ស្ទើរតែក្លាយជាវប្បធម៌ទៅហើយ ដែលបក្សកាន់អំណាច និងបក្សប្រឆាំង ចោទប្រកាន់គ្នាទៅវិញទៅមកពីរឿងរំលោភ រដ្ឋធម្មនុញ្ញ។ បក្សកាន់អំណាចថា មេបក្សប្រឆាំង មិនចូលខ្លួនទៅតុលាការ គឺមិនគោរពររដ្ឋធម្មនុញ្ញ ខណៈដែលបក្សប្រឆាំង ថា បក្សកាន់អំណាច រំលោភអភ័យឯកសិទ្ធិតំណាងរាស្ត្រ ស្មើនឹងរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ហើយបក្សមានអាសនៈនៅរដ្ឋសភា ទាំង២នេះ សុទ្ធតែអះអាងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញដូចគ្នា។ តាមពិត រដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា មានតែមួយទេ ប៉ុន្តែដោយសារនិន្នាការនយោបាយ ធ្វើឱ្យមានការបកស្រាយបានពីរបីច្រក ខ្វះឯកភាព គួរតែសម្របសម្រួល “រួមគ្នាការពារ រដ្ឋធម្មនុញ្ញ” ប្រសើរជាង ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ប្រទេស ទោះជាមានការបង្កើតច្បាប់ផ្សេងៗពាក់ព័ន្ធដល់វិស័យទាំង៥ គឺនយោបាយ យោធា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏ត្រូវតែច្បាប់នោះ មានលក្ខណៈស្របតាមច្បាប់កំពូលជាដាច់ខាត។ ខ្មែរយើង មានច្បាប់ សម្រាប់ទុកជាបង្គោលប្រទេស តាមសម័យកាលនីមួយៗ ដូចនៅសម័យអង្គរ ជាពិសេសក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ច្បាប់រដ្ឋធម្មនុញ្ញ ចែកជា៤យ៉ាង គឺ១-ច្បាប់ធម្មសាស្ត្រ (ជាក្បួនច្បាប់បរិយាយពីធម៌អាថ៌ គម្ពីរដីកាផ្សេងៗទាក់ទង ដល់សាសនា) ២-ច្បាប់នីតិសាស្ត្រ (សំដៅដល់ច្បាប់លោកិយ មានច្បាប់ព្រហ្មទណ្ឌ ច្បាប់រដ្ឋប្បវេណី ជាដើម)។ ៣-ច្បាប់ អត្ថសាស្ត្រ (ជាក្រឹត្យក្រមទាក់ទងនឹងនយោបាយ មានលក្ខណៈជ្រាលជ្រៅ សម្រាប់អ្នកដឹកនាំប្រទេសយកទៅអនុវត្ត) ៤-ច្បាប់រាជធម៌ (សំដៅដល់ ក្រឹត្យវិន័យ សម្រាប់ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស មានច្បាប់ទសពិធរាជធម៌ ឃរាវាសធម៌ ជាដើម)។ លុះចូលមកដល់សម័យលង្វែក ច្បាប់រដ្ឋធម្មនុញ្ញ មានការចងក្រងកាន់តែច្បាស់លាស់ជាងមុន បើយោងតាម ការស្រាវជ្រាវរបស់លោកឡឺ ក្លែរ (LE CLERE) អ្នកប្រាជ្ញជាតិបារាំង បានសរសេរថា សម័យកណ្តាល ខ្មែរមានច្បាប់ដឹកនាំ ប្រទេសច្រើនយ៉ាង ដូចជា ច្បាប់ក្បត់សឹក, ច្បាប់ចោរកម្ម, ច្បាប់តុលាការ, ក្រមទទួលបណ្តឹងកាត់បណ្តឹង, ក្រមទសភរិយា, ក្រមបំណុល, ក្រមពហុលទេព, ក្រមអាជ្ញាហ្លួង, ក្រមព្រះធម្មសាស្ត្រា, ក្រមព្រះរាជក្រឹត្យសង្ឃការី, ក្រមមរតក, ក្រមវិវាទ ជាដើម។ ចូលមកដល់សម័យឧដុង្គ ក្នុងរជ្ជកាលព្រះបាទជយជេដ្ឋាទី៣ ឬព្រះជ័យចេស្តា ក៏មានច្បាប់រដ្ឋធម្មនុញ្ញ រហូតដល់ ២៤ក្រមឯណោះ ដូចជា ក្រមចែកពល, ក្រមសុភាធិបតី ជាដើម។ លុះឆ្លងមកដល់សម័យអាណានិគមបារាំង ច្បាប់បង្គោល នេះយកតាមបារាំង ស្ទើរទាំងអស់ ដែលយើងមិនបាច់រំលឹកទេ ព្រោះច្បាប់នោះសង្កត់ករាស្ត្រខ្មែរធ្ងន់ពេក ជាពិសេស ច្បាប់ តម្រូវឱ្យបង់ពន្ធធ្ងន់ធ្ងរ បណ្តាលឱ្យមានការបះបោរជាបន្តបន្ទាប់។
ទោះយ៉ាងណា ចូលមកដល់ឆ្នាំ១៩៤៦ បារាំង បានព្រមព្រៀងឱ្យកម្ពុជា មានស្វ័យភាព តាមរយៈការបោះឆ្នោតបង្កើត សភាជាតិ បែបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលកាលនោះ គណបក្សប្រជាធិបតេយ្យ របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស បានជាប់លំដាប់ទី១ ទទួលបាន៥០អាសនៈ ក្នុងចំណោមអាសនៈសរុប៦៧ នៃសភាជាតិ។ រដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានបង្កើត ឡើង ប្រែក្លាយប្រទេសទៅជារបប “រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ” ត្រូវបានឡាយព្រះហស្តលេខា ដោយព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ នាឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញ នោះមានភ្លេងគោរពទង់ជាតិ “បទនគររាជ” និពន្ធដោយ សម្តេចព្រះសង្ឃរាជជួន ណាត មានសេចក្តីដូចខាងក្រោម ៖
១-សូមពួកទេវតា រក្សាមហាក្សត្រយើង ឱ្យបានរុងរឿង ដោយជ័យមង្គល ស្រីសួស្តី យើងខ្ញុំព្រះអង្គ សូមជ្រកក្រោម ម្លប់ ព្រះបារមី នៃព្រះនរបតី វង្សក្សត្រាដែលសាងប្រាសាទថ្ម គ្រប់គ្រងដែនខ្មែរ បុរាណថ្កើងថ្កាន។
២-ប្រាសាទសិលា កំបាំងកណ្តាលព្រៃ គួរឱ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ ជាតិខ្មែរដូចថ្ម គង់វង្សនៅល្អ រឹងប៉ឹងជំហរ យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាង របស់កម្ពុជា មហារដ្ឋកើតមាន យូរអង្វែងហើយ។
៣-គ្រប់វត្តអារាម ឮតែសូរសព្ទធម៌ សូត្រដោយអំណរ រំព្ញកគុណពុទ្ធសាសនា ពួកយើងជាអ្នក ជឿជាក់ស្មោះស្ម័គ្រ តាមបែបដូនតា គង់តែទេវតា នឹងជួយជ្រោមជ្រែង ផ្គត់ផ្គង់ប្រយោជន៍ឱ្យ ដល់ប្រទេសខ្មែរ ជាមហានគរ។
សព្វថ្ងៃ “បទនគររាជ” នេះ ជ្រើសយកតែល្បះទី១ មកច្រៀងគោរពទង់ជាតិ ដោយមិនសូវឮច្រៀងល្បះទី២ និងទី៣ នោះទេ។
ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ដោយលោកសេនាប្រមុខ លន់ នល់ ផ្តួលរបបរាជានិយម ចាប់យករបបសាធារណរដ្ឋនិយម រដ្ឋធម្មនុញ្ញ ក៏រងរដ្ឋប្រហារដែរ។ សូម្បីតែភ្លេងគោរពទង់ជាតិ ក៏តែងថ្មីទាំងអស់ ដែលកាលនោះ លោកហង្ស ធុនហាក់ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិចិត្រសិល្បៈ (លុបពាក្យភូមិន្ទ) ត្រូវចាត់តាំងឱ្យតែងទំនុកច្រៀង បទភ្លេងថ្មី ដូចសេចក្តីថា ៖
-ជនជាតិខ្មែរល្បីពូកែមួយក្នុងលោក មានជ័យជោគកសាងប្រាសាទសិលា
អារ្យធម៌ខ្ពស់បវរជាតិសាសនា កេរដូនតាទុកលើភពផែនដី។
-ខ្មែរក្រោកឡើង ខ្មែរក្រោកឡើង ខ្មែរក្រោកឡើង តស៊ូដំឡើងសាធារណរដ្ឋ
ខ្មាំងលុកចូល ខ្មែរប្រយុទ្ធមិនតក់ស្លុត យកជ័យបំផុតជូនជាតិខេមរា
ឯករាជ្យភ្លឺថ្លា ជាមហាប្រទេសតទៅ។
ពេលរបបប៉ុល ពត ក្តាប់អំណាច រដ្ឋធម្មនុញ្ញលន់ នល់ ត្រូវបានធ្វើរដ្ឋប្រហារទៀត សូម្បីភ្លេងគោរពទង់ជាតិ ក៏តែងថ្មី ដែរ ដោយមិនស្គាល់ឈ្មោះអ្នកនិពន្ធ មានសេចក្តីថា ៖
-ឈាមក្រហមច្រាល ស្រោចស្រពក្រុងវាល កម្ពុជាមាតុភូមិ ឈាមកម្មករ កសិករដ៏ឧត្តម ឈាមយុទ្ធជន យុទ្ធនារីបដិវត្ត។
ឈាមប្រែក្លាយជាកំហឹងខ្លាំងក្លា តស៊ូមោះមុត ដប់ប្រាំពីរមេសា ក្រោមទង់បដិវត្តន៍ ភាពរំដោះអំពីភាពខ្ញុំគេ។
-ជយោ! ជយោ! ដប់ប្រាំពីរមេសា ជោគជ័យមហាអស្ចារ្យ មានន័យធំធេងលើសសម័យអង្គរ យើងរួបរួមគ្នាកសាង កម្ពុជា និងសង្គមថ្មី បវរប្រជាធិបតេយ្យ សមភាពនិងយុត្តិធម៌ តាមមាគ៌ាម្ចាស់ការ ឯករាជ្យរឹងមាំ ប្តេជ្ញាដាច់ខាត ការពារមាតុភូមិ ទឹកដីឧត្តមបដិវត្តន៍ដ៏រុងរឿងជយោ!
-ជយោ! ជយោ! កម្ពុជាថ្មី ប្រជាធិបតេយ្យ សម្បូរថ្កុំថ្កើង ប្តេជ្ញាជ្រោងគ្រវីទង់បដិវត្ត ក្រហមខ្ពស់ឡើង សាងមាតុភូមិ យើង ឱ្យចម្រើនលោតផ្លោះ មហារុងរឿង មហាអស្ចារ្យ។
បន្ទាប់ពីរបបប៉ុល ពត ដួលរលំទៅ រដ្ឋធម្មនុញ្ញប៉ុល ពត រួមទាំងភ្លេងគោរពទង់ជាតិ ក៏ដួលរលំដែរ ដោយតែងថ្មីឡើង វិញ។ ទំនុកច្រៀងថ្មីនោះ និពន្ធដោយសមមិត្តជ័យ សោភា អតីតអនុរដ្ឋមន្ត្រីក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន នៃរបប សាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយបានទទួលរង្វាន់ជាប្រាក់១៨០០ដុង (ជំនាន់នោះ ចាយប្រាក់ដុង និងចាយអង្ករ) ដែលបទនោះ ត្រូវបានរបបថ្មី យកទៅច្រៀងគោរពទង់ជាតិ មានសេចក្តីថា ៖
១-ពលរដ្ឋកម្ពុជាជាកម្លាំងប្តូរផ្តាច់ សច្ចាកម្ទេចអស់ពួកបច្ចាមិត្រ
តាំងចិត្តសាមគ្គីទើបមានមហិទ្ធិប្ញទ្ធិ ស៊ូប្តូរជីវិតបង្ហូរឈាមប្តូរយកជ័យ។
២-កងទ័ពកម្ពុជាពុះពារក្លាហានសម្រុក ឧបសគ្គរាំងមុខឆ្លងកាត់សម្រេចបាន
កម្ទេចខ្មាំងចង្រៃពូជសាមាន្យ នាំសេរីថ្កើងថ្កានជូនប្រជាជន។
៣-វីរកម្ពុជបុត្រមោះមុតក្នុងសង្គ្រាម ប្តេជ្ញាសងឈាមនឹងខ្មាំងសត្រូវ
ទង់ជ័យប្រាសាទពណ៌ឈាមខ្ពស់សន្ធៅ នាំជាតិឈានទៅសាងសុខក្សេមក្សាន្ត។
ការដកស្រង់បទភ្លេងគោរពទង់ជាតិ ដែលចែងក្នុងរដ្ឋធម្មនុញ្ញ តាមរបបនីមួយៗនេះ គឺមានតែ “បទនគររាជ” ព្រះរាជនិពន្ធដោយសម្តេចព្រះសង្ឃរាជជួន ណាត ទើបមានខ្លឹមសារសន្តិនិយម សុភាពទន់ភ្លន់ ផ្ទុយពីបទចម្រៀងរបបលន់ នល់-ប៉ុល ពត និងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបង្កប់គំនុំសងសឹក យកខ្មែរដូចគ្នាជាខ្មាំងសត្រូវ។ ឥឡូវ “បទ នគររាជ” វិលមកវិញហើយ ជាមួយនិងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ប្រហាក់ប្រហែលនឹងរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧។ ដូច្នេះ ចាំបាច់ ត្រូវតែអ្នកនយោបាយ ក៏ដូចប្រជាពលរដ្ឋគ្រប់និន្នាការ គោរពប្រតិបត្តិតាម រួមគ្នាការពារឱ្យម៉ឺងម៉ាត់ បញ្ឈប់ការធ្វើរដ្ឋប្រហារ ធម្មនុញ្ញ និងកុំទុកខ្មែរដូចគ្នាជាខ្មាំងដូចមុន។
សរុបទៅ “រួមគ្នាការពាររដ្ឋធម្មនុញ្ញ” ចាំបាច់ត្រូវតែធ្វើឱ្យព្រមៗគ្នាទើបបាន។ អ្នកនយោបាយមិនត្រូវបង្កើតរដ្ឋប្រហារ ដូចមុនទៀតទេ តែត្រូវរួមគ្នាធ្វើវិសោធនកម្មច្បាប់កំពូលនេះឱ្យមានឯកភាព ប្រសើរជាង។ ឧទាហរណ៍ មាត្រា៨០ នៃរដ្ឋ- ធម្មនុញ្ញ គួរទុកឱ្យនៅដដែល គ្រាន់តែកែចំណុចខ្លះឱ្យមានឯកភាព ចៀសវាងបកស្រាយស្រេចតែចិត្ត។ រដ្ឋធម្មនុញ្ញ ស្រុកគេ ដូចនៅអាមេរិក ជប៉ុន បារាំង ជាដើម រឹងមាំដូចសសរគ្រឹះ មិនឱ្យអ្នកនយោបាយណាធ្វើរដ្ឋប្រហារបានឡើយ ហេតុនេះគួរតែ អ្នកនយោបាយខ្មែរ រួមគ្នាការពាររដ្ឋធម្មនុញ្ញ ទើបធានាថា នឹងមានឯកភាពជាតិ ស្ថិរភាពសង្គម និងអភិវឌ្ឍន៍ជានិរន្តរ៍៕
ដោយ ៖ អាចារ្យថាំ