ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់កំពុងសម្រាកនៅក្នុងផ្ទះសុខៗ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់បានធ្វើសកម្មភាពលបចូលមកលួចយកធុងបាស់និងខ្សែភ្លើង បម្រុងគេចចេញទៅវិញ ក៏ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋព័ទ្ធចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះកំពុងសាងសង់ ស្ថិតក្នុងភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
ជនសង្ស័យមានឈ្មោះឌី វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះរិន ទីន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងប្រពន្ធសំរាកនៅផ្ទះកើតហេតុជាន់ខាងក្រោម ស្រាប់តែមានជនសង្ស័យធ្វើសកម្មភាពលួចធុងបាសនិងខ្សែភ្លើងតភ្ជាប់ប៉ុសផ្សារ ដែលទុកនៅជាន់ខាងលើរួចគេចខ្លួនបានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ ក៏មានសមត្ថកិច្ចល្បាតក្បែរនោះរួមនិងប្រជាពលរដ្ឋជួយចាប់ជនសង្ស័យ រួមនិងដកហូតវត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕