តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានឱ្យដឹងថា សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនាងគ្រោងទៅឱ្យបាន៤ទៅ៥វត្ត ទោះជានាងនៅក្មេងមែន តែចូលចិត្តធ្វើបុណ្យណាស់ គ្រាន់តែកន្លងមកនាងមិនចេះអួតអាងដូចគេប៉ុណ្ណោះ។

តារាចម្រៀងសាន់ដេរូបនេះ បានឱ្យដឹងថា ការទៅវត្តដាក់ទានយកបច្ច័យប្រគេនព្រះសង្ឃនោះ គឺនាងចូលចិត្តតែធ្វើនៅវត្តឆ្ងាយៗដែលពិបាកប៉ុណ្ណោះ គឺមិនទៅវត្តណាដែលមានមនុស្សច្រើនពេកនោះទេ។
អ៊ីវ៉ា ថ្លែងថា “ឆ្នាំមុនខ្ញុំបានទៅវត្តពី៤ទៅ៦វត្តដែរ ហើយភាគច្រើនទៅវត្តនៅខេត្តកំពង់ស្ពឺ ដែលជាស្រុកកំណើតតែម្តង។ ចំពោះឆ្នាំនេះវិញ ខ្ញុំគ្រោងទៅឱ្យបាន៤ទៅ៥វត្តដែរ ហើយចាប់ផ្តើមទៅនៅថ្ងៃទី២៣ ខែកញ្ញា នេះហើយ ព្រោះមុននឹងខ្ញុំជាប់រវល់ទៅច្រៀងនៅកូរ៉េ និងមានការទើបមកពីថៃ ដែរ។

អុីវ៉ា បន្តថា “សម្រាប់ខ្ញុំការធ្វើបុណ្យនេះ មិនមែនតែបុណ្យភ្ជុំទេ បុណ្យអីក៏ខ្ញុំធ្វើដែរ ព្រោះខ្ញុំចូលចិត្តធ្វើបុណ្យណាស់។ ប៉ុន្តែខ្ញុំមិនដែលបង្ហាញគេថា ទៅធ្វើបុណ្យអីទេ ព្រោះខ្ញុំមិនចង់អួតគេរឿងធ្វើបុណ្យទេ”។

អុីវ៉ា បន្តទៀតថា “ខ្ញុំគិតថាការធ្វើបុណ្យ គឺសំខាន់ធ្វើចេញពីទឹកចិត្តរបស់យើងផ្ទាល់តែម្តង អ៊ីចឹងមិនចាំបាច់បង្ហាញគេក៏បានដែរ។ កន្លងមកខ្ញុំធ្លាប់ចូលបុណ្យនៅព្រះវិហារ សាលាឆាន់អី ពេលខ្ញុំទៅឃើញឈ្មោះខ្លួនឯងគេចារនៅតាមជញ្ជាំង ខ្ញុំសប្បាយចិត្តណាស់”។

អ៊ីវ៉ា ទើបវិលត្រឡប់មកពីច្រៀងរាំនៅប្រទេសកូរ៉េ ជាលើកទី១ កាលពីពេលថ្មីៗនេះ ដោយនាងថែមទាំងហ៊ានប្រថុយចេញទៅដោយគ្មានលោកអ៊ូ វ៉ាវ ទៅជាមួយទៀតផង។
យ៉ាងណា អ៊ីវ៉ា ថា នាងរំភើបព្រោះមានបងប្អូនពលករនៅកូរ៉េ គាំទ្រច្រើន ហើយថតរូបជាមួយនាង។ នាងបានច្រៀង៥បទហើយ មានបងប្អូនគាំទ្រច្រើនណាស់ អ៊ីចឹងសប្បាយចិត្តមែនទែន។

អ៊ីវ៉ា នៅតែអះអាងថា សម្រាប់ការធ្វើបុណ្យឆ្នាំនេះ នាងគ្មានបំណងប៉ងចង់បានគូស្នេហ៍ឆាប់ៗទេ គឺធ្វើបុណ្យផុសចេញពីបេះដូង ដើម្បីសុំសេចក្តីសុខចម្រើនដល់គ្រួសារនាង។
ប៉ុន្តែ អ៊ីវ៉ា ក៏មិនខុសពីសុខ ពិសី ដែរ នាងកំព្រាម្តាយដូចគ្នា ហេតុនេះពេលខ្លះ អ៊ីវ៉ា ថែមទាំងតូចចិត្ត ព្រោះគ្មានម្តាយនៅក្បែរដូចគេទៀតផង៕