Monday, September 22, 2025
Homeព័ត៌មានជាតិមិនគួរគាត់ធ្វើបែបនេះទេ បើកូនស្រលាញ់គ្នា រហូតភ្ជាប់ពាក្យហើយនុះ

មិនគួរគាត់ធ្វើបែបនេះទេ បើកូនស្រលាញ់គ្នា រហូតភ្ជាប់ពាក្យហើយនុះ

ឧត្ដរមានជ័យ ​៖ ករណីកូនស្រីបកអាក្រាតម្តាយបង្កើតរបស់ខ្លួនចាប់បង្ខាំងដាក់ច្រវាក់ជើង មិនឲ្យទៅរស់នៅជាមួយគូដណ្តឹងនោះ កាល​វេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ធ្វើ​ការ​ម្តាយចិត្តអប្រិយរូបនេះបានហើយ

សមត្ថកិច្ចបានឲ្យដឹងថា ជន​សង្ស័យ ឈ្មោះ​ហៀ​ង ម៉ុម​ ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​តា​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យត្រូវបាន​ឃាត់ខ្លួន​ តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​​​​​​​ពាក់ព័ន្ធ​ក្នុង​ករណីបង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ កាលពី​វេលា​ម៉ោង​១៥និង០០​នាទី ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩។

នៅចំពោះមុខសមត្ថកិច្ច ជន​សង្ស័យ​បាន​សារភាព​ថា រូបគាត់ពិតជា​បាន​ចាប់​កូនស្រី​ ដាក់​ច្រវាក់​ពិតប្រាកដ​មែនតែ​ពុំបាន​វាយដំ​ទៅលើ​កូន​នោះ​​ឡើយ។ ដោយ​មូលហេតុ​មិន​ចង់​ឲ្យ​កូនស្រី​ទៅ​រួម​រស់នៅ​ជា​មួយ​គូ​ដណ្តឹង​មុន​ថ្ងៃ​រៀបការ។

គួរបញ្ជាក់ថាគូស្នេហ៍វ័យក្មេងមួយគូបានដឹកដៃគ្នាចូលទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ដោយអះអាងថាពួកគេគឺជាគូដណ្តឹងនឹងគ្នា ប៉ុន្តែទើបភ្ជាប់ពាក្យបាន១ថ្ងៃ ដោយសារម្តាយខាងស្រីមិនពេញចិត្តនឹងអនាគតកូនប្រសាជាអ្នកស្រែក៏ចាប់កូនក្រមុំបង្ខាំងទុកនៅផ្ទះដន្លងរបស់ខ្លួនដែលជាមេប៉ុស្តិ៍អស់ជាច្រើនម៉ោង ព្រោះតែមូលហេតុមួយគត់ចង់បំបែកស្នេហ៍ឱ្យកូនស្រីផ្តាច់ពាក្យជាមួយប្រុសស្នេហ៍ ដើម្បីម៉ែរកប្តីអ្នកទីក្រុងមានលុយមានយសស័ក្តិឱ្យវិញ តែកូនក្រមុំមិនព្រក៏ហៅគូដណ្តឹងមកជួយ រួចនាំគ្នាមកប្តឹងតែម្តង។

រឿងរ៉ាវគូស្នេហ៍អភ័ព្វត្រូវម្តាយខាងស្រីព្យាយាមបំបែកស្នេហ៍ ដោយចាប់កូនស្រីរបស់ខ្លួនបង្ខាំងទុកនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចភូមិតាសំ ឃុំអូរស្វាយ ស្រុក ត្រពាំងប្រាសាទ បន្ទាប់ពីនារីរងគ្រោះនិងយុវជនជាគូដណ្តឹងដឹកដៃគ្នាទៅដាក់ពាក្យបណ្តឹង ឱ្យនគរបាលស្រុកជួយរកយុត្តិធម៌។

នារីរងគ្រោះដែលត្រូវម្តាយចាប់បង្ខាំងបង្ខំឱ្យផ្តាច់ពាក្យពីគូដណ្តឹង មានឈ្មោះស៊ុន ស្រីនិច អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។ ចំណែកយុវជនជាគូដណ្តឹងមានឈ្មោះសួរ ណេត អាយុ២០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។ ដោយឡែកស្ត្រីជាម្តាយបង្កើតរបស់នារីរងគ្រោះ ដែលត្រូវកូនស្រីចោទប្រកាន់ថា បានចាប់នាងបង្ខាំងទុកមានឈ្មោះហៀង មុំ អាយុជាង៤០ឆ្នាំ។

តាមសម្តីនារីរងគ្រោះខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កន្លងមកនាងនិងយុវជនជាគូដណ្តឹងបានស្រលាញ់គ្នាខ្លាំងណាស់រហូតដល់ជ្រុលប្រព្រឹត្តហួសរំលងប្រពៃណី (ទុំមុនស្រគាល) និងកំពុងមានផ្ទៃពោះ៣ខែទៀតផង តែពួកនាងពិតជាស្រលាញ់គ្នាចង់បានគ្នាជាគូអនាគតស្វាមីភរិយាប្រាកដមែន។ ក្រោយមកពួកនាងក៏សម្រេចប្រាប់រឿងនេះដល់ចាស់ទុំទាំងសងខាង ប៉ុន្តែត្រូវម្តាយនាងមិនសូវពេញចិត្តប្រុសស្នេហ៍របស់នាងប៉ុន្មានទេ ព្រោះឃើញថា គេជាកូនអ្នកស្រែសាច់ឈាមខ្មៅស្រអាប់ជីវភាពក៏មិនធូរធា គ្មានយសស័ក្តិអ្វីទាំងអស់ តែក្រោយមកដោយសារដឹងថា ពួកនាងទុំមុនស្រគាល និងកំពុងមានផ្ទៃពោះ៣ខែទៀតនោះ ទើបពួកគាត់យល់ព្រមឱ្យខាងប្រុសចូលចែចូវ រហូតឈានដល់រៀបចំពិធីភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩។

នារីរងគ្រោះបន្តថា លុះគ្រាន់តែភ្ជាប់ពាក្យរួចភ្លាម ម្តាយរបស់នាងបានព្យាយាមនិយាយអូសទាញឱ្យនាងផ្តាច់ពាក្យវិញ តែនាងមិនព្រម និងបានប្រាប់គាត់ថា ពួកនាងពិតជាស្រលាញ់គ្នាខ្លាំងណាស់ ខ្វះគ្នាមិនបានឡើយ ជាហេតុធ្វើឱ្យម្តាយរបស់នាងច្រឡោតខឹងបានប្រើអំពើហិង្សាមកលើនាង រួចចាប់នាងចងនឹងខ្សែ ព្រមទាំងដាក់ច្រវាក់នាងជាប់ រួចយកនាងទៅឃុំទុកនៅក្នុងផ្ទះលោករ៉ាត់ (ឈ្មោះហៅក្រៅ) ជាមេប៉ុស្តិ៍នគរបាល រដ្ឋបាលបាក់អន្លូង (ឃុំផ្សេង)  និងត្រូវជាដន្លងរបស់ម្តាយនាងតែម្តង ព្រោះតែចង់បំបែកនាងចេញពីគូដណ្តឹងឱ្យទៅយកប្តីនៅក្រុងភ្នំពេញ។

នាងស៊ុន ស្រីនិច បានរៀបរាប់ថា “នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពីភ្ជាប់ពាក្យរួច ខ្ញុំក៏បានទៅផ្ទះខាងឪពុកក្មេករបស់ខ្ញុំ លុះព្រឹកឡើងខ្ញុំក៏បានទៅបាញ់ថ្នាំស្រូវលុះបាញ់ ហើយប្រហែលម៉ោង៩ទៅម៉ោង១០ គេ (មេឃុំ) ក៏តេហៅខ្ញុំទៅផ្ទះមេឃុំ ដល់ពេលខ្ញុំទៅដល់  គេអត់បានសួរខ្ញុំទេ គេហៅខ្ញុំឱ្យទៅផ្ទះ រួចហើយ មេឃុំនោះក៏តេហៅម៉ែខ្ញុំមកដល់ ២នាក់ម៉ែ ក៏ចាប់ខ្ញុំដាក់ឡាន ដល់ហើយគាត់វ៉ៃខ្ញុំក្នុងឡាន រួចទៅគាត់ឱ្យខ្ញុំទៅឡានមួយទៀត ឡានបងខ្ញុំ ហើយគាត់យកខ្ញុំទៅស្រោចទឹក គាត់ថា បើលោកហ្នឹងមើលខ្ញុំជា គាត់ប្រគេនខ្ញុំឱ្យលោកហ្នឹង គាត់អត់ឱ្យខ្ញុំយកប្តីខ្ញុំទេ ព្រោះប្តីខ្ញុំក្រ ហើយដល់មកវិញ គាត់ក៏ទៅទិញច្រវាក់ យកមកដាក់ ខ្ញុំនៅផ្ទះតារ៉ាត់ តារ៉ាត់ហ្នឹង មេប៉ុស្តិ៍នៅឃុំបាក់អន្លូង គាត់អត់ហ៊ានយកខ្ញុំមកដាក់ផ្ទះទេ គាត់ថា ខ្លាចប្តីខ្ញុំហ្នឹងទៅអុកឡុក ពេលខ្ញុំជាប់ច្រវាក់ តារ៉ាត់ ក៏បានតេទៅម៉ែខ្ញុំដែរថា ម៉េចដាក់ច្រវាក់វាចឹង ដាក់ច្រវាក់ចឹងដូចសត្វធាតុ តែម៉ែខ្ញុំនិយាយថា អត់ទេ បើមិនដាក់វាលួចរត់ទៀត គាត់ដាក់ច្រវាក់ខ្ញុំ ពីម៉ោង៣ដល់ម៉ោង១០យប់ ខ្ញុំរួច បានហើយតារ៉ាត់ហ្នឹង គាត់សម្រាន្តនៅលើអង្រឹងក្រោមផ្ទះ ហើយខ្ញុំរួចបានហើយ ខ្ញុំយកទូរស័ព្ទបាន១ ហើយដល់បើកទ្វារមកប្រពន្ធតារ៉ាត់  ស្រែកថា ពូៗ មីនិចរត់ហើយ ខ្ញុំក៏រត់ទៅទៀតដល់ក្នុងព្រៃ ទើបខ្ញុំតេទៅឪក្មេកខ្ញុំមកជួយ តែឪក្មេកខ្ញុំថា គាត់អត់ហ៊ានជួយទេ ខ្លាចគេដាក់គុកគាត់ ហើយខ្ញុំក៏តេទៅបងស្រីខ្ញុំ បងស្រីខ្ញុំថា ចាំគាត់ហៅមេភូមិ និងប៉ូលិសទៅ លុះទៅដល់ចែខ្ញុំក៏តេសួរថា អូនហា អូនឯងនៅណា?  ខ្ញុំក៏ប្រាប់ថា ខ្ញុំនៅខាងស្តាំដៃ នៅកៀនស្រះ  គាត់ក៏ថា ចឹងអូនឯងចេញមក ចែមកដល់ហើយ ខ្ញុំរត់ទៅឡើងម៉ូតូ ខ្ញុំហក់ឡើងម៉ូតូ ម៉ែខ្ញុំគាត់ថា នោះមីក្អៀក វាមកយកមែន ពេលនោះម៉ែខ្ញុំគាត់កាន់ពូថៅ១ ហើយអ្នកឌុបម៉ែខ្ញុំ ហ្នឹងកាន់ពូថៅ១ដែរ តែអាអ្នកឌុបហ្នឹងសាច់ដទៃ វាអត់ពាក់ព័ន្ធទេ តែវាជាអ្នកជូនម៉ែខ្ញុំមក ដល់ខ្ញុំឡើងម៉ូតូហើយ ម៉ែខ្ញុំគាត់ស្ទុះចាប់កន្ត្រាក់ខ្ញុំទាញចុះ តែខ្ញុំអត់ចុះ រួចហើយអាអ្នកដឹកម៉ែខ្ញុំ វាស្រែកថា បងៗ បើបងឯងមិនឈប់ខ្ញុំកាប់បងឯងហើយ តែបងខ្ញុំអត់ព្រមឈប់ទេ នៅតែជិះទៅទៀត ដល់ហើយ ម៉ែខ្ញុំគប់ពិលដាក់ហើយ បងខ្ញុំក៏ជិះចូលកន្លែងសាលារៀន ហើយបងខ្ញុំ គាត់ស្រែកថា ជួយផងៗ! ស្រាប់តែម៉ែខ្ញុំស្រែកថា ចោរៗ! ពេលដល់កន្លែងប៉ូលិសហើយ ម៉ែខ្ញុំហ្នឹង គាត់ហេមករកវ៉ៃខ្ញុំ និងបងខ្ញុំទៀត…”។

នាង ស៊ុន ស្រីនិច បានបញ្ជាក់ថា ម្តាយនាងបានធ្វើទារុណកម្ម វ៉ៃធ្វើបាបចាប់ចង និងដាក់ច្រវាក់ ព្រោះតែចង់បំបែកបំបាក់នាងពីគូដណ្តឹង ឈ្មោះសួរ ណេត ក្រោយពីនាងទើបភ្ជាប់ពាក្យបានមួយថ្ងៃ និងដើម្បីបង្ខំចង់ឱ្យនាងទៅយកប្តីនៅទីក្រុងភ្នំពេញ ជាអ្នកមានទ្រព្យស្តុកស្តម្ភ និងមានការងារល្អ។ ការបង្ខំនេះត្រូវបាននាងប្រកែក មិនព្រមទទួលយកដាច់ខាត ទោះស្លាប់ក៏មិនអាចបែកគ្នាជាមួយគូដណ្តឹងបានដែរ ព្រោះនាងបានទុំមុនស្រគាល រហូតដល់មានផ្ទៃពោះ៣ខែទៅហើយ។

ជុំវិញរៀងរ៉ាវខាងលើនេះ លោកអ៊ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ប្រាប់ថា រឿងនេះលោកបានជួយធ្វើអន្តរាគមន៍រួចហើយ នៅពេលម្តាយនាងស៊ុន  ស្រីនិច តាមយាយីកូនស្រី រួចថែមទាំងបានឱ្យនាងសម្រាកនៅនិងកន្លែងធ្វើការរបស់លោក អស់១យប់ទៀតផង ដើម្បីការពារសុវត្ថិភាព កុំឱ្យម្តាយធ្វើបាប។

លោកបន្តថា រឿងនេះលោកក៏បានកោះអញ្ជើញម្តាយនារីខាងលើមកបំភ្លឺ ក្នុងករណីបង្ខាំងកូនស្រីខុសច្បាប់ដែរ តែពួកគាត់មិនបានចូលបំភ្លឺទេ។ ម៉្យាងទៀតលោកបានពន្យល់ដល់នាង ស៊ុន ស្រីនិច បើស្រលាញ់គ្នាប្តូរផ្តាច់ជាមួយគូដណ្តឹងយ៉ាងនេះ នាងអាចដឹកដៃគូដណ្តឹងទៅចុះអេតាស៊ីវីល (លិខិតទទួលស្គាល់អាពាហ៍ពិពាហ៍)  នៅសាលាឃុំបាន។

ទាក់ទងទៅនឹងករណីចុះអេតាស៊ីវិលនេះ នាងស៊ុន ស្រីនិច បានបញ្ជាក់ថា នាងក៏បានធ្វើតាមការណែនាំរបស់លោកអធិការហើយដែរ  តែពេលទៅដល់សាលាឃុំ គេមិនព្រមធ្វើឱ្យទេ។

ដោយឡែក លោកតារ៉ាត់ ជាមេប៉ុស្តិ៍នគរបាលបាក់អន្លូង បានបដិសេធថា នារីដែលត្រូវម្តាយចាប់ចង និងច្រវាក់នៅផ្ទះរបស់លោកនោះ លោកមិនបានដឹងទេ ព្រោះលោកជាប់រវល់ការងារនៅប៉ុស្តិ៍ឯណោះ។

យ៉ាងណារឿងរ៉ាវនេះ ត្រូវបានលោកអធិការនគរបាលស្រុកត្រពាំងប្រាសាទ អះអាងថា បើមានពាក្យបណ្តឹងពីកូនស្រីទៅហើយ ស្ត្រីជាម្តាយមិនរួចខ្លួនទេ សមត្ថកិច្ចរបស់លោកនិងចាត់ការតាមច្បាប់។

បច្ចុន្នស្ត្រីជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនូទៅផ្នែកជំនាញ បន្តនីតិវិធី៕

RELATED ARTICLES