Tuesday, January 27, 2026
Homeព័ត៌មានជាតិប្រពន្ធមានផ្ទៃពោះ ប្តីចុះចោល សម្រាលកូនតាមផ្លូវ

ប្រពន្ធមានផ្ទៃពោះ ប្តីចុះចោល សម្រាលកូនតាមផ្លូវ

ខេត្តបាត់ដំបង ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់បានឈឺពោះសម្រាល ទើបក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនតាមម៉ូតូសំដៅទៅកាន់មណ្ឌលសុខភាព ស្រាប់តែធ្វើដំណើរបានពាក់កណ្តាលផ្លូវទ្រាំលែងបានក៏ឈប់ម៉ូតូអែបខាង ហៅគេឯងឱ្យជួយ និងសំណាងល្អត្រូវបានអ្នកគ្រូពេទ្យម្នាក់មកជួយសម្រាលបានកូនប្រុសម្នាក់ ប្រកបដោយសុវត្ថិភាព។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិឈូក ឃុំបាសាក់ ស្រុករុក្ខគិរី។

ស្ត្រីដែលសម្រាលកូនតាមផ្លូវរូបនេះ មានឈ្មោះយឹម សុឃេន អាយុ៣៨ឆ្នាំ មានប្តីឈ្មោះ អុល (ចុះចោលប្រពន្ធបាត់)  និងមានលំនៅ ក្នុង ភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី។

តាមប្រភពពីសាច់ញាតិរបស់ស្ត្រីអភ័ព្វខាងលើ បានរៀបរាប់ប្រាប់ថា ស្ត្រីរូបនេះមានវាសនាអភ័ព្វខ្លាំងណាស់ ត្រូវប្តីចុះចោលបាត់តាំងពីនាងទើបនឹងមានផ្ទៃពោះ៤ខែមកម៉្លេះ ធ្វើឱ្យនាងត្រូវស្ពាយពោះខំធ្វើការរកប្រាក់តែ ម្នាក់ឯង រហូតដល់ថ្ងៃសម្រាល។

ប្រភពបានបន្តថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានប្រាប់សាច់ញាតិថា នាងឈឺពោះខ្លាំងណាស់ ជិតសម្រាលកូនហើយ។ ឮបែបនេះ សាច់ញាតិក៏ប្រញាប់ទាញម៉ូតូដឹកស្ត្រីរងគ្រោះចេញពីផ្ទះសំដៅទៅកាន់មណ្ឌលសុខភាព ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាល ប៉ុន្តែចៃដន្យពេលដឹកមកដល់ត្រង់ចំណុចកើតហេតុ ស្ត្រីរងគ្រោះបានប្រាប់ឱ្យឈប់ម៉ូតូសិន ព្រោះនាងឈឺពោះខ្លាំងណាស់ ទ្រាំមិនបានទៀតទេ។

ប្រភពបានបន្តទៀតថា ភ្លាមនោះ សាច់ញាតិក៏អែបម៉ូតូឈប់នៅចិញ្ចើមផ្លូវ រួចស្រែកឆោឡោហៅប្រជាពលរដ្ឋនៅក្បែរនោះឱ្យជួយ ហើយគាប់ជួនក៏មានអ្នកគ្រូពេទ្យម្នាក់បានមកដល់ចុះមកជួយ សម្រាល  រហូតបានកូនប្រុសម្នាក់ប្រកបដោយសុវត្ថិភាពទាំងម្តាយទាំងកូន។

ក្រោយកើតហេតុ ស្ត្រីខាងលើ រួមនឹងទារិកាទើបនឹងសម្រាលត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ជួយទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពឃុំព្រែកជីក ដើម្បីពិនិត្យនិងថែទាំ៕

RELATED ARTICLES