ខេត្ដកណ្ដាលៈ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្នុងទឹកទន្លេមេគង្គបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ។ តាមការសន្និដ្ឋានជនរងគ្រោះអង្គុយលើមែកឈើធ្លាក់ចូលទៅក្នុងទឹក ខណៈកំពុងស្រវឹងស្រា ។
ប៉ូលិសស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ង់ រ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។
តាមការបំភ្លឺរបស់អ្នកជិតខាងជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សញៀនស្រាតែងតែផឹកស្រវឹងរាល់ថ្ងៃ ។ នៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះទៅរកត្រីជាមួយឈ្មោះ ទុយ ឆេង ដែលត្រូវជាប្អូនថ្លៃ ។ ពេលទៅដល់ជនរងគ្រោះមិនបានចុះទឹកដើម្បីនេសាទត្រីនោះទេដោយអង្គុយនៅលើគោកក្រោមដើមពុទ្រា ។
បន្ទាប់ពីនេសាទត្រីបានសម្រាប់ស្លរបុរសជាប្អូន ថ្លៃបានបបួលជនរងគ្រោះត្រឡប់ទៅផ្ទះវិញតែជនរងគ្រោះមិនបានទៅជាមួយនោះទេដោយនិយាយថា ហត់ណាស់ទៅមុនទៅ ។ លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ ឈ្មោះ ជា លីដា ដឹកគោទៅលាងទឹកក៏ប្រទះឃើញស្បែកជើងផ្ទាត់អណ្ដែតនៅលើផ្ទៃទឹកទន្ទឹមគ្នាហើយក៏បានលូកដៃទៅទាញស្រាប់តែប្រទះឃើញជើងជនរងគ្រោះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្ដង ។
បច្ចុប្បន្ន សាកសពជនជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
សិលា