Friday, April 19, 2024
Homeសង្គម និងជីវិតអភិបាលខេត្តកំពត ប្រើធម៌ក្តៅ ករណីរំលោភដៃព្រែក

អភិបាលខេត្តកំពត ប្រើធម៌ក្តៅ ករណីរំលោភដៃព្រែក

 ខេត្តកំពត ៖ ផ្លូវទឹកមួយខ្សែ ដែលជាផ្លូវសម្រាប់ទូកនេសាទចេញចូល ស្ថិតនៅក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត និងត្រូវបានជនខិលខូចបានចាក់លុប និងដាក់លូ ព្រមទាំងសាងសង់សំណង់រឹងផងនោះ

ត្រូវបានអភិបាលខេត្តកំពត បញ្ជាឱ្យអាជ្ញាធរ និងមន្ទីរជំនាញ កាយចេញ និងវាយសំណង់រឹងចោល បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ។

កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទ ជុំវិញករណីចាក់ដី ដាក់លូ រំលោភលើដៃព្រែក ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយបានធ្វើឱ្យប្រជាពលរដ្ឋជាប្រជានេសាទជាច្រើនគ្រួសារ ពិបាកក្នុងការចេញទូកទៅ នេសាទ រួចមក លោកម៉ៅ ធនិន អភិបាលខេត្តកំពត បាន

ដឹកនាំកម្លាំងជំនាញ មន្ទីរ អង្គភាពពាក់ព័ន្ធ ចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងដែលមានការចាក់ដីរំលោភដៃព្រែក ដើម្បីសម្របសម្រួល ដោះស្រាយជូនប្រជាពលរដ្ឋ។

ក្នុងបេសកកម្មចុះពិនិត្យដល់ទីតាំងនោះ លោកអភិបាលខេត្ត អាជ្ញាធរដែនដី និងមន្ទីរ អង្គភាពពាក់ព័ន្ធ បានពិនិត្យឃើញថា ពិតជាមានករណីចាក់រំលោភដៃព្រែក សាធារណៈរបស់រដ្ឋ និងបានធ្វើឱ្យប៉ះពាល់ដល់ការចេញចូលទូកនេសាទរបស់ប្រជានេសាទ នៅតំបន់នោះប្រាកដមែន។

ភ្លាមៗនោះ លោកអភិបាលខេត្តកំពត ម៉ៅ ធនិន បានឱ្យអាជ្ញាធរ មន្ទីរជំនាញ កាយដី លូ និងបង្គន់ ពីកន្លែងនោះចេញជាបន្ទាន់ ដើម្បីបើកផ្លូវទឹក ឱ្យបងប្អូនប្រជានេសាទ បានចេញចូលដូចដើមវិញ។ ជាមួយគ្នានេះដែរ

លោកអភិបាលខេត្ត ក៏បានដាក់បទបញ្ជាឱ្យមន្ត្រីជំនាញ តាមស្វែងរកមុខជនខិលខូចដែលបានលួចចាក់ដី ដាក់លូ លុបដៃព្រែកនេះ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

ក្រោយពីមានការអន្តរាគមន៍ភ្លាមៗនោះ បានធ្វើឱ្យប្រជាពលរដ្ឋដែលជាប្រជានេសាទក្នុងតំបន់នោះ មានការត្រេកអរ គាំទ្រ សាទរ និងអរគុណយ៉ាងខ្លាំង ចំពោះចំណាត់ការក្តៅភ្លាមៗរបស់លោកអភិបាលខេត្ត ដែលនេះគឺជាការដោះស្រាយនូវក្តីកង្វល់ ក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ៕

RELATED ARTICLES