ចាត់ទុកជារឿងភ្ញាក់ផ្អើលដែលក្រុមហ៊ុនផ្នែកអចលនទ្រព្យធំ២គឺក្រុមហ៊ុនCountry Garden Group ដ៏ល្បីនៅក្នុងតំបន់អាស៊ី និងក្រុមហ៊ុនអចលទ្រព្យឈ្មោះ Century 21 ដែលមានសាខាវិនិយោគសរុបចំនួន៧៨ប្រទេស បានប្រកាសចាប់ដៃគ្នាជាផ្លូវការនៅក្នុងប្រទេសកម្ពុជាដើម្បីដាក់លក់គម្រោងទីក្រុងប្រណិតមហាសាលនៅក្នុងប្រទេសម៉ាលេស៊ី។ ទីក្រុងដ៏ទំនើបនេះត្រូវបានគេប្រកាសថានឹងក្លាយជាក្រុងអ្នកមានដ៏អស្ចារ្យរបស់តំបន់អាស៊ាន ជាពិសេសរបស់ជនជាតិម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ដោយសារតែត្រូវបានសាងសង់យ៉ាងអស្ចារ្យនៅប្របមាត់សមុទ្រ និងកោះនៅក្បែរប្រទេសសិង្ហបុរី។
ការប្រកាសនេះបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមអ្នកជួញដូរផ្នែកអចលនទ្រព្យ ក្នុងពេលប្រទេសកម្ពុជាធ្លាប់តែទាក់ទាញបរទេសអោយចុះមកទិញគម្រោងនៅក្នុងប្រទេស ប៉ុន្តែពេលនេះបែជាគម្រោងដ៏ធំរបស់អន្តរជាតិចាប់ដៃជាមួយក្រុមហ៊ុនធំរបស់កម្ពុជា ដាក់លក់គម្រោងអលចនទ្រព្យមកពីខាងប្រទេសទៅវិញ។ នេះជាលើក១ដែលប្រទេសកម្ពុជាត្រូវបានម្ចាស់គម្រោងដ៏ធំរបស់ពិភពលោកចាប់អារម្មណ៍អោយក្លាយជាភ្នាក់ងារទាក់ទាញអ្នកវិនិយោគជាជជនជាតិកម្ពុជា និងបរទេសដែលស្នាក់នៅកម្ពុជាអោយងាកទៅទិញផ្ទះលំនៅដ្ឋាន និងហាងផ្សេងៗក្នុងគម្រោងទីក្រុងដ៏ធំរបស់ប្រទេសម៉ាឡេស៊ី។ ការប្រកាសលក់គម្រោងដ៏ធំរបស់បរទេសនៅក្នុងប្រទេសកម្ពុជានេះត្រូវបានអ្នកជំនាញប្រកាសថាមិនប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសនោះទេ។ ផ្ទុយទៅវិញ ឱកាសដាក់លក់គម្រោងអចលនទ្រព្យដ៏ធំរបស់ក្រុមហ៊ុន Country Garden Group គឺមិនខុសពីការទាក់ទាញក្រុមហ៊ុនអចលនទ្រព្យធំៗអោយសំឡឹងឃើញឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយក៏មានន័យថាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាមានលទ្ធភាពធ្វើការវិនិយោគជាមួយក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីផងដែរ ទើបបានជាកម្ពុជាបានក្លាយជាទីផ្សារថ្មីមួយរបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ពិភពលោក។ ទីក្រុងដែលត្រូវប្រកាសលក់នេះ គឺមានឈ្មោះថា Forest City ដែលត្រូវបានសាងសង់ក្នុងតំបន់ Iskandarរបស់ម៉ាឡេស៊ីក្បែរប្រទេសសិង្ហបុរី។
លោក Caleb Lohនាយកគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Country Garden ប្រចាំតំបន់ប៉ាស៊ីហ្វិកបានថ្លែងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី២០ កញ្ញានៅសណ្ឋាគារLe Royalថា ក្រុមហ៊ុនរបស់លោកបានទទួលអាជ្ញាប័ណ្ណស្ថាបនាគម្រោងយក្សធំមួយ ដោយមានក្រុមហ៊ុន Johor ដ៏ធំរបស់រដ្ឋាភិបាលជាដៃគូសហការ។ លោកថាគម្រោងនេះ និងធ្វើអោយទឹកដីមួយភាគរបស់ម៉ាលេស៊ីប្រែក្លាយជាទីក្រុងយក្សដ៏ទំនើបដែលអាចទាក់ទាញនូវអ្នកវិនិយោគ និងអ្នកចង់ទៅរស់នៅនៅគ្រប់ទិសទីចាប់អារម្មណ៍ចំពោះគម្រោងនោះ។ លោថាទីក្រុងនេះគម្រោងប្រើពេលសាងសង់បន្តបន្ទាប់គ្នារហូតដល់៣០ឆ្នាំ ដោយសារតែForest City រួមមានសួនកម្សាន្ត ទីលំហែកាយលើឆ្នេរសមុទ្រលំដាប់អន្តរជាតិ អាគារខ្ពស់ៗ សណ្ឋាគារផ្កាយ៥ ផ្ទះលំហែកាយសម្រាប់លំដាប់សេដ្ឋី និងសម្រាប់មនុស្សធណ្ដាល និងទីតាំងពាណិជ្ជកម្មកម្រិតពិភពលោក។ គម្រោងនេះប្រើទុនប្រមាណជា១០០ពាន់លានដុល្លារ ហើយថវិកាដែលបានប្រកាសនេះ គឺមិនមានជាទុនទាំងស្រុងរបស់គម្រោងនោះទេ ដោយសារតែភាពជាក់ស្ដែង គឺមានការប្រើទុនដើម្បីសាងសង់ប្លង់មេជាច្រើនទៀតនៅក្នុងទីក្រុង Forest City ទាំងមូល។ លោកថាទីក្រុងនេះនឹងក្លាយជាទីក្រុងកម្រិតផាកសុខភាពដ៏អស្ចារ្យ ដោយទំហ៊ំជាក់ស្ដែងរបស់ទីក្រុងគឺស្មើនឹង២ភាគ៣នៃទីក្រុងម៉ាកាវ។ លោកថាក្រុមហ៊ុនសម្រេចចិត្តចាប់ដៃជាមួយក្រុមហ៊ុនCentury 21 ដែលមានមូលដ្ឋាននៅកម្ពុជា គឺបន្ទាប់ពី កត់សម្គាល់ថាពលរដ្ឋកម្ពុជាមានលទ្ធភាពកាន់តែច្រើនក្នុងការទិញដូរអចលនទ្រព្យនៅក្រៅប្រទេស និងដើម្បីទាក់ទាញអោយជនបរទេសរស់នៅកម្ពុជាបានវិនិយោគជាមួយគម្រោងទីក្រុង Forest City ។ លោកថាគម្រោង Forest City រួមមានសណ្ឋាគារ ផ្សារទំនើប មន្ទីរពេទ្យ អាគារស្នាក់នៅសួនកម្សាន្ត និងទីក្រុងក្រោមដីដ៏ទំនើបជាច្រើនទៀត។ លោកថាទីក្រុង Forest City នឹងក្លាយជាទីក្រុងយក្ស និងទំនើបបំផុតក្នុងពេលដ៏ខ្លី នៅក្នុងតំបន់អាស៊ាន អ៊ីចឹងហើយទើបលោកយល់ថាគម្រោងរបស់ទីក្រុងមិនពិបាកទាក់ទាញអ្នកមានតម្រូវការនៅកម្ពុជាអោយចាប់អារម្មណ៍នោះទេ ជាពិសេសបន្ទាប់ពីក្រុមហ៊ុន Century 21 Cambodia បានក្លាយជាដៃគូលក់មួយរបស់ក្រុមហ៊ុននៅកម្ពុជា។
លោក Seraj Sutton នាយកប្រតិបត្តក្រុមហ៊ុនអចលនទ្រព្យ Century 21 ប្រចាំនៅកម្ពុជា បានអះអាងថាក្រុមហ៊ុន Century 21 គឺជាក្រុមហ៊ុនអចលនទ្រព្យធំមួយនៅលើពិភពលោកដោយមានសាខាសរុបនៅលើពិភពលោកចំនួន៧៨ប្រទេស។ ក្រោយការចាប់ដៃជាមួយក្រុមហ៊ុន Country Garden Group ក្រុមហ៊ុនរបស់លោកមិនមែនដាក់លក់គម្រោង Forest City តែនៅកម្ពុជានោះទេ ប៉ុន្តែក៏ដាក់លក់នៅតាមសាខាចំនួន៧៧ប្រទេសផ្សេងទៀតអោយផងដែរ។ លោកថាវត្តមានរបស់ក្រុមហ៊ុនដែលមានទុនស្ថាបនាទីក្រុងរហូតដល់តម្លៃ១០០ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ីនាពេលនេះ នឹងជួយអោយប្រទេសកម្ពុជាទាក់ទាញក្រុមហ៊ុនធំៗបានច្រើន បើទោះជាក្នុងពេលនៅមិនទាន់ឈានដល់ការប្រកាសធ្វើគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជាពីសំណាក់ក្រុមយក្សមួយនេះ។ យ៉ាងណាមិញ លោកថាក្រុមហ៊ុន Country Garden Group បានកត់សម្គាល់ឃើញថាប្រទេសកម្ពុជាគឺជាទីផ្សារដែលទាញនូវវិស័យអចលនទ្រព្យមួយធំ ដូច្នេះមិនមែនជារឿងពិបាកនោះទេដែលក្រុមហ៊ុននេះ នឹងឈានដល់ការបោះគម្រោងវិនិយោគជាផ្លូវការនៅក្នុងប្រទេសកម្ពុជាមិនយូរមិនឆាប់ បន្ទាប់ពីក្រុមហ៊ុននេះក៏បានស្គាល់កម្ពុជាតាមរយៈក្រុមហ៊ុន Century 21 Cambodia។ ក្នុងពេលដ៏ខ្លីលោកថាក្រុមហ៊ុន Century 21 នឹងដើរតួសំខាន់ទាក់ទាញក្រុមហ៊ុនធំៗអោយកាន់តែច្រើន ជាពិសេសក្រុមហ៊ុនយក្សCountry Garden Group អោយចាប់អារម្មណ៍រំលេចទីក្រុងដូចគ្នាការវិនិយោគទីក្រុង Forest City នៅក្នុងប្រទេសម៉ាលេស៊ី នៅក្នុងប្រទសកម្ពុជា៕
ដោយ ៖ ប៉េង លី