ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ ខណៈលក់ថ្នាំញៀនប៉ះចំបណ្តាញសមត្ថកិច្ច ក៏ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ចំណុចខ្ទមចាស់ទុកចោលមួយកន្លែង ស្ថិតក្នុងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន បុរសជាប្តីមានឈ្មោះសន មេត្តា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះដាវ ចរិយា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទាំង២នាក់ប្តីប្រពន្ធខាងលើ ស្នាក់នៅក្នុងមូលដ្ឋានខាងលើ។
លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់ថា 2នាក់ប្តីប្រពន្ធនេះ គឺជាមុខសញ្ញាចែកចាយថ្នាំញៀនដ៏សកម្ម ដែលសមត្ថកិច្ចកំពុងតាមដាននិងឈានដល់ការចាប់ខ្លួន។ ប៉ុន្តែថ្នាំញៀនរកឃើញតែ២កញ្ចប់ ខណៈនេះសមត្ថកិច្ចកំពុងតាមរកបន្ថែមទៀត។

លោកអធិការបញ្ជាក់ថា បច្ចុប្បន្នពួកគេទាំង២នាក់ កំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្ត តាមនីតិវិធី៕