កែវ សីហា ជាពិធីការិនីលេចធ្លោម្នាក់របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ សម្រាប់ការប្រគំតន្ត្រីធំៗទាំងឡាយរបស់ស្ថានីយមួយនេះ គេតែងតែឃើញមុខតារាសម្តែងនិងបង្ហាញម៉ូដរូបនេះ កាន់ក្បាលមីក្រូធ្វើអត្ថាធិប្បាយជាមួយដៃគូលោកប៉ែន ចំរ៉ុង និងឌីជេ ហេរ៉ូ ជាដើម។
ពិធីការិនីញញឹមស្រស់កែវ សីហា ដែលប្រុសៗជាច្រើនបានលង់សម្រស់នាងនោះនឹងចូលរោងការនៅខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះហើយ ដែលដំណឹងនេះប្រាកដជាធ្វើឱ្យប្រុសៗមិនតិចរូបទេសោកស្តាយស្រីស្អាតរូបនេះជាខ្លាំងមិនខានឡើយ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ កែវ សីហា និយាយដោយសប្បាយរីករាយដោយសារភាពថា ដំណឹងនេះគឺជាការពិត ហើយពេលនេះនាងបានត្រៀមខ្លួនរួចជាស្រេចទៅហើយក្នុងការរៀបការនៅចុងឆ្នាំ២០១៩ ខាងមុខនេះ។
ពិធីការិនីរូបនេះ វាចាថា “ខ្ញុំពិតជារៀបការនៅខែវិច្ឆិកា ឆ្នាំហ្នឹងមែនបង ព្រោះចាស់ទុំទាំងសងខាងគាត់ចង់ឱ្យពួកយើងរៀបការឆ្នាំនេះ ដោយសារឆ្នាំក្រោយ២០២០ជាឆ្នាំគត់ អ៊ីចឹងយើងមិនអាចរៀបការបាន ណាមួយវេលាដេញមកល្អនៅខែហ្នឹងផង ទើបខ្ញុំគិតថាជាពេលវេលាសមស្របមួយសម្រាប់ខ្ញុំត្រូវតែរៀបការនៅចុងឆ្នាំនេះ។ ខ្ញុំលាភាពនៅលីវ ត្រឹមហ្នឹងហើយ…”។

កែវ សីហា បានឱ្យដឹងថា អនាគតស្វាមីរបស់នាងជាលោកគ្រូពេទ្យ ដែលនាងបានស្រលាញ់គ្នាជាមួយលោកដុកទ័រ រយៈពេល៩ឆ្នាំមកហើយ តាមរយៈចាស់ទុំណែនាំឱ្យផង ហើយនាងនិងលោកគ្រូពេទ្យក៏ពេញចិត្តគ្នាខ្លាំងដែរ ហេតុនេះហើយបានជាត្រូវរៀបការនៅពេលនេះ បន្ទាប់ពីបានភ្ជាប់ពាក្យ៣ឆ្នាំមកហើយនោះ។

ពិធីការិនីអាស៊ីអាគ្នេយ៍រូបនេះ បន្ថែមថា “ខ្ញុំគិតថារយៈពេល៩ឆ្នាំ គឺគ្រប់គ្រាន់ហើយសម្រាប់យើងស្វែងយល់ចិត្តគ្នា អ៊ីចឹងយើងក៏មិនចង់ពន្យារពេលតទៅទៀតដែរ។ ខ្ញុំនិងគាត់បានភ្ជាប់ពាក្យជាមួយគ្នា៣ឆ្នាំហើយៗពួកយើងមានការចុះសម្រុងគ្នាបានល្អ ទើបគិតគូររឿងរៀបការហ្នឹង”។
ការលាភាពនៅលីវរបស់កែវ សីហា នៅពេលនេះច្បាស់ជាធ្វើឱ្យមន្ត្រីធំនិងឧកញ៉ាៗមួយចំនួនខកចិត្តមិនស្ទើរឡើយ ព្រោះតាមដំណឹងថា ស្រីស្រស់រូបនេះមានមន្តស្នេហ៍នឹងបានតំណែងជំទាវភ្លាម ប្រសិនបើនាងចង់បាន។

ប៉ុន្តែសីហា មិនអាចមើលឃើញប្រុសណាផ្សេងក្រៅពីលោកដុកទ័រឡើយ ទើបនាងសូមប្រគល់បេះដូងឱ្យលោកគ្រូពេទ្យជាអ្នកថ្នមថែរហូតហើយ។
កែវ សីហា អះអាងទៀតថា “ខ្ញុំមិនដែលគិតរឿងថាមើលឃើញអ្នកណាផ្សេង ក្រៅពីគាត់ (ដុកទ័រ) ទេបង។ ខ្ញុំរឹតតែមិនដែលគិតថាចង់ធ្វើជំទាវអីទៀត គឺខ្ញុំសូមតែធម្មតាៗហើយខ្ញុំចង់រៀបការជាមួយគាត់ ដោយសារតែពួកយើងស្រលាញ់គ្នាទៅវិញទៅមក។ អ្វីដែលពិសេសនោះគាត់មិនមានទាក់ទងរញ៉េរញ៉ៃជាមួយស្រីណាពីមុនមកទេ គឺគាត់នៅលីវ”។

កែវ សីហា លេចធ្លោនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធី “ដើមភូមិចុងភូមិ”, “តន្ត្រី AD”, “តន្ត្រី ICHITAN” និង “តន្ត្រី Happy Freshy Concert” ជាដើម។
ប្រភពបានឱ្យដឹងថា ដោយសារតែពេលវេលាចូលរោងការនៅសល់ពេលតែ៤ខែទៀតប៉ុណ្ណោះ ហេតុនេះហើយបានជាពេលនេះ សីហា ដែលមានវ័យ២៦ឆ្នាំ ត្រូវបានគូដណ្តឹងរបស់នាងដែលមានអាយុ៣០ឆ្នាំ មិនអនុញ្ញាតឱ្យសម្តែងកុនដូចមុនទៀតឡើយ បន្ទាប់ពីនាងថតរឿង “កំលោះទាំង៣”, “ចម្ការលាក់ស្នេហ៍” នោះ គឺពេលនេះធ្វើយ៉ាងណាបន្ទំស្បែកឱ្យកាន់តែសខ្ចី ត្រៀមគ្រងឈុតកូនក្រមុំឱ្យស្អាតដាច់គេទៅបានហើយ។

កែវ សីហា បានប្រកែកដោយវាចាថា អនាគតស្វាមីរបស់នាងមិនដែលហាមឃាត់នាងលេងសិល្បៈឡើយ គឺបើកដៃឱ្យថតសម្តែងដោយសេរី កុំឱ្យតែថតឈុតណាដែលហួសហេតុពេក។ នាងថា ការដែលនាងផ្អាកថតកុន ព្រោះតែជាប់មមាញឹកការងារពិធីការិនីច្រើននៅស្ទូឌីយូ ប៉ុន្តែបើថតជា MV គឺនាងនៅតែថត ហើយនៅពេលនាងរៀបការហើយ ក៏ស្វាមីនៅតែឱ្យបន្តលេងសិល្បៈដូចមុនដដែល ឱ្យតែនាងពេញចិត្តថាចង់សម្តែង!…៕