ភ្នំពេញ៖ ហេតុការណ៍បំផ្ទុះគ្រាប់បែកកណ្ដាលក្រុងភ្នំពេញ នៅម៉ោងប្រមាណ ៧និង៤០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់ រងរបួស និងរថយន្ត៣គ្រឿង រងការខូចខាត គឺផ្ដើមចេញពីរឿងគំនុំ នេះបើតាមសមត្ថកិច្ចសន្និដ្ឋានជំហានដំបូង ក្រោយសាកសួរសាក្សីឃើញហេតុការណ៍ម្នាក់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បើតាមសាក្សីដែលបានឃើញហេតុការណ៍ឮបំផ្ទុះគ្រាប់បែកនេះ បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ១គ្រឿងបើក ឌុបគ្នា២នាក់ បានបើកមកអែបរថយន្តម៉ាកឡិចសីុស RX៣០០ ពណ៌សពាក់ស្លាកលេខ 2U 7352 បានធ្វើសកម្មភាពបោះគ្រាប់បែកចូលក្រោមកង់រថយន្ត បណ្តាលផ្ទុះ ប៉ុន្តែមិនបង្កឲ្យអ្នកបើករថយន្តរងរបួសនោះទេ ក្នុងហេតុការណ៍នេះ គឺបែរជាធ្វើឲ្យអ្នកដំណើរតាមផ្លូវ រងរបួសស្រាល៣នាក់ ទៅវិញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ រួមមាន ទី១ឈ្មោះ ចាន់ វន្នី ភេទស្រី ជនជាតិ ខ្មែរ អាយុ៣៧ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅ ម្តុំភ្នំពេញថ្មី ខណ្ឌសែនសុខ ទី២ឈ្មោះ មឹុង ហូវ ភេទប្រុស ជនជាតិវៀតណាម អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវបោះដុំ ក្នុងហាង ផ្សារអូឬស្សី ស្នាក់នៅ ម្តុំទួលទំពូង ខណ្ឌចំការមន ដែលពួកគេទាំង២នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត និងទី៣ឈ្មោះ DHARMENDRA SINGH KSHETRIMAYUM ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ គ្រូបង្រៀន ជនជាតិឥណ្ឌា ស្នាក់នៅផ្ទះលេខ៤៥បេ ផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីររុស្សីុ ។
ដោយឡែក រថយន្តទាំង២គ្រឿង រួមមានទី១ ម៉ាក Lexus RX400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-7352 ដែលរថយន្ តនេះ ហើយត្រូវជនដៃដល់បោកគ្រាប់សំដៅនោះ និងទី២ម៉ាក Vigo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-6775 ដែល រថយន្តទាំង២គ្រឿងនេះ រងការខូចខាតបែកកញ្ចក់ និងខូចកង់ ។
បើតាមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ គ្រាប់បែកដែលជនដៃដល់បោកនៅកន្លែងកើតហេតុនោះ គឺជាប្រភេទគ្រាប់ផលិតនៅសហរដ្ឋអាមេរិក ។
រហូតមកដល់ម៉ោង១១យប់ថ្ងៃដដែលនេះ ទីតាំងកើតហេតុខាងលើ គេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចជាច្រើនកំពុងការពារ និងហ៊ុព័ទ្ធនៅឡើយ ដោយមិនអនុញ្ញាតិឲ្យមានអ្នកឆ្លងកាត់ឡើយ ដោយដាក់កម្លាំងនៅយាមកាមរហូតដល់ថ្ងៃស្អែក និងតាមប្រមាញ់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ ឲ្យខានតែបាន ៕
គួន ចំរើន