា សម្បូរដោយអ្នកប្រាជ្ញ រាជបណ្ឌិត ព្រោះស្តេចបានប្រមែប្រមូលអ្នកចេះដឹង មកបំប៉នចំណេះ ឱ្យចូលក្របខ័ណ្ឌរាជការ។

“ព្រះបាទពញាអន, ពញាញោម” គ្រងរាជ្យបានតែ១-២ឆ្នាំ ក៏ត្រូវគេធ្វើគុត ព្រោះតែខ្វះទសពិធរាជធម៌ រំលោភប្រពន្ធ កូនគេ មិនសូវខ្វល់ពីកិច្ចការព្រះនគរ ដោយរវល់តែនាំរាជបរិពារ ដេញសត្វ ប្រពាតព្រៃ។

ក្រឡេកមើលរបៀបធ្វើការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៧៩ ជាពិសេស ក្រោយពេល សម្តេចឡើងជាប្រមុខរដ្ឋាភិបាល ឆ្នាំ១៩៨៥មក ឃើញថា ប្រមុខ ជភភ រូបនេះ “ប្រឹងទាំងឈឺទាំងជា” ក្នុងការរៀបចំ ប្រទេស ឱ្យមាន “រាជ្យាង្គ”។ ការយាងសម្តេចឪ ព្រះនរាត្តម សីហនុ ដែលលន់ នល់ ធ្វើរដ្ឋប្រហារ ឯប៉ុល ពត ដាក់គុកវាំង បានយាងមកគ្រងរាជ្យជាលើកទី២នោះ មានន័យថា បានរៀបចំឱ្យមានព្រះមហាក្សត្រ ជានិមិត្តរូបនៃរាជបល្ល័ង្ក។ ការកសាង ប្រទេស ចាប់ពីសូន្យ រហូតជឿនលឿនដូចពេលនេះ សុទ្ធតែនៅក្នុងរាជ្យាង្គ ទាំងអស់។

ទោះយ៉ាងណា បើកាលណាមាន “រាជ្យាង្គ” គេត្រូវរក្សាទុកឱ្យមានអ្នកប្រឆាំងខ្លះ សម្រាប់រិះគន់កែលម្អមាគ៌ាដឹកនាំ ព្រោះអ្នកស្រប មិនហ៊ាននិយាយទេ។ ដូចល្ខោនបាសាក់ ១វង់ បើខ្វះតួយក្ស តួមេចោរ តួតាឥសី ឬមានតែតួស្លូតត្រង់ យំ ពេញឆាកនោះ “ម៉េចហៅល្ខោន?”។

អ្នករៀបចំរាជ្យាង្គ គ្មានការយោគយល់គ្នាឯងដែលធ្វើខុសនោះទេ ដូចករណី ព្រះច័ន្ទរាជា កាត់ទោសប្រហារជីវិត “ឧកញ៉ាយមរាជ សួស” ដែលមិនស្តាប់ការត្រាស់បង្គាប់ឱ្យគោរពកតិកាសញ្ញា ផ្អាកសង្គ្រាម ៣ខែ ទុកពេលឱ្យរាស្ត្រធ្វើស្រែ ចម្ការ តែយមរាជ សួស មិនគោរព បែរជានាំបរិវារទៅលបបាញ់ស្តេចកន ទោះជាបាញ់មិនត្រូវ ក៏ធ្វើឱ្យខូចកិត្តិយសព្រះច័ន្ទ-រាជា ទើបសម្រេចផ្តន្ទាទោសនាហ្មឺនជំនិតនេះ អត់យោគយល់។ ករណីសម្តេចហ៊ុន សែន បកស័ក្តិ ដកតំណែងមន្ត្រី ជភភ គ្រាក់ៗមួយចំនួននោះ ជារឿងត្រឹមត្រូវហើយ ព្រោះរាជ្យាង្គ គ្មានការយោគយល់គ្នាឯងដែលប្រព្រឹត្តខុសច្បាប់នោះទេ។

សរុបទៅ “យុទ្ធសាស្ត្រឈ្នះ-ចាញ់” ជាការសិក្សាស្រាវជ្រាវប្រាកដនិយមចេញពីក្បួនតម្រា មិនចេះតែថាតាមចិត្តនោះ ទេ។ រាជ្យាង្គ នាំមកនូវសុខសន្តិភាព ជួយយឹតយោងថ្នាក់ដឹកនាំឱ្យកាន់អំណាចបានយូរ រហូតមួយជីវិត ប៉ុន្តែត្រូវរក្សាទុក “មតិប្រឆាំង” មិនអាចអត់បានឡើយ។ អ្នកគាំទ្រ ជភភ ភាគច្រើន អត់យល់ពីយុទ្ធសាស្ត្រនេះទេ ដោយចង់ “បង្ក្រាបពួក ប្រឆាំងឱ្យរាបដូចស្មៅ” ទុកតែ ជភភ។ បើយ៉ាងនេះមែន នឹងធ្វើឱ្យអន្តរាយដល់រាជ្យាង្គ មិនខានឡើយ ដែលជាបរិបទ សម្រាប់សកម្មជន ជភភ រៀបចំការឃោសនាបោះឆ្នោតមេឃុំ-ចៅសង្កាត់ ពិចារណាតាមការគួរ…’

RELATED ARTICLES