តារាចម្រៀងសំនៀងស្អករបស់ផលិតកម្មថោន លោកប៉ុន សុណារិន្ទ ហៅខេម បានព្យាយាមបិទបាំងរឿងស្នេហាជាច្រើនឆ្នាំមកហើយ បើទោះជាក្នុងព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំមុន គេឃើញខេម ជិះឡានតែពីរនាក់ស្រីស្នេហ៍ក្តី។
ទោះជាយ៉ាងណា ពេលនេះរឿងស្នេហារបស់ខេម ត្រូវបានគេទម្លាយហើយថា អ្នកចម្រៀងរូបនេះកំពុងបង្កាត់ភ្លើងស្នេហាជាមួយតារាចម្រៀងម្នាក់រស់នៅប្រទេសបារាំង ឈ្មោះសុវណ្ណ ដារីកា ដោយគេសង្ស័យថា ពួកគេបានរៀបការជាមួយគ្នាស្ងាត់ៗទៀតផង…។

តារាចម្រៀងថោន ខេម ហាក់បង្ហាញការភ្ញាក់ផ្អើល និងឆ្លើយបែបរដាក់រដុបនៅពេលដែលត្រូវអ្នកយកព័តមានយើង សួររឿងទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងស្រីស្អាតម្នាក់ នៅប្រទេសបារាំង ឈ្មោះសុវណ្ណ ដារីកា ហ្វីអូណា (Sovan Daryka Fiona) ដោយខេម នៅតែអះអាងថា មិនទាន់ចង់និយាយរឿងស្នេហាទេ និងពេលខ្លះថ្ងូរថា អត់មានគូដូចគេទៀតផង។
ខេម ថ្លែងថា “មានសង្សារឯណាបង? កុំនិយាយរឿងហ្នឹងអីបង បើគ្នាអត់មានមែន! ខ្ញុំមិនដឹងនារីនៅបារាំង ណាទេ ខ្ញុំអត់ដែលដឹងផងបង! បងឯងសួររឿងស្នេហាអ៊ីចឹង ខ្ញុំពិបាកនិយាយណាស់”។

ថ្វីត្បិតតែខេម ព្យាយាមលាក់បាំងរឿងមានស្រីស្នេហ៍នៅបារាំង មែន ប៉ុន្តែនៅពេលដែលអ្នកយកព័ត៌មានយើងបានទាក់ទងទៅ Sovan Daryka Fiona តាមហ្វេសបុកឆាត នោះ តារាចម្រៀងស្រីស្អាតសិចស៊ីនេះ បានសារភាពថា នាងពិតជាសង្សាររបស់លោកខេម តារាចម្រៀងនៅផលិតកម្មថោន មែនហើយ ថែមទាំងបានបញ្ជាក់ថា បានស្រលាញ់គ្នាជាច្រើនឆ្នាំទៀតផង។
សង្សារខេម នាង Sovan Daryka Fiona បានសរសរសារឆ្លើយតបថា “ខ្ញុំជាសង្សារខេម មែន! ពួកយើងស្រលាញ់គ្នាជាច្រើនឆ្នាំមកហើយ។ ខ្ញុំរស់នៅបារាំង”។

ប៉ុន្តែនៅពេលដែលអ្នកយកព័ត៌មានយើងបានសួរនាង Sovan Daryka Fiona ថា តើមានបានរៀបការជាមួយលោកខេម ដូចការលេចឮឬទេ? សង្សាររបស់លោកខេម រូបនេះ មិនបានឆ្លើយតបសំណួរទៀតឡើយ។
ចំណែកតារាចម្រៀងខេម បានអះអាងថា បើលោករៀបការមែន ច្បាស់ជាអ្នកកាសែតដឹង មិនអាចលាក់បាំងជិតឈឹងបែបនេះបានទេ។

ខេម បន្ថែមថា “អត់ទេ! ការពេលណាទៅ? បើមានមែន ស្មានតែលាក់បាំងជិតអី? អ្នកកាសែតហ្នឹងដឹងមុនគេហើយ។ ពេលនេះ ខ្ញុំមិនទាន់ចង់រៀបការ ដោយសារយើងមិនទាន់មានជីវភាពល្អប្រសើរខ្លាំងទេ ខ្ញុំគ្មានអីទេ អ៊ីចឹងបានជាមិនទាន់ចង់គិតរឿងហ្នឹង។ មិនមែនខ្ញុំមិនហ៊ានបង្ហាញសង្សារ មិនហ៊ានរៀបការ ដោយសារខ្លាចប៉ះពាល់អាជីពសិល្បៈ ធ្លាក់កូដអី មិនមែនអ៊ីចឹងទេ គឺមិនទាន់ដល់ពេលវេលាបង្ហាញ ឬរៀបការ អីពេលហ្នឹងបានទេ។ ខ្ញុំចង់ឱ្យមានជីវភាពបានល្អប្រសើរជាងនេះបន្តិចសិន”។

បើទោះជាខេម នៅតែមិនព្រមសារភាពថា មានសង្សារជាស្រីស្អាតនៅបារាំងក្តី ប៉ុន្តែតាមព័ត៌មានថា តារាចម្រៀងថោន រូបនេះ ច្រើនតែចេញពីស្រុកខ្មែរ ទៅដើរលេងនៅប្រទេសបារាំង រយៈពេលយូរ ដែលមិនមែនជាការសម្តែងសិល្បៈឡើយ តែជាការសាសង និងរឹតចំណងស្នេហាជាមួយសង្សារបណ្តូលចិត្តឱ្យកាន់តែរឹងមាំ មុនពេលពួកគេសម្រេចចិត្តលាតត្រដាងស្នេហ៍ជាចំហក្នុងពេលឆាប់ៗនេះ។

ប្រភពបានឱ្យដឹងថា សង្សារលោកខេម នាងសុវណ្ណ ដារីកា ជាស្រីស្អាតដែលមានប្រុសៗ អ្នកមាននៅបារាំង តាមស្រលាញ់ច្រើន ប៉ុន្តែស្រីស្រស់តែងប្រកែក ដោយប្រាប់ប្រុសៗទាំងនោះ វិញថា នាងមានម្ចាស់ចិត្តរួចទៅហើយ គឺអនាគតស្វាមីរបស់នាង មានតែលោកខេម ម្នាក់គត់។

នាង Sovan Daryka Fiona ធ្លាប់បានប្តូររូប Profile របស់នាង ដាក់រូបឱបគ្នាជាមួយលោកខេម នៅលើហ្វេសប៊ុក ប៉ុន្តែភ្លាមៗនោះ ដោយសារមានគេជូនពរច្រើនពេក ទើបនាងបង្ខំចិត្តប្តូរ និងលុបរូបថត ២នាក់ខេម ដែលស្និទ្ធគ្នាដូចប្តីប្រពន្ធនោះ ចេញវិញភ្លាមៗតែម្តង។

ទោះជាយ៉ាងណា តារាសិល្បៈដែលស្គាល់នាងសុវណ្ណ ដារីកា បានសរសើរថា នាងរកបានសង្សារតារាចម្រៀងខេម ពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ហើយពួកគេបានសំណូមពរឱ្យអ្នកទាំង២ លែងព្យាយាមបិទបាំងតទៅទៀត គឺបង្ហាញស្នេហាជាចំហដូចគូស្នេហ៍តារាផ្សេងៗទៀតផង ប៉ុន្តែ នាងដារីកា នៅស្ងៀម ព្រោះអាចខ្លាចប៉ះពាល់ដល់អាជីពចម្រៀងរបស់ខេម ទើបនាងជ្រើសផ្លូវសាងស្នេហាដោយលាក់លៀមបន្តទៅទៀត។

ខេម អតីតអ្នករត់ម៉ូតូឌុបនៅខេត្តកំពង់ឆ្នាំង បានផ្លាស់ប្តូរជីវភាពទាំងស្រុង នៅពេលដែលរូបគេក្លាយទៅជាតារាចម្រៀងសំខាន់របស់ផលិតកម្មថោន ព្រមទាំងមានឱកាសបានចាប់ដៃគូ ជាមួយតារាចម្រៀងល្បី មាស សុខសោភា។

ប្រភពបានឱ្យដឹងថា ខេម អាចនឹងទៅរស់នៅតាមកំពូលស្នេហ៍នៅបារាំង ប្រសិនបើអាជីពចម្រៀងរបស់គេមិនអាចរក្សាលំនឹងបាននាពេលខាងមុខនេះ៕
