ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវចាប់ខ្លួន បន្ទាប់ពីជននេះ រួមនឹងបក្ខពួកធ្វើសកម្មភាពធាក់ផ្តួលម៉ូតូ ប្លន់កាបូបពីស្ត្រីម្នាក់ បណ្តាលឱ្យជនរងគ្រោះ របួសធ្ងន់ រួចគេចខ្លួនបាត់។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅក្រុងតាខ្មៅ។
ប្រភពសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះ ឈ្មោះខៀវ សារី ភេទស្រី អាយុ៤៧ឆ្នាំ មានលំនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមេផ្ទះ (មានរបួសស្នាមគ្រេចឆ្អឹងត្រគាកនិងស្មា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង)។

ចំណែកជនសង្ស័យទី១. ឈ្មោះអឿន ធីតា ហៅចាវ ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំ រស់នៅ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ទី២-ឈ្មោះផាត ម៉ាញ់ ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។
សម្ភារៈបាត់បង់ កាបូបស្ពាយពណ៌ខ្មៅ១ ខ្សែក១ខ្សែ ធ្វើអំពីមាសច្រវាក់ឆាប ទម្ងន់៦ជី លុយខ្មែរ១៨ម៉ឺនរៀល លុយដុល្លារ ៤០០$ ទូរស័ព្ទ១គ្រឿងម៉ាក VIVO រួមនឹងឯកសារមួយចំនួន។

ដោយឡែកវត្ថុតាង ដកហូតបានលុយខ្មែរ១០១. ០០០រៀល (របស់ជនសង្ស័យ)។ ទូរស័ព្ទ១គ្រឿង ម៉ាកណូគា ចុចពិល ពណ៌ខៀវ (របស់ជនសង្ស័យ)។ កាបូបលុយពណ៌ខ្មៅ១ (របស់ជនសង្ស័យ)។
ប្រភពសមត្ថកិច្ចដដែលឱ្យដឹងដែរថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ុយគីឡែត តែម្នាក់ឯង ដើម្បីទៅហៅប្តីដែលកំពុងផឹកស៊ីជាមួយមិត្តភក្តិនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ក្នុងគោលបំណងបបួលប្តីជិះម៉ូតូដើរលេងសួនច្បារមាត់ទន្លេតាខ្មៅ តែពេលទៅដល់បានជួបប្តីហើយ តែប្តីមិនព្រមទៅជាមួយនៅជាប់ រវល់ផឹក ម៉្យាងទៀត យប់ជ្រៅផង ក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះតែម្នាក់ឯងវិញ។

ពេលជិះមកដល់ផ្លូវកែងក្បែររោងអ្នកតាភូមិព្រែកហូរកើត១ ស្រាប់តែឃើញជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ហើយបិទភ្លើងតាមពីក្រោយ ហើយពួកវាបានធាក់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួល រួចនាំគ្នាដណ្តើមយកកាបូបលុយរបស់ជនរងគ្រោះ ជិះគេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។ លុះមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍ព្រែកហូរ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី និងស្រាវជ្រាវតាមចាប់បក្ខពួកដែលរត់គេចខ្លួនជាបន្តទៀត…៕