ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ផឹកស្រាស្រវឹងធ្លាក់ភ្នែក បានចូលដេកក្នុងមុងជាមួយប្រពន្ធ ដោយសារតែប្រពន្ធធុំក្លិនស្រាពេក ក៏ក្រោកទៅដេកជាមួយកូន ស្រាប់តែប្តីបានកាន់ក្រមាដើរចេញទៅក្រៅផ្ទះ រួចផ្តាំប្រពន្ធថា មើលថែកូនផង បងចងកហើយ លុះព្រឹកឡើង ប្រពន្ធក៏ប្រទះឃើញប្តីចងកសម្លាប់ខ្លួន។ ហេតុការណ៍នេះបានកើតមានឡើង កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំកន្លែងកាយដី ស្ថិតក្នុងភូមិកងវ៉ាថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះក្រួច កឿត អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ប្តីរបស់នាងទើបត្រឡប់មកពីផឹកស្រានៅផ្ទះម៉ែវិញ លុះមកដល់ផ្ទះ ក៏ចូលមកប្រះខ្លួនដេកនៅក្នុងមុងជាមួយនាង ប៉ុន្តែដោយសារតែធុំក្លិនឆួលស្រាពេក ក៏ក្រោកទៅដេកជាមួយកូនទៅ។ បន្ទាប់មក ប្តីរបស់នាងក៏បានកាន់ក្រមាដើរចេញទៅក្រៅផ្ទះ រួចងាកមកនិយាយផ្តាំផ្ញើនាងជាប្រពន្ធថា អូនជួយមើលកូនផង បងទៅចងកសម្លាប់ខ្លួនហើយ រួចក៏ដើរចេញពីផ្ទះបាត់ទៅ។ ស្រាប់តែព្រឹកឡើង នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ កូនពៅរបស់នាងបានដើរទៅក្រោយផ្ទះ ក៏ប្រទះឃើញឪពុកចងកនៅលើដើមឈើ ស្លាប់បាត់ទៅហើយ ទើបរត់មកប្រាប់នាងឱ្យទៅមើល ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕