Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិកម្ពុជា ឥណ្ឌា​ជំរុញ​ការ​តភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ

កម្ពុជា ឥណ្ឌា​ជំរុញ​ការ​តភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ

ភ្នំពេញ ៖ ប្រទេសកម្ពុជា និងឥណ្ឌាបានជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីលើកកំពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរ។

ក្នុងកិច្ចប្រជុំដែលបានរៀបចំកាលពីថ្ងៃម្សិលម៉ិញ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តមថោង ខុន និងឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានជួបប្រជុំគ្នា ចែករំលែកបទពិសោធន៍ និងផ្តល់ព៌តមានគ្នាទៅវិញទៅមកដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ពិសេសការអភិវឌ្ឍផលិតផលទេសចរណ៍វប្បធ៌ម ទេសចរណ៍បែបសាសនា ទេសចរណ៍ព្យាបាលសុខភាព ទេសចរណ៍តាមរយៈការថតភាពយន្ត និងចម្រៀង ទេសចរណ៍ធុរកិច្ច ទេសចរណ៍ក្រេបទឹកឃ្មុំ ព្រមទាំងការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ ទៅវិញទៅមករវាងប្រទេសទាំងពីរ។

88

កិច្ចប្រជុំលើកតំបូងនេះ មានការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍ និងសេវាកម្មទេសចរណ៍ឥណ្ឌាចំនួន២០ និងក្រុមហ៊ុនបំរើសេវាកម្មទាក់ទងនឹងវិស័យទេសចរណ៍កម្ពុជាប្រមាណ៥០ ដែលពួកគេអាចនឹងធ្វើការរួមគ្នា ដើម្បីលើកកំពស់វិស័យ ទេសចរណ៍រវាងប្រទេសទាំងពីរ និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។

លោកធួន ស៊ីណានប្រធានសហព័ន្ឋទេសចរណ៍បានថ្លែងថា ការហោះហើរត្រង់រវាងប្រទេសទាំងពីរ ជាអ្វីដែលយើងប្រាថ្នាជាយូរមកហើយ ព្រោះទេសចរណ៍ ឥណ្ឌាមានសក្តានុពលធំណាស់ ធំអ្វីលើសពីយើងគិតដល់ ប៉ុន្តែកន្លងមករដ្ឋាភិបាល និងវិស័យឯកជនហាក់មើលរំលងប្រទេសឥណ្ឌា ហើយបច្ចុប្បន្ននេះកម្ពុជាមិនទាន់មានផលិតផល ដែលអាចទាក់ទាញទេសចរណ៍ឥណ្ឌា មកកម្ពុជាច្រើននៅឡើយ ព្រោះទេសចរណ៍ឥណ្ឌាចូលចិត្តទិញទំនិញ និងដើរកំសាន្តនាពេលរាត្រី។

លោកបន្តដោយបានលើកជាសំណួរថា ហេតុអ្វីប្រទេសថៃ អាចទាក់ទាញទេសចរណ៍ឥណ្ឌា និងអារ៉ាប់ច្រើន គឺដោយសារពួកគេចូលចិត្តសេវាកម្មនៅប្រទេសថៃ ពិសេសតំបន់ប៉ាតាយ៉ា គឺទេសចរណ៍ឥណ្ឌាគ្របដណ្តប់៧០ភាគរយ។ ប្រទេសឥណ្ឌា និងអារ៉ាប់មានប្រពៃណីរឹតត្បិត តែពួកគេអាចទៅកំសាន្តនៅប្រទេសថៃបាន ព្រោះនៅទីនោះមានសេវាកម្មចម្រុះ ពិសេសជីវិតពេលរាត្រីដ៏រសរវើក ដែលអាចឲ្យពួកគេប្រព្រឹត្តិខុសពីសាសនារបស់ពួកគេបាន។លោកបន្តថា អ្វីសំខាន់នាពេលនេះ គឺការភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ពង្រីកការវិនិយោគ និងសេវាកម្មផលិតផលទេសចរណ៍ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

អគ្គលេខាធិការសម្ព័ន្ឋសមាគមជាតិទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានថ្លែងថា ចំនួនភ្ញៀវទេសចរណ៍ទៅទស្សនាប្រទេសទាំងពីរ មានប្រហាក់ប្រហែលគ្នានាពេលកន្លងមក ប៉ុន្តែចំនួនភ្ញៀវទេសចរណ៍ឥណ្ឌាមកកម្ពុជាមានចំនួនតិច ធៀបជាមួយប្រទេសថៃដែលចំនួនទេសចរណ៍ឥណ្ឌា ទៅទស្សនាប្រទេសនេះមានចំនួនជាង១លាននាក់។លោកបន្តថា ភ្ញៀវទេសចរណ៍ឥណ្ឌា ពិតជាមានចំនួនធំ ពួកគេនិយមទៅប្រទេសថៃ ម៉ាឡេស៊ី និងសាំងហ្កាពួរ ដោយសារសេវាកម្មនៅទីនោះមានតំលៃសមរម្យ មានផលិតផលទេសចរណ៍កែច្នៃច្រើន មានហាងទំនិញសម្បូរបែប មានសេវាពិនិត្យសុខភាពដែលអាចទុកចិត្តបាន។

លោកបន្តថា “អ្វីដែលកម្ពុជាគួរធ្វើ គឺជំរុញការវិនិយោគលើវិស័យទេសចរណ៍កែច្នៃ បង្កើនការវិនិយោគលើហាងទំនិញ ព្រោះភ្ញៀវទេសចរណ៍ឥណ្ឌាចូលចិត្តទិញទំនិញ និងដើរកំសាន្តនាពេលរាត្រី។លោកបន្តថា វិស័យឯកជនពិតជាមានការលើកទឹកចិត្តច្រើនចំពោះក្រុមហ៊ុនវិនិយោគ ព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលកន្លងមកបានធ្វើទស្សនកិច្ច ដើម្បីជំរុញការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា៕

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES