Friday, January 30, 2026
Homeព័ត៌មានជាតិឪទៅផ្ទះមុន កូនចាំបង្ហើយសិន ចុងក្រោយ គេឃើញដេកកណ្តាលវាលស្រែ

ឪទៅផ្ទះមុន កូនចាំបង្ហើយសិន ចុងក្រោយ គេឃើញដេកកណ្តាលវាលស្រែ

ខេត្តសៀមរាប ៖ ឪពុកកូន២នាក់បាននាំគ្នាបើកគោយន្តចេញទៅភ្ជួរដីព្រោះស្រូវូនៅវាលស្រែរបស់ខ្លួន លុះដល់ម៉ោងបាយថ្ងៃត្រង់ បុរសជាឪពុកក៏ត្រឡប់មកផ្ទះមុន ចំណែកកូនមិនទាន់មកវិញទេ នៅបង្ហើយដៃសិន ស្រាប់តែថ្ងៃរសៀលបន្តិច ក៏មានអ្នកភូមិប្រទះឃើញ យុវជនជាកូនប្រុសដេកស្លាប់កណ្តាលវាលស្រែ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៥៧នាទីរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្រឡុកបឹតស្រា ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

សាកសពយុវជនរងគ្រោះ មានឈ្មោះរ៉េ រ៉ៃ អាយុ២២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះ និងឪពុកឈ្មោះឆង រ៉េ អាយុ៥២ឆ្នាំ បានបើកគោយន្តចេញទៅភ្ជួរដីព្រោះស្រូវនៅចំណុចកន្លែងកើតហេតុដែលជាដីស្រែរបស់ខ្លួន។ លុះដល់ម៉ោង១១ព្រឹកថ្ងៃដដែល ជិតដល់ម៉ោងបាយថ្ងៃ បុរសជាឪពុកក៏ត្រឡប់ទៅផ្ទះមុន ចំណែកជនរងគ្រោះជាកូនប្រុសនៅភ្ជួរបន្តបង្ហើយដៃសិន។ ស្រាប់តែមកដល់វេលាម៉ោង២និង៥៧នាទីរសៀលថ្ងៃដដែល ក៏មានអ្នកភូមិម្នាក់ឈ្មោះម៉ុច សៅ ភេទប្រុស អាយុ៣៣ឆ្នាំ បានមកមើលដីនៅចំណុចក្បែរនោះ បានឃើញគោយន្តកន្ត្រៃរបស់ជនរងគ្រោះនៅកណ្តាលវាលស្រែ និងបានឃើញជនរងគ្រោះដេកនៅកណ្តាលស្រែ ចម្ងាយពីគោយន្តប្រមាណជាង៣ម៉ែត្រ ទើបប្រញាប់រត់ទៅមើល ស្រាប់តែឃើញជនរងគ្រោះបានស្លាប់ទៅហើយ ទើបផ្តល់ដំណឹងដល់ក្រុមគ្រួសារជនរងគ្រោះនិងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះទៅពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការពិនិត្យសាកសព ដោយមានការចូលរួមពីលោកប្រធានមណ្ឌលសុខភាពរុនតាឯក រួចបញ្ជាក់ថា នៅលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសឡើយ។ ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី៕

RELATED ARTICLES