ខេត្តសៀមរាប ៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងភរិយា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បានចូលរួមពិធីសម្ពោធអគារក្រុមហ៊ុនទទួលបញ្ចាំឈ្មោះ «អ៉ីហ្សី ឃែស មេនេចមេន» ស្ថិតនៅភូមិវត្តបូព៌ា សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះវិនិយោគិនជាតិ-អន្តរជាតិ ដែលបានមកធ្វើ ការបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាប ហើយជាសក្ខីភាពនាថ្ងៃនេះ លោកកំពុងធ្វើ ពិធីសម្ពោធ ទីតាំងថ្មី របស់ក្រុមហ៊ុន អ៊ីហ្សី ឃែស មេនេចមេន ជាក្រុមទទួលបញ្ចាំ ម៉ូតូ រថយន្ត គ្រឿងអលង្ការ និងសម្ភារៈមានតម្លៃផ្សេងៗ ដែលទទួលបានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងពាណិជ្ជកម្ម ។
តាមរយៈការវិនិយោគនេះ លោក ឃឹម ប៊ុនសុង សង្ឃឹមថា ក្រុមហ៊ុននឹងចូលរួមប្រកួតប្រជែងតម្លៃ នៅលើទីផ្សារប្រកបដោយសមធម៌ និងផ្តល់សេវាកម្មជាច្រើនទៀត ដែលមានគុណភាព សីលធម៌ ទៅតាមសំណូមពររបស់អ្នកប្រើប្រាស់ ព្រមទាំងផ្តល់ការងារដល់ ប្រជាពលរដ្ឋក្នុងខេត្ត ទោះបីមានចំនួនតិចតួចក៏ដោយ។ ជាមួយនេះដែរ លោក អភិបាលខេត្ត បានថ្លែងនូវការកោតសសើរដោយស្មោះចំពោះ លោក ប្រធានក្រុមហ៊ុន អ៊ីហ្សី ឃែស មេនេចមេន ដែលបានជ្រើសរើស ខេត្តសៀមរាប ជាគោលដៅវិនិយោគរបស់ខ្លួន និងសូមឲ្យដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋរបស់ ក្រុមហ៊ុនទទួលបានជោគជ័យ និង ទទួលបានការគាំទ្រពីសំណាក់ អតិថិជន កាន់តែច្រើនឡើង ពីមួយ ថ្ងៃទៅមួយថ្ងៃ។
ការដាក់ឲ្យដំណើរការទីតាំងក្រុមហ៊ុន អ៊ីហ្សីឃែស មេនេចមេន នាពេលនេះ គឺជាមូលដ្ឋានសំខាន់ សម្រាប់វាយតម្លៃឲ្យឃើញពីការរីកចម្រើនថ្មីថែមទៀត ក្នុងខេត្តសៀមរាប ក្នុងបរិបទ នៃកំណើនសេដ្ឋកិច្ចជាតិ ដែលមានប្រភពពីការចូលរួមចាំបាច់ ពីវិស័យឯកជន។ តាមរយៈកំណើន ទៅលើវិស័យទេសចរណ៍ បានបង្កើតការងារជូនប្រជាពលរដ្ឋ ក្នុងខេត្តបានប្រមាណ ពីម្ភៃម៉ឺននាក់ (២០០,០០០) ដោយក្នុងនោះផ្តល់ការងារ ដោយផ្ទាល់ចំនួន ៥០,០០០នាក់ និងប្រយោលប្រហែល ១៥០,០០០នាក់៕