Saturday, October 19, 2024
Homeបរិយាយក្បាច់​គោ​ព័ទ្ធ​ស្នឹង

ក្បាច់​គោ​ព័ទ្ធ​ស្នឹង

បន្ទាប់ពីលេចឮព័ត៌មានចចាមអារ៉ាមថា លោកសម រង្ស៊ី មេបក្សប្រឆាំង គ្រោងរុះរើក្បាលម៉ាស៊ីនបក្ស ដកលោកកឹម សុខា ដាក់លោកគង់ គាំ ជំនួសនោះ ក៏មានការឆ្លើយតបភ្លាមៗ ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ថាជារឿងមិនពិត។ បើយក ករណីនេះ មកវិភាគឱ្យល្អិតល្អន់ទៅ បក្សប្រឆាំង កំពុងជាប់ផុងនយោបាយ ចាញ់ប្រៀបបក្សកាន់អំណាច គ្មានឱកាសរុះរើ ផ្ទៃក្នុងបក្សនោះទេ ប៉ុន្តែ “បក្សប្រឆាំង ប្រើក្បាច់គោព័ទ្ធស្នឹង” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃ នេះ…។

“គោព័ទ្ធស្នឹង” គឺជាឈ្មោះមេកាព្យមួយប្រភេទ មានរបៀបចាប់ចុងចួន និងការសង្កត់សំឡេងគោរពតាមបទពាក្យ៧ ធម្មតា បន្ថែមតែត្រង់យកចុងព្យាង្គចុងឃ្លាមួយ ទៅជាព្យាង្គដើមឃ្លាមួយទៀត គ្រប់ឃ្លាទាំងអស់។ ឧទាហរណ៍ កំណាព្យ បទគោព័ទ្ធស្នឹង ស្នាដៃព្រឹទ្ធាចារ្យពេជ្រ ទុំក្រវ៉ិល សរសេរថា “ប្រាសាទអង្គរគ្រឹះជាតិខ្មែរ ខ្មែរយើងត្រូវតែថែឱ្យគង់ គង់កេរ ដំណែលតផៅពង្ស ពង្សយើងជាវង្សសាងប្រាង្គប្រា…”។ មានន័យថា បទនេះប្រទាក់គ្នាពីឃ្លាមួយទៅឃ្លាមួយ ដូចគោដែល ម្ចាស់យកទៅចងឱ្យស៊ីស្មៅ នៅវាលស្រែ ធ្វើឱ្យខ្សែគោរុំព័ទ្ធស្នឹង ទៅណាមិនរួច។

“ស្នឹង” គឺជាចម្រឹងស្រួចធ្វើពីឈើ ដែលគេបោះក្នុងដី ឬបង្គោលខ្លីបោះជាប់នឹងដី ដោយចងខ្សែភ្ជាប់នឹងបសុសត្វ មាន គោក្របី ជាដើម។ ជាទូទៅ កសិករតែងដឹកគោរបស់ខ្លួនទៅចងឱ្យស៊ីស្មៅខ្ចីនៅទីវាល ដោយប្រើបង្គោលស្នឹង ធ្វើពីឈើ ប្រវែងខ្លីបំផុតត្រឹម១ចំអាម។ គោដែលម្ចាស់វាចងឱ្យស៊ីស្មៅនោះ តែងអូសខ្សែក្រឡឹងជុំវិញស្នឹង ស៊ីស្មៅរហូតដល់រេចរឹល អស់ ដែលជួនកាលខ្សែគោព័ទ្ធជាប់នឹងក្បាលស្នឹង នៅសល់ចម្ងាយខ្លីពេក ដើរមិនកើត គោនោះក៏ដេកទំពោអៀង ទម្រាំម្ចាស់ ទៅស្រាយ។

បើយកករណីគោព័ទ្ធស្នឹង មកប្រៀបធៀបនឹងនយោបាយ យើងអាចសន្និដ្ឋានបានថា សព្វថ្ងៃ “បក្សប្រឆាំង កំពុងប្រើ ក្បាច់គោព័ទ្ធស្នឹង” ដែលជាយុទ្ធសាស្ត្រនយោបាយម៉្យាង ក្នុងការប្រជែងជាមួយបក្សកាន់អំណាច។ យើងអាចប្រៀបធៀប លោកសម រង្ស៊ី គឺជាគោឈ្មោលពេញកម្លាំងអូសនង្គ័ល ឯលោកកឹម សុខា ប្រៀបបាននឹងបង្គោលស្នឹង ចំណែកខ្សែគោ សំដៅដល់មន្ត្រីបក្សប្រឆាំង និងអ្នកគាំទ្រ ខណៈដែលម្ចាស់គោ សំដៅដល់សហគមន៍អឺរ៉ុប អាមេរិក ដែលនៅពីក្រោយបក្ស ប្រឆាំង។ ម្ចាស់គោនោះត្រូវចំណាយលុយកាក់ ឬមានប្រភពស្មៅខ្ចី ដោយយកគោទៅចងឱ្យស៊ីចម្អែតពោះ ត្រៀមកម្លាំង ភ្ជួររាស់ ដោយលាខ្សែគោឱ្យវែង ចងភ្ជាប់នឹងស្នឹង។

យ៉ាងណាមិញ ករណីលោកសម រង្ស៊ី នៅក្រៅស្រុកនោះ គឺមិនអាចកាត់ផ្តាច់ចេញពីការងារក្នុងស្រុកនោះទេ ឬថា រវាងប្រធាន និងអនុប្រធានបក្សប្រឆាំង ជាប់ការងាររួមគ្នា មិនអាចនៅដាច់ពីគ្នាបាន។ អ្នកវិភាគមើលឃើញថា ម្ចាស់គោ បានតម្រូវឱ្យលោកកឹម សុខា សំងំក្នុងទីស្នាក់ការគណបក្ស ប្រៀបបាននឹងស្នឹងគោ ទោះបីជាវាយកប់ដី ក៏ត្រូវតែអនុប្រធាន នៅចាំកន្លែង។ ចំណែកប្រធានបក្ស គេតម្រូវឱ្យនៅឆ្ងាយពីស្នឹង ប៉ុន្តែ មានមន្ត្រីបក្ស និងអ្នកគាំទ្របក្សប្រឆាំង ជួយចងភ្ជាប់ គោនិងស្នឹង មិនឱ្យឃ្លាតពីគ្នាបាន។ គោឈ្មោលនោះស៊ីស្មៅក្រឡឺងៗព័ទ្ធស្នឹង អត់ទៅណាឆ្ងាយទេ បើខ្សែគោវ័ណ្ឌនឹងបង្គោល ក៏ដេកទំពោអៀងតែម្តង ទម្រាំម្ចាស់គោទៅស្រាយ ដឹកយកទៅភ្ជួររាស់។

“ក្បាច់គោព័ទ្ធស្នឹង” ជាយុទ្ធសាស្ត្រនយោបាយមួយបែប សម្រាប់តែគណបក្ស២ ចងសម្ព័ន្ធភាពជាមួយគ្នា ដោយគេមិន ប្រើសម្រាប់គណបក្សតែមួយនោះទេ។ ដូច្នេះ ករណីគណបក្សសម រង្ស៊ី ចងសម្ព័ន្ធភាពជាមួយគណបក្សសិទ្ធិមនុស្ស លុះត្រា តែប្រើក្បាច់នេះ ទើបអាចប្រកួតប្រជែងជាមួយបក្សកាន់អំណាច ដ៏ខ្លាំងបាន។ បើយើងមិនភ្លេចទេនោះ ចលនាត្រីភាគី ដែល ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញ កាលពីទសវត្សឆ្នាំ១៩៨០នោះ ក៏ប្រើ “ក្បាច់គោព័ទ្ធស្នឹង” យ៉ាងនេះដែរ។ កាល នោះ គេទុកពួកឧទ្ទាមខ្មែរក្រហម ឱ្យបង្កការអុកឡុកក្នុងប្រទេស ប៉ុន្តែ មេដឹកនាំចលនាត្រីភាគី ដែលក្នុងនោះ មានសម្តេចឪ ជាព្រះប្រធាន បានធ្វើសកម្មភាពក្រៅប្រទេស ដោយទុកសហការីសំខាន់ៗឱ្យប្រចាំការនៅជំរំតាមទល់ដែន រហូតដល់មាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ ទើប “ក្បាច់គោព័ទ្ធស្នឹង” ត្រូវបញ្ចប់។ ក្បាច់នេះមិនអាចអត់ម្ចាស់ ជំនួយបានឡើយ ព្រោះម្ចាស់ជំនួយប្រៀបបាននឹងម្ចាស់គោ ដូច្នេះ ករណីអ្នកនាំពាក្យរាជរដ្ឋាភិបាលថា “បក្សប្រឆាំងនៅ កម្ពុជា គឺជាកូនអុករបស់សមាជិកសភាអាមេរិក មួយក្រុម” ឃើញថា មិនខុសទេ។

កាលពីពេលថ្មីៗនេះ សភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំពេញអង្គ អនុម័តលើសេចក្តីសម្រេច លេខ៧២៨ ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយថ្កោលទោសរាជរដ្ឋាភិបាលកម្ពុជា…។ មានន័យថា “ពេលគោស៊ីស្មៅ ព័ទ្ធជាប់ស្នឹង ធ្វើឱ្យម្ចាស់គោមានប្រតិកម្ម” ដែលបង្ហាញយ៉ាងច្បាស់ថា បក្សប្រឆាំង កំពុងលេងក្បាច់នេះ ខណៈដែលប្រជា- ពលរដ្ឋសាមញ្ញោមីលមិនយល់។

សូមរំព្ញកថា លោកកឹម សុខា នៅពេលជាប់ពាក់ព័ន្ធនឹងបណ្តឹងរឿងស្រីញីនោះ បានចេញទៅដល់បាងកក ទៅហើយ ស្រាប់តែវិលមកវិញ ចូលសំងំក្នុងទីស្នាក់ការគណបក្ស ដែលយើងអាចយល់បានថា គេតម្រូវឱ្យគាត់ធ្វើ “ស្នឹង” សម្រាប់ “ចងគោសម រង្ស៊ី” ដែលនៅក្រៅប្រទេស ព្រោះបើចេញក្រៅទាំងគោ ទាំងស្នឹងនោះ មិនបានលទ្ធផលអ្វីទេ។ បើអ៊ីចឹងនោះ តើផ្ទៃក្នុងបក្ស រុះរើយ៉ាងម៉េចកើត? ចំពោះព័ត៌មានលេចឮថា បក្សប្រឆាំងគ្រោងដកលោក កឹម សុខា ដាក់លោកគង់ គាំ ជំនួសតំណែងអនុប្រធានបក្សនោះ គឺអាស្រ័យលើម្ចាស់គោឯណោះទេ ព្រោះ “ក្បាច់គោព័ទ្ធស្នឹង” វាមានភាពប្រទាក់គ្នាដូច វល្លិត្អើក មិនមែនតែងតាំងអ្វីស្រេចតែចិត្តបានឡើយ។ បើមានការរើរុះក្បាលម៉ាស៊ីនបក្សប្រឆាំង នោះ លុះត្រាតែកុំលេង “ក្បាច់គោព័ទ្ធស្នឹង” តែបើគេកំពុងលេងក្បាច់នោះ អ្នកណាធ្វើស្នឹង នៅតែស្នឹង អ្នកណាធ្វើគោ នៅតែគោដដែល។ បើបក្ស ប្រឆាំងកំពុងលេង “ក្បាច់គោព័ទ្ធស្នីង” បែបនេះ តើបក្សកាន់អំណាចត្រូវយកក្បាច់អ្វីមកលេងដើម្បីយកឈ្នះ? “នគរធំ” មានទស្សនៈថា ធម្មតា គោ តែងតែផ្អើលនឹងសន្ធឹកគ្រឿងយន្ត ដូច្នេះគេត្រូវយក “ក្បាច់បង្អើល” មកប្រើទើបបាន។ កាលពី សម័យសង្គ្រាមទសវត្សឆ្នាំ១៩៧០ មានអ្នកភូមិម្នាក់ យកគោស្ទាវរបស់គាត់ទៅចងឱ្យស៊ីស្មៅ រហូតដល់ខ្សែគោព័ទ្ធជាប់ស្នឹង ស៊ីលែងកើត អាស្ទាវក៏ដេកទំពោអៀងក្បែរស្នឹង។ រំពេចនោះ ស្រាប់តែលេចអាស្លាបកាត់របស់អាមេរិក ហោះប្រផិតដីពីលើ វាលស្រែកន្លែងចងគោ លាន់សំឡេងខ្ទរខ្ទារ ធ្វើឱ្យអាស្ទាវភ័យស្លន់ស្លោ ស្ទុះបោលសណ្តកបង្គោលស្នឹង រត់ពេញភូមិទម្រាំ ម្ចាស់តាមចាប់បាន វាមានរបួសពេញខ្លួន ដោយច្រឡំឈ្មុលចូលក្នុងគុម្ពប្ញស្សីស្រុក។ យ៉ាងណាមិញ “ក្បាច់បង្អើល” សម្រាប់ យកទៅទប់នឹង “ក្បាច់គោព័ទ្ធស្នឹង” នេះឯង ប៉ុន្តែ សម្រាប់គោចាស់ ធ្លាប់ឮសំឡេងយន្តហោះ ក៏មិនងាយផ្អើលដែរ គឺផ្អើលតែ គោស្ទាវប៉ុណ្ណោះ។ ដោយឡែក សម្រាប់គោមានម្ចាស់ បើយកគ្រឿងយន្តទៅបង្អើល ឬថា ធ្វើឱ្យផ្អើលដាច់គោគេទៅស៊ីសន្ទូង ក៏មិនល្អដែរ។

យោងតាមភាពចាស់ទុំខាងនយោបាយ យើងឃើញថា មេបក្សកាន់អំណាច ដឹងយ៉ាងច្បាស់ថា មេបក្សប្រឆាំង កំពុង លេង “ក្បាច់គោព័ទ្ធស្នឹង” នេះហើយ ទើបបក្សកាន់អំណាច លេង “ក្បាច់បង្អើល” តបវិញ ដូចឃើញនាពេលថ្មីៗនេះ។

សរុបទៅ បើ “បក្សប្រឆាំង ប្រើក្បាច់គោព័ទ្ធស្នឹង” តម្រូវឱ្យ “បក្សកាន់អំណាច ប្រើក្បាច់បង្អើល” ព្រោះយុទ្ធសាស្ត្រ នយោបាយ គេមិនធ្វើដូចគ្នានោះទេ។ ទោះយ៉ាងណាក៏ដោយចុះ គួរតែអ្នកនយោបាយយកយុទ្ធសាស្ត្រទាំងពីរនេះមកប្រើ ក្នុងផ្លូវសន្តិភាព ពោលគឺគោព័ទ្ធតែស្នឹងបានហើយ កុំដាច់ទៅស៊ីស្រូវ ចំណែកយន្តហោះ កន្ទុំរុយ អាក្រោះ បញ្ចោញតែសំឡេង បានហើយ កុំព្រួសគ្រាប់ ទើបប្រជាពលរដ្ឋខ្មែរមិនភ័យខ្លាចចំពោះអស្ថិរភាពសង្គម៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES