ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនពាក់ព័ន្ធករណីឃាតកម្មចំនួន៥នាក់ ក្នុងនោះដៃដល់២នាក់ ជាឃាតកចាក់ទៅលើមនុស្ស២នាក់ បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់ កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៧ ខែកក្កដា នៅចំណុចភូមិកន្ទោកត្បូងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ នៅខាងក្រោយផ្សារកាណាស៊ីធីក្នុងបុរីសន្តិសភាព១ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនដៃដល់ដែលឃាត់ខ្លួនបានទាំង៥នាក់ ក្នុងនោះ២នាក់ជាប់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសម្នាក់ និងបុរស ម្នាក់ទៀត រងរបួសធ្ងន់ មាន១ឈ្មោះ ជៀក ឌី ហៅអាគ្រេគ ភេទប្រុស អាយុ២៥ឆ្នាំ និង២ឈ្មោះ សយ ដេវិត ភេទប្រុស អាយុ២៣ឆ្នាំ ។ ចំណែក៣នាក់ ទាក់ទិននឹងករណីលួច និងទទួលផលចោរកម្ម មាន១ ឈ្មោះ សូរ សុផុន ភេទប្រុស អាយុ៣៥ឆ្នាំ ទី២ ឈ្មោះ សូរ ពុធវិច្ឆិកា អាយុ២៥ឆ្នាំ និងទី៣ ឡេង សាវុធ ភេទប្រុស អាយុ២៣ឆ្នាំ ព្រមទាំងដកហូតបានវត្ថុតាងនៅបន្ទប់ជួលរួមមាន ម៉ូតូចំនួន៤គ្រឿង ម្សៅសថ្លាមួយកញ្ចប់តូច ប្រដាប់ជក់ មួយចំនួន ដាវសំាម៉ូរៃចំនួនមួយដើម គ្រឿងបន្លាស់ម៉ូតូមួយចំនួនធំនិងកូនសោសំរាប់ដោះម៉ូតូមួយចំនួន។
ជនរងគ្រោះរហូតស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ ជា សុភាព ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្រពាំងកណ្តោរ ឃុំមានជ័យ ស្រុករំដួល ខេត្តស្វាយរៀង និងជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះសោម វិសាល ភេទប្រុស អាយុ២៦ឆ្នាំ មុខប៉ះកង់ ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតជាមួយគ្នា និងត្រូវជាបងប្អូនជីដូនមួយគ្នា ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ខាងក្រោយផ្សារកាណាស៊ីធីក្នុងបុរីសន្តិសភាព១ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនរងគ្រោះរងរបួសធ្ងន់បានដើរតាមផ្លូវនៅខាងក្នុងបុរីសន្តិភាព២ស្រាប់តែមាន ជនដៃដល់មួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង មកដល់បានឈ្លោះប្រកែកគ្នារហូតជនដៃ ដល់បានដេញចាក់ទៅលើជនរងគ្រោះ ឃើញបែបនេះបងប្រុសជីដូនមួយដែលទើបតែមកពីស្រុកកំណើតមកស្នាក់នៅជាមួយប្រពន្ធដើម្បីរកការងារធ្វើបានរត់ទៅជួយត្រូវជនដៃដល់ ចាក់រហូតស្លាប់ក្នុងថ្លុកឈាម នៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះជាប្អូនត្រូវជនដៃដល់ចាក់ពីក្រោយខ្នងកាំបិតរងរបួសធ្ងន់ ហើយជនដៃដល់បាននាំគ្នារត់គេចខ្លួនអស់ ។
ក្រោយពេលកើតហេតុជនរងគ្រោះរបួសធ្ងន់ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែក សពដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។
លោកនាយប៉ុស្តិ៍នគរបាលចោមចៅបានឲ្យដឹងថា ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានសមត្ថកិច្ចចុះទៅសាកសួរដល់គ្លីនិក តែជនរងគ្រោះហាក់ដូចជាព្យាយាមលាក់បាំងមិនបានផ្តល់ព័ត៌មានច្បាស់លាស់ណាមួយពីបញ្ហាកើតឡើងរហូតដល់កាប់ចាក់គ្នាស្លាប់នោះទេ គ្រាន់តែជនរងគ្រោះបង្ហើបឲ្យដឹងថា ជនដៃដល់និងជនរងគ្រោះជាមនុស្សស្គាល់គ្នាពីមុនមក ។ ក្រោយមកជនរងគ្រោះបានចេញពីគ្លីនិកត្រឡប់ទៅស្រុកកំណើតវិញ ហើយបានបិទទូរស័ព្ទរហូតមក ធ្វើសមត្ថកិច្ចមិនអាចទាក់ទងបានទេ ។
ទោះបីជាជនរងគ្រោះមិនចង់សហការជាមួយសមត្ថកិច្ចក៏ដោយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍ សែនជ័យបានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង៣និង១០នាទីរសៀលថ្ងៃទី៧ ខែកក្កដា បានដឹកកម្លាំងចុះទៅបង្រ្កាបដល់បន្ទប់ជួលរបស់ជនដៃដល់នៅក្នុងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនជាក់ស្តែង បាន៥នាក់ ក្នុងនោះ២នាក់ជាជនដៃ ដល់ករណីឃាតកម្មខាងលើ និង៣នាក់ទៀត ពាក់ព័ន្ធនឹងករណីលួច និងទទួលផលចោរកម្មព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនទៀត ។
ជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាងត្រូវបានអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅអាវុធ ហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់ជាឃាតករចំនួន២នាក់ទៀត ដែលគេចខ្លួនបាត់ យកមកផ្តន្ទាទោសតាមច្បាប់ ៕
ថោង ធីម