Tuesday, April 30, 2024
Homeតារាខ្មែរឌីជេ ឡាយអិន តុលាការផ្តន្ទាទោស៤ឆ្នាំ ករណីជួញដូរថ្នាំញៀន

ឌីជេ ឡាយអិន តុលាការផ្តន្ទាទោស៤ឆ្នាំ ករណីជួញដូរថ្នាំញៀន

ភ្នំពេញ​ ៖ ​អតីតពិធីករនៅស្ថានីយទូរទស្សន៍ CTN គឺលោកឡាយអិន ត្រូវបានតុលាការសាលារាជធានីភ្នំពេញ ប្រកាសសាលក្រមដាក់ពន្ធនាគារ៤ឆ្នាំ និងពិន័យទឹកប្រាក់ប្រាក់៦លានរៀល ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន។

នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោកស្រី យិច ឈាណាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកសេង គឹមឡាក់ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការប្រកាសសាលក្រមលើក្រុមឌី​ជេឡាយ អិន ដោយផ្តន្ទាទោសជនជាប់ចោទ ១.ឈ្មោះ ហែម បូរិទ្ធ (​ឌី​ជេ​ឡាយ​អិន​) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ពិធីករ​ទូរទស្សន៍ ស្នាក់​នៅផ្ទះ​លេខ​៦៣ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន និង២. ឈ្មោះម៉ៅ ស្រី​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួលក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដាក់ពន្ធនាគារម្នាក់ៗ៤ឆ្នាំ ពិន័យ៦លានរៀល។

ចំណែកជនសង្ស័យទី៣. ឈ្មោះ អ៊ិន សា​ខន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្នាក់​ផ្ទះជួល​លេខ​៦A ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ដាក់ពន្ធនាគារ១១ឆ្នាំ ពិន័យប្រាក់២០លានរៀល និងទី៤.ឈ្មោះ​ស៊ិន សម្ភស្ស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​៤ សង្កាត់​បឹង​ស្រឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដាក់ពន្ធនាគារ១៥ឆ្នាំ ពិន័យ​២០លានរៀល សាលក្រមនេះដែលក៏បានទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។​

គួរបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ខាងលើនេះ ត្រូវជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទកាប់អាវុធដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពី​វេលា​ម៉ោង​២និង​២០ ​ចូល​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

គួរបញ្ជាក់ថា ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ សមត្ថកិច្ច​បាន​ដក​ហូត​វត្ថុ​តាង​នៅ​ក្នុង​បន្ទប់​១០៨ ម​ជ្ឍ​មណ្ឌល​កម្សាន្ត​រ៉ុ​ក រួម​មាន សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​៣៧៤.៣៩​ក្រាម, ​សារធាតុ​ញៀន​ប្រភេទ​អិុច​ស្តា​ស៊ី ចំនួន​១៥៦២​គ្រាប់ ស្មើនឹង​ទម្ងន់​៦០៩.៣៣​ក្រាម (​សរុប​ជាង​១​គីឡូក្រាម​), ​អាវុធ​ខ្លី​១​ដើម (​ឡុ​ក​) និង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​១​គ្រឿង និង​តូច​២​គ្រឿង​ផង​ដែរ ៕

RELATED ARTICLES