Tuesday, September 23, 2025
Homeតារាខ្មែរឆ័យលី ដាឡែន ព្រមលើកលែងក្រោយបុរសម្នាក់ទទួលស្គាល់កំហុស

ឆ័យលី ដាឡែន ព្រមលើកលែងក្រោយបុរសម្នាក់ទទួលស្គាល់កំហុស

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងទើបចេញពីផឹកស៊ីនៅឯណាស្រវឹងជោកបើកម៉ូតូ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុករថយន្ត១គ្រឿងរបស់តារាសម្តែងស្រីម្នាក់ ដែលកំពុងចតអែបចិញ្ចើមផ្លូវបណ្តាលឱ្យរងការខូចខាត។ ចំណែកអ្នកបើកម៉ូតូទទួលរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវទន្លេសាប ត្រង់ចំណុចមុខអូតែលសុខា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូ១គ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DB-7534 បើកក្នុងស្ថានភាពស្រវឹងស្រាធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុខាងលើ បុរសរូបនោះក៏បានបន្ថែមល្បឿនវ៉ាជែងរថយន្តស៊ិនទ្រីដឹកសំរាម១គ្រឿង រួចក៏ជ្រុលចង្កូតទៅបុករថយន្ត១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AA-1394 ដែលគេស្គាល់ថា ជារថយន្តរបស់តារាសម្តែងស្រីអ្នកនាងឆ័យលី  ដាឡែន ដែលកំពុងចតស្ងៀមអែបចិញ្ចើមផ្លូវចំពីចំហៀងខាងមុខផ្នែកខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសស្រាល។ ចំណែករថយន្តនិងម៉ូតូរងការខូចខាតដូចគ្នាបន្តិចបន្តួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុនិងបានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយខាងម៉ូតូបង្ក បានទទួលកំហុសនិងសុំទោសទៅលើម្ចាស់រថយន្ត។

ចំណែកភាគីម្ចាស់រថយន្តគឺតារាសម្តែងស្រី អ្នកនាងឆ័យលី ដាឡែន ក៏ព្រមអធ្យាស្រ័យឱ្យខាងម៉ូតូ ដោយមិនទាមទារសំណងអ្វីនោះទេ គ្រាន់តែប្រាប់ថាថ្ងៃក្រោយ កុំបើកលឿនពេករួចបានចែកផ្លូវទៅរៀងៗខ្លួន៕

RELATED ARTICLES