សួស វីសា បានបណ្តើរសង្សារថ្មីប្រុសក្មេងថមមី ដូចប្តីប្រពន្ធទៅហើយពេលនេះ ដោយថែមទាំងប្រកាសជាសាធារណៈថា នឹងគ្រោងរៀបការក្នុងពេលឆាប់ៗនេះទៀតផង។

ការថ្លែងរបស់តារាចម្រៀងសំនៀងស្រទន់ វីសា នៅពេលនេះ អំឡុងពេលដែលនាងបានបណ្តើរគូស្នេហ៍ទៅចូលរួមមង្គលការតារាចម្រៀង ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា។

សួស វីសា អះអាងប្រាប់អ្នកយកព័ត៌មានយើងថា “អូបង ! រឿងរៀបការហ្នឹង ខ្ញុំអាចរៀបចំពិធីនេះឆាប់ៗហ្នឹងហើយ។ មិនទាន់កំណត់ថ្ងៃច្បាស់លាស់ទេតែអាចមិនយូរទេ គឺក្នុងពេលដ៍ខ្លីខាងមុខហ្នឹង”។

សួស វីសា បញ្ជាក់ថា នាងនិងលោកថមមី មិនបានភ្ជាបា់ពាក្យជាមួយគ្នាទេ ពោលគឺដល់ពេលវេលារៀបការគឺចាត់ចែងរៀបចំយកតែម្តង។ ចំណុចពិសេសដែលនាងជ្រើសរើសយកប្រុសក្មេង ថមមី ព្រោះប្រុសសង្ហានេះ បានដឹងពីចរិតរបស់នាងច្បាស់ណាស់ ហើយនាងចង់រៀបការជាមួយអ្នកដែលយល់ចិត្ត ទើបរស់នៅជាមួយគ្នាយូរអង្វែង។

ក្រោយការបង្ហើបប្រាប់ពីសួស វីសា ថា នាងនឹងចូលរោងការជាមួយថមមី ក្នុងពេលដ៏ខ្លីខាងមុខនេះ កាលពីថ្ងៃទី២០ ឧសភា គេក៏ឃើញឪពុកម្តាយទាំងសងខាងរបស់ វីសា និងថមមី បានជួបគ្នាដើម្បីពិភាក្សាគ្នារឿងរៀបមង្គលការរបស់កូនៗផងដែរ ទើបធ្វើឱ្យតារាហង្សមាស រីករាយជាខ្លាំង ព្រោះចំណងស្នេហារបស់នាងបានឈានដល់កម្រិតច្បាស់លាស់១០០% ហើយមិនដូចរឿងអតីតកាលដែលវីសា ធ្លាប់ភ្ជាប់ពាក្យជាមួយលោកមាស សាឡី តែមិនទាន់បានរៀបការផង ក៏ចែកផ្លូវគ្នានោះទេ។

គួរបញ្ជាក់ថា មុនឈានមកគិតគូររៀបចំរឿងរៀបមង្គលការនេះ សួស វីសា បានភ្ជាប់ស្នេហ៍ជាមួយថមមី ៥ឆ្នាំហើយ។ ពួកគេថែមទាំងបានទិញផ្ទះវីឡាទ្រនំស្នេហ៍ និងរថយន្តទំនើប២គ្រឿងទៀតផង ទើបសម្រេចចិត្តក្រាបផ្ទឹមមិនឱ្យចាញ់ឱក សុគន្ធកញ្ញា ឡើយ៕

