ភ្នំពេញ ៖ ស្ត្រីម្នាក់ឃើញក្មេងស្រីតូចម្នាក់កំពុងត្រូវម្តាយពរជាប់នឹងដៃឈរទិញបន្លែនៅក្នុងផ្សារ ក៏បែកគំនិតធ្វើសកម្មភាពយកកន្ត្រៃកាត់ខ្សែកប្លាទីនពីក្មេងស្រីតូចទាំងកណ្តាលផ្សារ តែមិនបានសម្រេច ក៏ត្រូវម្តាយក្មេងស្រីរងគ្រោះដឹងខ្លួនទាន់ក៏ស្រែកចោរៗផ្អើលអ្នកលក់ដូរក្នុងផ្សារដេញចាប់ជាប់ ប្រគល់ឱ្យសមត្ថកិច្ចយកទៅធ្វើការសាកសួរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្សារសារឿនយ៉ានី ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះយ៉ាន់ ចាន់ ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ ជើងឯក ខណ្ឌដង្កោ ជាម្តាយរបស់ក្មេងស្រីតូច។

ចំណែកជនសង្ស័យមានឈ្មោះចាន់ នូ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានពរកូនស្រីដើរចេញពីផ្ទះជួលក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ពេលមកដល់គាត់កំពុងតែដើររកទិញត្រកួនយកទៅស្លរនៅក្នុងផ្សារសារឿនយ៉ានី ហើយគាត់ក៏ឈរសម្លឹងមើលរកទិញម្ហូប ស្រាប់តែឮសំឡេងកូនស្រីដែលគាត់កំពុងតែពរស្រែកយំ ទើបក្រឡេកមើលកូនឃើញស្ត្រីម្នាក់យកកូនកន្ត្រៃកំពុងតែកាត់ខ្សែកប្លាទីនទម្ងន់២ជី របស់កូនស្រីគាត់ ទើបគាត់ស្រែកចោរៗលួចកាត់ខ្សែកកូនខ្ញុំ ផ្អើលប្រជាពលរដ្ឋអ្នកលក់ដូរបានឃើញ និងជួយចាប់ប្រគល់ឱ្យនគរបាលប៉ុស្តិ៍ដង្កោតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រួវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕