អ្នកមេម៉ាយសាច់សខ្ចីទ្រលុកទ្រលន់ អ្នកនាងឡាយ លក្ខិណា ក្រៅពីត្រូវផលិតកម្មធំមួយនៅកាណាដា ជ្រើសយកឱ្យច្រៀងរ៉េបជាមួយតារាបរទេសម្នាក់នោះ ពេលនេះនាងក៏បានតំណែងធំមួយនៅកាណាដា ផងដែរ ព្រោះត្រូវម្ចាស់ Sponsor មួយឱ្យធ្វើជាអ្នកចាត់ចែងតារាល្បីៗដែលត្រូវជ្រើសទៅច្រៀងសម្តែងនៅកាណាដា។

ក្រោយទទួលបានការទុកចិត្តពីថៅកែក្រុមហ៊ុនមួយ នាំតារាចូលទៅច្រៀងសម្តែងនៅកាណាដា នោះ អ្នកនាងឡាយ លក្ខិណា ពេលនេះចាប់ផ្តើមសម្រិតសម្រាំងឈ្មោះតារាដែលត្រូវចេញទៅហើយ ដែលក្នុងនោះអ្នកនាងថា មើលទៅតាមកេរ្តិ៍ឈ្មោះរបស់គេបច្ចុប្បន្ន ហើយបើតារាមានទីផ្សារមិនសូវល្អច្រៀងសម្តែងគ្មានអ្នកមើល ក៏អ្នកនាងមិនឱ្យយោបល់ថៅកែយកទៅដែរ ព្រោះនាំតែខាតប្រាក់ខែបើកឱ្យ។

ប៉ុន្តែយ៉ាងណា នៅកាណាដា មិនមែនមានតែម្ចាស់ Sponsor របស់ថៅកែ អ្នកនាងឡាយ លក្ខិណា ម្នាក់ទេ ដែលរកស៊ីផ្នែកនេះគឺមានក្រុមហ៊ុនមួយចំនួនទៀតប្រជែងគ្នាដែរ ហេតុនេះហើយបើតារាខ្លះត្រូវអ្នកនាងលក្ខិណា មើលរំលងនោះ ក៏ពួកគេអាចមានឱកាស ចេញទៅតាមរយៈខាង Sponsor ផ្សេងទៀតដែរ។

តាមរយៈការមានឥទ្ធិពលនៅក្រុមហ៊ុននាំតារាទៅច្រៀងនៅកាណាដា នេះ អ្នកនាងឡាយ លក្ខិណា ផ្ទាល់ ក៏ត្រៀមចេញទៅច្រៀងសម្តែងនៅកាណាដាជាថ្មីម្តងទៀត នៅអំឡុងខែកញ្ញា ឆ្នាំ២០១៩ នេះដែរ ជាមួយតារាចម្រៀងអាឡិច ចាន់ត្រា។

ការទៅកាណាដា ញយបែបនេះ របស់អ្នកនាងលក្ខិណា ធ្វើឱ្យមានការសង្ស័យថា អ្នកនាងមានម្ចាស់បេះដូងថ្មីនៅកាណាដា ប៉ុន្តែអ្នកមេម៉ាយសាច់ចាំរូបនេះ ថា មានអ្នកតាមស្រលាញ់ ប៉ុន្តែមិនទាន់ច្បាស់លាស់ទេ៕

