ខេត្តកណ្តាល ៖ បុរសល្មោភកាមម្នាក់បានធ្វើសកម្មភាពប្រទូស្តកេរខ្មាសកូនក្រមុំគេ រួចព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួនអស់រយៈពេល៩ឆ្នាំ គិតថាបានរួចខ្លួន ទីបំផុតក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាត់ខ្លួនបាននាំយកទៅចាត់ការតាមច្បាប់។
ករណីចាប់ខ្លួនជនជាប់ចោទ ប្រទូស្តកេរខ្មាសកូនក្រមុំគេខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចសាលាឃុំទួលព្រេជ ស្ថិតក្នុងភូមិទន្លាប់ ឃុំទួលព្រេជ ស្រុកអង្គស្នួល។

ជនជាប់ចោទដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសៅ ធារ៉ា ហៅពែក អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅបច្ចុប្បន្នភូមិត្រពាំងកក់ ឃុំម្កាក់ ស្រុកអង្គស្នួល។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ម្កាក់ និងប៉ុស្តិ៍ទួលព្រេជ និងអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៦០៩ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ របស់លោកអិន វ៉ានវិបុល ចៅក្រមស៊ើបសួរនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បង្គាប់ឱ្យចាប់ខ្លួនឈ្មោះសៅ ធារ៉ា ហៅពែក ពីបទប្រទូស្តកេរខ្មាសប្រព្រឹត្តនៅភូមិលំហាច ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១១ តាមមាត្រ២៤៦ នៃក្រមព្រហ្មទណ្ឌ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅ ជនជាប់ចោទឈ្មោះសៅ ធារ៉ា ហៅពែក បានធ្វើសកម្មភាពប្រទូសកេរខ្មាសលើកូនក្រមុំអ្នកភូមិម្នាក់ លុះក្រោយពីបែកធ្លាយរឿងរ៉ាវ ជននេះក៏បានព្យាយាមរត់គេចចេញពីមូលដ្ឋានរស់នៅ ទៅសម្ងំលាក់ខ្លួនអស់រយៈពេល៩ឆ្នាំ នឹកស្មានថាបានរួចខ្លួន តែទីបំផុត សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនជាប់ចោទខាងលើបាន កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។
ក្រោយឃាត់ខ្លួនមុខសញ្ញាខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីចាត់ការបន្តតាមនីតិវិធី៕