តារាចម្រៀង Original Song ម្ចាស់បទ “មានអ្នកថែឬនៅ ?” កញ្ញាអេដា និងជួបគ្នាជាមួយតារាចម្រៀងក្រុម Mustache Band ដែលគេស្គាល់ថាជាម្ចាស់បទ “អាក្របី”, លោក ភឹម តារាវិបុល, លោក Pramote Wilepana រួមទាំងលោក Utain Prommiន នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ដែលផ្តួចផ្តើមឡើងដោយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះរាជាណាចក្រកម្ពុជា គណៈមហាកាយ និងចូលរួមដោយក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុនអអេហ្វ៣វើលដ៍ កម្ពុជា, ផលិតកម្មមហាហង្ស និងក្រុមហ៊ុន អលដេតវ័ន ខូអិលធីឌី។
កម្មវិធីនេះបានធ្វើសន្និសីទកាសែត កាលពីថ្ងៃទី២២ ខែសីហា នៅផ្សារទំនើបស៊ីធីម៉ល ដោយមានអ្នកសារព័ត៌មាន និងតំណាងបណ្តាក្រុមហ៊ុនខាងលើ ចូលរួមយ៉ាងច្រើនកុះករ។
លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានថ្លែងថា “ព្រឹត្តិការណ៍នោះពិតជាអស្ចារ្យ ដោយមានតារាចម្រៀងល្បីៗ ដូចជា លោកភឹម តារាវិបុល ច្រៀងបើកឆាក, អ្នកនាងអេដា ម្ចាស់បទ “អាក្របី”, ក្រុម Mustache, លោក Promote Wilepana និងលោក Utain Prommin នឹងច្រៀងសម្តែងអមការប្រកួតបាល់ទាត់ នៅពេលដែលសម្រាកចប់តង់។ ចំពោះសំបុត្រសម្រាប់អ្នកទស្សនាវិញ យើងបានត្រៀមដាក់លក់ដល់ទៅ៤ម៉ឺនសន្លឹក ក្នុងនោះមានសំបុត្រកៅអី VIP ដែលមានតម្លៃ១ម៉ឺនរៀល ចំនួន៥ពាន់សន្លឹក និងសំបុត្រកៅអីធម្មតាចំនួន៣៥០០០សន្លឹកផងដែរ ហើយសំបុត្រនឹងចាប់ដាក់លក់ចាប់ពីថ្ងៃទីចន្ទ ទី២៦ ខែសីហា នេះតទៅ នៅស្តង់លក់សំបុត្រមុខពហុកីឡដ្ឋានជាតិអូឡាំពិក និងស្តង់មួយចំនួនទៀត ” ការប្រកួតបាល់ទាត់ មិត្តភាពសប្បុរសធម៌មាន២ប្រកួត គឺទី១ ការប្រកួតរវាងក្លឹបបឹងកេត ជាមួយក្រុមបាល់ទាត់តារាមហាហង្ស និងការប្រកួតគូទី២ គឺក្រុមបាល់ទាត់តារាកម្ពុជា ជាមួយក្រុមតារាបាល់ទាត់តារាថៃ ដែលនឹងចាប់ផ្តើមពីម៉ោង២ៈ៣០នាទីរសៀល ដល់ម៉ោង៩យប់។
លោកអ៊ិន សុភិន បន្ថែមថា “មិនមែនជាការប្រកួតលេងៗឱ្យតែល្អមើលនោះទេ គឺប្រកួតមែនទែន ហើយកីឡាករយើងបានហ្វឹកហាត់បានល្អណាស់មុនការប្រកួតនេះ។ ចំពោះថវិកាដែលបានមកពីការប្រកួតនេះ យើងនឹងយកទៅប្រគល់ឱ្យមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី៣០ ខែសីហា ដែលមានការចូលរួមពីតារាចម្រៀង កីឡាករ តំណាងក្រុមហ៊ុនចូលរួមឧបត្ថម្ភ និងក្រុមបាល់ទាត់តារាថៃ ផងដែរ”៕






