Sunday, September 22, 2024
Homeសេដ្ឋកិច្ចជាតិក្រុម​ហ៊ុន​ទេស​ចរណ៍​ចំនួន​បី​បាន​ទទួល​ពាន​រង្វាន់​អន្តរ​ជាតិ

ក្រុម​ហ៊ុន​ទេស​ចរណ៍​ចំនួន​បី​បាន​ទទួល​ពាន​រង្វាន់​អន្តរ​ជាតិ

ភ្នំពេញ ៖ ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកចំនួនបី បានទទួលពានរង្វាន់ផ្នែកកក់និងលក់សំបុត្រយន្តហោះបានច្រើនជាងគេនៅកម្ពុជា ពីក្រុមហ៊ុនSABREដែលជាក្រុមហ៊ុនផ្តល់ចំណាត់ថ្នាក់ផ្នែកបច្ចេកវិទ្យាទេសចរណ៍លំដាប់ពិភពលោក។

លោកហូ វណ្ឌីអគ្គលេខាធិការសម្ព័ន្ឋសមាគមទេសចរណ៍ជាតិកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនWorld Express Tour &Travel ជាក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយ ក្នុងចំណោមក្រុមហ៊ុនចំនួនបីដែលបានទទួលពានរង្វាន់ខាងលើនេះបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៦ កញ្ញានេះថា ការផ្តល់រង្វាន់ពីក្រុមហ៊ុនSABRE ដែលជាក្រុមហ៊ុនផ្តល់ពានរង្វាន់លំដាប់ពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ គឺដោយសារក្រុមហ៊ុនទាំងបីនៅកម្ពុជា បានទទួលការកក់ និងលក់សំបុត្រយន្តហោះបានច្រើនជាងគេនៅកម្ពុជា។

chin1

ក្រុមហ៊ុនដែលទទួលបានពានរង្វាន់ឆ្នាំនេះ រួមមាន ក្រុមហ៊ុនWorld Express Travel &Tour, ក្រុមហ៊ុនPTM Travel &Tour Co, Ltd និងក្រុមហ៊ុនWorld PoP Tour &Travel។

លោកបន្តថា “ពានរង្វាន់នេះតែងតែផ្តល់រៀងរាល់ពីរឆ្នាំម្តង ហើយក្នុងពេលប្រគល់ពានរង្វាន់ ដែលបានធ្វើនៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន ក៏មានសិក្ខាសាលាដែលផ្តល់នូវចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ និងបទពិសោធន៍ល្អៗសំរាប់ការធ្វើអាជីវកម្មកក់និងលក់សំបុត្រយន្តហោះ ក៏ដូចជាការបង្កើតបណ្តាញទំនាក់ទំនងទីផ្សារផងដែរ”។

លោកហូ វណ្ឌីបានបន្តថា ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន៣០ប្រទេសបានចូលរួមទទួលពានរង្វាន់ ក្នុងពិធីប្រគល់ពានរង្វាន់ដែលធ្វើរៀងរាល់២ឆ្នាំម្តងនេះ ហើយការប្រគល់និងទទួលពានរង្វាន់នេះ ជាការបញ្ជាក់ពីស្នាដៃដែលសម្រេចបានរបស់ក្រុមហ៊ុននិមួយៗ ក្នុងការផ្តល់សេវាកម្មទាក់ទងនឹងការលក់សំបុត្រយន្តហោះក៏ដូចជា ផ្តល់សេវាកម្មផ្សេងៗទាក់ទងនឹងវិស័យទេសចរណ៍។

chin

លោកស សារិននាយកផ្នែកអាជីវកម្មនៃក្រុមហ៊ុន PTM Travel&Tour Co, Ltdបានថ្លែងថា ចាប់តាំងពីបង្កើតនៅឆ្នាំ១៩៩៤មក ក្រុមហ៊ុនPTMបានទទួលពានរង្វាន់នេះរាល់លើក ដោយសារក្រុមហ៊ុនទទួលបានជោគជ័យនូវការលក់សំបុត្រយន្តហោះ ហើយការទទួលបានជោគជ័យនូវការលក់សំបុត្រយន្តហោះ ដោយសារការផ្តល់ទំនុកចិត្តពីអតិថិជន ព្រោះក្រុមហ៊ុនយល់ពីតម្រូវការអតិថិជនចង់បានអ្វី ហើយក្រុមហ៊ុនតែងតែផ្តល់ព៌តមានរហ័ស និងធ្វើបច្ចុប្បន្នភាពព៌តមានទាន់ពេលវេលា។

លោកបន្តថា “ការទទួលបានពានរង្វាន់នេះ ដោយសារក្រុមហ៊ុនលក់សំបុត្រយន្តហោះបានច្រើនជាងគេ ហើយក្រុមហ៊ុនអាចផ្តល់ការកក់សំបុត្រយន្តហោះបាន គ្រប់ប្រទេសទូទាំងពិភពលោក”។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ទេសចរណ៍ជាវិស័យខ្លាំងមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយវិស័យនេះបានឈរចំណាត់ថ្នាក់ទី៣ ក្នុងចំណោមវិស័យសក្តានុពលទាំងបួន។វិស័យនេះរឹងមាំ និងមានការរីកចំរើន ដោយសារកម្ពុជាមានកេរ្ត៍តំណែលដូនតា គឺប្រាសាទអង្គរវត្ត ដែលធ្វើឲ្យកម្ពុជាអាចរកស៊ីមានបាន និងទាក់ទាញភ្ញៀវទេសចរ ណ៍បានច្រើន និងមានភាពលេចធ្លោនៅក្នុងតំបន់ និងពិភពលោក។

លោកបន្តថា “វិស័យនេះត្រូវការជំនាញទន់ ត្រូវការខួរក្បាលឆ្លាតវៃ ត្រូវការជំនាញ ត្រូវការភាសា ដែលទាមទារឲ្យមានការជំរុញជាបន្តទៀត និងត្រូវការការខិតខំប្រឹងប្រែងច្រើនថែមទៀត ដើម្បីពង្រីក និងពង្រឹងគុណភាពសេវាកម្មក្នុងវិស័យនេះបានកាន់តែល្អប្រសើរ”។លោកបន្តថា “ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនខាងលើជារឿងគួរឲ្យស្វាគមន៍ តែក្រុមហ៊ុនបែបនេះនៅកម្ពុជាមិនទាន់មានច្រើននោះទេ ទាមទារឲ្យយើងខិតខំបន្តទៀត”។

គង់ លាងហួរ

 

RELATED ARTICLES