ជុំវិញការបកស្រាយពីនារីត្រូវប្តីវាយ១៣០ដង ថៃ ស្រីនាង ថាគ្រាន់តែស្លៀកសិចសុីឡាយវីដេអូលក់សម្លៀកបំពាក់តាមអនឡាញ មិនជាប់គុកនោះ នាយិកាអង្គការមួយរូបបានតបសំណួរទៅវិញថា ថា តើមនុស្សទាំងអស់គ្នាស្រលាញ់មនុស្សស្រីម្នាក់ ដែលជាប្រពន្ធស្លៀកខោស្លីបពាក់អាវទ្រនាប់ចេញនៅតាមអនឡាញឱ្យគេឃើញគ្រប់គ្នាឬអត់? និងបានស្នើសុំរដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺលោកជំទាវអុឹង កន្ថាផាវី ចាត់វិធានការទៀតផង។

អ្នកស្រីម៉ម សុម៉ាលី នាយិកាអង្គការអាហ្វេស៊ីព បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ថា រូបអាសអាភាសហ្នឹងមិនដល់ថ្នាក់ដាក់គុកមែន ប៉ុន្តែអ្នកស្រីបកសំណួរទៅសួរមនុស្សប្រុសនៅក្នុងពិភពលោក នៅក្នុងប្រទេសខ្មែរថា តើមនុស្សទាំងអស់គ្នាស្រលាញ់មនុស្សស្រីម្នាក់ ដែលជាប្រពន្ធស្លៀកខោស្លីបពាក់អាវទ្រនាប់ចេញនៅតាមអនឡាញឱ្យគេឃើញគ្រប់គ្នាឬអត់?

អ្នកស្រីម៉ម សុម៉ាលី បានមានប្រសាសន៍ថា “បើតាមខ្ញុំជាមនុស្សចាស់ម្នាក់ ខ្ញុំមានបទពិសោធន៍ច្រើន ខ្ញុំគិតថាមិនអាចទេ ទាំងលោក (អ្នកយកព័ត៌មាន) ទាំងកូនប្រុសខ្ញុំក៏ដោយ។ និយាយរួមការសិចស៊ីហ្នឹងវាមិនដល់ថ្នាក់សិចស៊ីដោះខោអាវចេញ បានហៅថាសិចស៊ីទេ ព្រោះថានៅបរទេស មនុស្សស្រីដែលសិចស៊ីហ្នឹង សូម្បីតែពាក់អាវសស្លៀកខោខូវប៊យក៏សិចស៊ីដែរ គឺសិចស៊ីសំដៅទៅលើរឿងថា គាត់ធ្វើការ គាត់ពូកែ គាត់ខ្លាំង សំដៅទៅលើថាចេញរូបភាពអាហ្នឹងវាចូលដល់អាសអាភាសហើយ ស្លៀកខោ ស្លៀកអីអ៊ីចឹង”។

លោកស្រីសុម៉ាលី បន្តថា “បើថាស្លៀកម៉ៃយ៉ូ ប៊ីគីនីនៅមាត់សមុទ្រ ក៏ខ្ញុំអត់ថាអីដែរ តែអានេះលក់ខោអាវនៅតាមអនឡាញ វាអត់សម។ អ៊ីចឹងសុំឱ្យគាត់គិតពិចារណាម្តងទៀតទៅ អ្វីដែលគាត់ធ្វើហ្នឹងវាជ្រុល ហើយគាត់មិនមែនតែបានទទួលការរិះគន់ពីខាងណាទេ ខ្ញុំគិតថាមនុស្សភាគច្រើនគេមានយោបល់គេរិះគន់ច្រើនណាស់ ហើយខ្ញុំមិនរិះគន់អីទេ គ្រាន់តែសុំថាបើប្អូនដឹងថាខ្លួនឯងខុសហើយយើងកែទៅ”។

អ្នកស្រីម៉ម សុម៉ាលី បន្តទៀតថា “ចំពោះថាសិចស៊ី ទើបគាត់លក់ផលិតផលដាច់ត្រង់ចំណុចនេះ ខ្ញុំឃើញអារី នួន គាត់លក់អនឡាញ លក់ឡេឱ្យស្បែកស ខ្ញុំឃើញធារ៉ា លាង គាត់លក់អ៊ីចឹងដូចគ្នា ហើយគាត់ស្លៀកខោអាវជិតក ជិតដៃ ខ្ញុំឃើញថា Fan របស់គាត់ដូចជាច្រើនណាស់ ហើយគាត់លក់ដាច់ខ្លាំងណាស់។ ខ្ញុំស្គាល់អ្នកលក់អនឡាញច្រើនណាស់ ហ្សូរីដា ឌួង អី ដូចគេលក់ច្រើនណាស់ ប៉ុន្តែអត់ឃើញគេស្លៀកខោស្លីបអីផង ឃើញតែគេនៅលក់ដាច់ ហើយចំពោះទី២ ខ្ញុំអត់ចង់ឱ្យថា ដើម្បីលុយ យើងធ្វើអ្វីគ្រប់យ៉ាងដើម្បីលុយ កិត្តិយសរបស់មនុស្សស្រីយើងពិបាកស្តារមកវិញណាស់។

ចុងក្រោយអ្នកស្រីម៉ម សុម៉ាលី បានបញ្ជាក់ចុងក្រោយ ថា “ខ្ញុំសំណូមពរទី១. ទៅក្រសួងកិច្ចការនារី ដោយសារខ្ញុំធ្វើការជាមួយក្រសួងកិច្ចការនារី ហើយរឿងហ្នឹងយើងបានប្រជុំគ្នា១ខែមុនហ្នឹង យើងប្រជុំគ្នាទៅលើការស្លៀកពាក់។ អ៊ីចឹងសុំឱ្យក្រសួងកិច្ចការនារី គាត់មានវិធានការ ព្រោះធម្មតាក្រសួងកិច្ចការនារី ជាកិច្ចការនារី ជាការងាររបស់គាត់ ហើយក្រសួងកិច្ចការនារី សហការជាមួយក្រសួងផ្សេងៗដូចជាក្រសួងវប្បធម៌ ខាងក្រសួងព័ត៌មាន ខាងអីហ្នឹង គាត់មានការសហការ អ៊ីចឹងសម្រាប់ខ្ញុំៗធ្វើការជាមួយក្រសួងកិច្ចការនារី សុំឱ្យក្រសួងកិច្ចការនារី គាត់មានវិធានការហៅមកពន្យល់ណែនាំ ព្រោះអ្នកខ្លះគាត់ស្លៀកពាក់អត់ដឹងទេ អ៊ីចឹងខ្ញុំថារឿងអីក៏ដោយ មុននឹងបន្ទោសអ្នកណាម្នាក់មិនល្អ យើងត្រូវការឱ្យគាត់ដឹងថាហេតុអី? គាត់ស្លៀកហ្នឹងវាជះឥទ្ធិពលអីខ្លះ? បើសិនជាខ្ញុំមានពេលវេលាបើសិនជាពួកគាត់មកជាមួយកូនៗនៅក្នុងមណ្ឌលបាន ដើម្បីសួរថា តើការស្លៀកពាក់របស់គាត់ ដោយសារពួកគាត់មែន ឬអី? គាត់អាចជួបជាមួយក្មេងរងគ្រោះ គាត់អាចមកអង្គការបាន…”៕
